​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កូនក្រមុំ​ត្រូវបាន​បាញ់​ស្លាប់​ក្នុង​ពិធីមង្គលការ​របស់​នា​ង ដោយ​គ្រាប់កាំភ្លើង​បាញ់​ខុស​បច្ចេកទេស​មួយ​បាន​ហើរ​ចំក្បាល​នាង​។​

​នាង ម៉ា​វ៉ាស ឡេ​ហ្គា​អ៊ី (Mahvash Leghaei) អាយុ ២៤ ឆ្នាំ​បាន​រៀបការ​នៅ​ទីក្រុង​ហ្វ៊ី​រូ​ហ្សា​បាដ (Firuzabad) ក្នុងប្រទេស​អ៊ីរ៉ង់ នៅពេល​ភ្ញៀវ​ម្នាក់​ដែល​គេ​ជឿ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់​កូន​​កំលោះ បាន​បាញ់កាំភ្លើង​ឡើង​លើ​ដើម្បី​អបអរ​មង្គលការ តែ​គ្រាប់កាំភ្លើង​បាន​បាញ់​ចំ​លលាដ៍ក្បាល​របស់​និស្សិត​ចិត្ត​វិទ្យា​រូបនេះ ហើយក៏​បាន​បង្ក​របួស​ភ្ញៀវ​ប្រុស​ពីរ​នាក់​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង​ដែរ​។​

​ទម្លាប់​បាញ់កាំភ្លើង​អបអរ​ក្នុង​ពិធីមង្គលការ​គឺ​រឿង​ខុសច្បាប់ ប៉ុន្តែ​នៅតែ​អនុវត្ត​ធម្មតា​នៅ​មជ្ឈិមបូព៌ា​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោក​វរសេនីយ៍ឯក មេ​ឌី ចូកា (Mehdi Jokar) បាន​និយាយថា “​យើង​មាន​ការ​ទូរស័ព្ទ​ហៅ​បន្ទាន់​អំពី​ការបាញ់ប្រហារ​នៅ​សាល​មង្គលការ​ក្នុង​ទីក្រុង​ហ្វ៊ី​រូ​ហ្សា​បាដ ហើយ​បាន​បញ្ជូន​​ប៉ូលិស​ទៅ​ភ្លាមៗ​”​។​

“​មន្ត្រី​បាន​រកឃើញថា​មាន​មនុស្ស​បាញ់កាំភ្លើង​បរបាញ់ ដែល​ជា​ផ្នែក​នៃ​ប្រពៃណី​ពនេចរ​ក្នុងស្រុក ប៉ុន្តែ​ជា​អកុសល ដោយសារ​តែ​ហ្វូងមនុស្ស​ច្រើន​និង​ការគ្រប់គ្រង​អាវុធ​មិនបាន​ល្អ​របស់​បុគ្គល​នោះ បាន​បាញ់​មនុស្ស​បីនាក់ គឺ​បុរស​ពីរ​នាក់​និង​កូនក្រមុំ​។ ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន​ចេញពី​តំបន់​នោះ ប៉ុន្តែ​ត្រូវ​ប៉ូលិស​រកឃើញ​”​។​

​យោងតាម​សេចក្តីរាយការណ៍​បឋម គ្រាប់កាំភ្លើង​ពីរ​គ្រាប់​ត្រូវបាន​បាញ់​ចេញ ដោយ​គ្រាប់​ទី​មួយ​មិន​មាន​ឧបទ្ទវហេតុ​នោះ​ទេ ប៉ុន្តែ​គ្រាប់​ទី​ពីរ​បាន​បាញ់​ចំក្បាល​កូនក្រមុំ​ធ្លាយ​ទៅ​ចំ​ភ្ញៀវ​ពីរ​នាក់​ផ្សេងទៀត​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា កូនក្រមុំ​បាន​សន្លប់​ធំ​ហើយ​ក្រោយមក​បាន​ស្លាប់ ប៉ុន្តែ​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​បាញ់​ដែរនោះ មិន​បាន​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​បន្ទាប់ពី​នាង​ស្លាប់ ក្រុមគ្រួសារ​បាន​សម្រេច​ចិត្ត​បរិច្ចាគ​សរីរាង្គ​របស់​នាង​ឱ្យទៅ​អ្នកជំងឺ​ដែល​ត្រូវការ តាម​ការចង់បាន​របស់​នាង​នៅពេល​នាង​នៅរ​ស់​៕

​នាង ម៉ា​វ៉ាស ឡេ​ហ្គា​អ៊ី ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ឥត​ភ្នែក​ហើរ​ចំក្បាល