​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រធាន​សាខាគយ និង​រដ្ឋាករ នៅតាម​បណ្តា​រាជធានី ខេត្ត មួយចំនួន ដែល​សំបូរ​រឿងអាស្រូវ​ពុករលួយ ត្រូវបាន​ផ្លាស់ប្តូរ ពោលគឺ ក្រោមរូបភាព​ប្តូរ​ពី ប្រធាន​សាខាគយ និង​រដ្ឋាករ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ តែប៉ុណ្ណោះ​។ ចំណែក​អនុប្រធាន សាខាគយ និង​រដ្ឋាករ នៅ​ខេត្ត​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះ គឺ​ពុំ​ត្រូវបាន​ឡើងជា ប្រធាន​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន មាន​ការមិនសប្បាយចិត្ត និង​បាន​រិះគន់​លើ​ការផ្លាស់ប្តូរ​នេះ ពុំមាន​តម្លាភាព​ត្រឹមត្រូវ​។​

​ប្រធាន​សាខាគយ និង​រដ្ឋាករ ដែល​ត្រូវ​ផ្លាស់ប្តូរ មានដូចជាៈ លោក សំ កុសល អតីត​ប្រធាន សាខាគយ និង​រដ្ឋាករ ខេត្តកោះកុង ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ធំ​។ លោក ទុំ ណូ អតីត​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ត្រូវ​ផ្ទេរ​ទៅ កាន់តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​។ លោក កែវ វ៉ា​ន្នី ប្រធាន​សាខា គយ និង​រដ្ឋាករ ខេត្តតាកែវ ត្រូវ​ផ្ទេរ​ទៅ​ប្រធាន​សាខា​ផែ​អន្តរជាតិ​ភ្នំពេញ​។ លោក ស៊ុន ឆាយ ប្រធាន​សាខា​ផែ​អន្តរជាតិ​ភ្នំពេញ ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តតាកែវ​។ លោក យឹ​ង សំអន អនុប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តស្វាយរៀង ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​។ លោក សំ សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ត្រូវបាន​ទៅកាន់​តំណែង ប្រធាន​សាខាគយ និង​រដ្ឋាករ ប្រចាំខេត្ត​ព្រះសីហនុ​។​

​ប្រភពពី​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បង្ហើប​ឲ្យ​ដឹងថាៈ ចំណែក​ប្រធាន​សាខាគយ និង​រដ្ឋាករ​មួយចំនួន ដែល​ដល់​អាយុ​ចូល​វត្ត​ន៍​មួយចំនួន គឺ​មិន​ព្រម​ចូល​ទេ ដោយ​រត់​ការសុំ ពន្យារកំណើត នៅ​កាន់តំណែង​ចាស់​ដដែល​។ ចំពោះ​ការផ្លាស់ប្តូរ​ប្រធាន​សាខាគយ និង​រដ្ឋាករ មួយចំនួន ខាងលើនេះ គឺ​ប្តូរ​តែ​ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ ពី​ខេត្ត​មួយ​ទៅកាន់ ខេត្ត​មួយ​តែប៉ុណ្ណោះ​។ ចំណែក​អនុប្រធាន​សាខា ដែល​នៅ​ខេត្ត​សា​ម៉ី គឺ​មិនបាន​ឡើង តំណែង​នោះទេ ការផ្លាស់ប្តូរ​នេះ គឺ​ធ្វើ​នេះ​គ្រាន់តែ​ល្អមើល​តែប៉ុណ្ណោះ ។

​ប្រភព​ដដែល បាន​បន្តថាៈ ប្រធាន​សាខាគយ និង​រដ្ឋាករ ដែល​ផ្លាស់ប្តូរ​ពី​ខេត្ត​មួយ ទៅកាន់ ខេត្ត​មួយ គឺ​សុទ្ធតែ​មានការ​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​។ ហើយ​ការផ្លាស់ប្តូរ​នេះ គួរតែ​ផ្តល់ ឱកាស ដល់​អនុប្រធាន​ដែល​នៅ​ខេត្ត​សា​ម៉ី ដែល​ខិតខំ​ធ្វើការ កុំ​ដើម្បី​ផលប្រយោជន៍ លាភ សក្តា​រៈ ពុំ​គិតដល់​មន្ត្រី​ថ្នាក់ក្រោមៗ ដែល​ខំធ្វើការ​នោះ​។​

​ជាមួយគ្នានេះ មន្ត្រី​សាខាគយ និង​រដ្ឋាករ មួយចំនួន បាន​សំណូមពរ​ដល់​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា គួរពិនិត្យមើល​ការផ្លាស់ប្តូរ ប្រធាន​សាខាគយ និង​រដ្ឋាករ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ឡើងវិញ​ផង​។​

​ទាក់ទង​ការផ្លាស់ប្តូរ​ប្រធាន​សាខាគយ និង​រដ្ឋាករ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានទេ​៕/V​