ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក សួន សរីរ​ដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព កម្ពុជា បាន​ហៅ​ការលើកឡើង​របស់​ទណ្ឌិត​រត់ចោលស្រុក ទាក់ទង​ទៅនឹង​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០ នេះ គឺជា​ប្រតិកម្ម​ដែល​ចេញ អំពី​គំនិត​និយម​របស់​ទណ្ឌិត រូបនោះ ដែល​មិន​ឆ្លុះបញ្ចាំង អំពី​អ្វី​ដែលជា​តម្រូវកា​រ​ពិតប្រាកដ នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ ជាពិសេស គឺ​តម្រូវការ​ផ្នែក​ច្បាប់ ដើម្បី​ពង្រឹង​នូវ​នីតិរដ្ឋ និង​អនុវត្តន​នៅ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា ឲ្យ​បាន​ពេញលេញ ទណ្ឌិត​រូបនេះ អត់​ដែល​ទទួលស្គាល់​ទេ ហើយ​មិនបាន​ឆ្លុះបញ្ចាំង អំពី​ចក្ខុវិស័យ និង​ទស្សន​ច្បាប់​ពិតប្រាកដ ដែល​កម្ពុជា គឺជា​ប្រទេស​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​នោះទេ ហើយ​សំដី​របស់​ទណ្ឌិត​រូបនេះ យកជាការ​អត់​បានទេ គឺ​មិន​ស្មើនឹង​ក្មេង​បៀម​ដៃ​ផង​។​

​លោក សួន សរីរ​ដ្ឋា បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​ថាៈ មេដឹកនាំ​នយោបាយ ដែលជា​ទណ្ឌិត​រត់ចោល​ស្រុក​រូបនេះ គឺ​មិនដែល​មើលឃើញ​អ្វី​ជា​ចំណុច​ល្អ ចំណុច​ប្រសើរ និង​បែបបទ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅក្នុង​ប្រទេស​កម្ពុជា​ទេ នៅក្នុង​ពេលដែល​គាត់​ខ្លួនឯង គឺ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ដោះស្រាយ​រក​ច្រក ដើម្បី​ចូលមក ប្រឡូក​ក្នុង​សង្វៀន​នយោបាយ នៅ​ប្រទេស​កម្ពុជា មិនបាន​ដោយ​ខ្លួនឯង​។ ដោយសារតែ នយោបាយ​បិទផ្លូវ​ខ្លួនឯង ដោយសារតែ​នយោបាយ ដែល​មិន​គោរព​ច្បាប់​ខ្លួនឯង គឺ​ខ្លួនឯង ក្លាយទៅជា​មេដឹកនាំ នយោបាយ​រត់ចោលស្រុក ហើយ​ជា​ទណ្ឌិត​ដែលមាន​ទោស ដែលមាន​សាលក្រម​កាត់ទោស ជា​ស្ថាពរ​ផងដែរ ។

​លោក​បាន​បន្តថាៈ ចំពោះ​ទណ្ឌិត​រូបនេះ លើកឡើង និង​ប្រតិកម្ម​ទាំងឡាយ ដែល​ទាក់ទង ទៅនឹង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០ នេះ ចាត់ទុកថា ជា​ប្រតិកម្ម​ដែល​ចេញ អំពី​គំនិត​និយម​របស់​ទណ្ឌិត​រូបនោះ ដែល​មិន​ឆ្លុះបញ្ចាំង​អំពី​អ្វី ដែលជា​តម្រូវ​ការពិត​ប្រាកដ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​ទេ​។ ជាពិសេស គឺ​តម្រូវការ​ផ្នែក​ច្បាប់ ដើម្បី​ពង្រឹង​នូវ​នីតិរដ្ឋ និង​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា ឲ្យ​បាន​ពេញលេញ ទណ្ឌិត​រូបនេះ អត់​ដែល​ទទួលស្គាល់​ទេ​។ ប៉ុន្តែ​បើសិនជា វិសោធនកម្ម​ណាមួយ ដែល​ខ្លួន​ជា​អ្នកចូលរួម ជា​អ្នក​ផ្តួចផ្តើម ចង់បាន ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន ដើម្បី​ការពារ​នៅ​អ្វី​ដែលជា​អំណាច របស់​ពួកគាត់​នោះ គឺថា​គាត់​ចូលរួម ហើយ​គាត់​លើកសរសើរ​។ ឧទាហរណ៍​ទាក់ទង ទៅនឹង​វិសោធនកម្ម​ច្បាប់បោះឆ្នោត និង​ការរៀបចំ​សមាសភាព គ​.​ជ​.​ប​. ថ្មី ពេលដែល​គាត់ នៅក្នុង​សភា គាត់​ស្រែកថា វិសោធនកម្ម​ច្បាប់​នេះ ល្អ​ណាស់ ហើយ គ​.​ជ​.​ប​. ដែល​រៀបចំ លើក​នេះ គឺមាន​លក្ខណៈ​ឯករាជ្យ អ​ព្យា​ក្រឹត្យ ត្រឹមត្រូវ​ល្អ​ណាស់ ប៉ុន្តែ​នៅពេលដែល​គាត់ មាន​បញ្ហា​ប្រឈមមុខ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ របស់គាត់ ត្រូវបាន​រំលាយ ហើយ​គាត់ ក្លាយទៅជា​ទណ្ឌិត ក្លាយទៅជា​មេដឹកនាំ​នយោបាយ​រត់ចោលស្រុក ស្រាប់តែ​ក្រឡាស់ មកវិញ​ថា គ​.​ជ​.​ប​. គឺ​មិនមាន​ភាព​ទុកចិត្ត​បានទេ គ្មាន​អ​ព្យា​ក្រឹត្យ ឯករាជ្យ​ទេ ច្បាប់បោះឆ្នោត នៅ​កម្ពុជា មិនអាច​ទទួលយកបាន ហើយ​សំដី​របស់​ទណ្ឌិត​រូបនេះ យកជាការ​អត់​បានទេ គឺ​មិន​ស្មើនឹង​ក្មេង​បៀម​ដៃ​ផង​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា បាន​សង្កត់ធ្ងន់ថាៈ “​ទាក់ទង​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​ទណ្ឌិត​រូបនេះ ប្រតិកម្ម​លើកឡើងថា ដើម្បី​គ្រាន់តែ​ជា ការត្រួសត្រាយ​ផ្លូវ ឲ្យ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី ហើយ​វា​គឺជា​ការកាត់បន្ថយ​អំណាច​របស់​រដ្ឋសភា​ក្តី​នោះ វា​គ្រាន់តែ​ជាការ​ចង្អុលបង្ហាញ ទស្សនៈ អារម្មណ៍​ផ្ទាល់ខ្លួន​របស់គាត់ ប៉ុន្តែ​មិនបាន​ឆ្លុះបញ្ចាំង អំពី​ចក្ខុវិស័យ និង​ទស្សនៈ ច្បាប់​ពិតប្រាកដ ដែល​កម្ពុជា​គឺជា​ប្រទេស រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នោះទេ​។ ប្រទេស​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ គឺ​អ្វីៗ​ទាំងអស់ វា​ស្ថិតនៅលើ​ច្បាប់រដ្ឋធម្មនុញ្ញ​និយម សភានិយម យើង​ឃើញ​ហើយ គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នេះ គឺ​មកពី​អង់គ្លេស ហើយ​យើង​គឺ ជា​ព្រះរាជាណាចក្រ​មួយ ដែល​យក​លំនាំ​នេះ ចាប់ពី​ក្រោយ ឆ្នាំ​១៩៩៣ មក គឺ​យើង​មិនមែនជា​អ្នក​ផ្តួចផ្តើម នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​ទេ គឺ​យើង​យក​មកពី​អង់គ្លេស យក​ពី​បណ្តា​ប្រទេស ផ្សេងៗ​ទៀត ដែល​ចម្លង​មកពី​អង់គ្លេស​ដែរ ។ ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​ខ្វះខាត អ្វី​ដែលជា​ចន្លោះ ប្រហោង នៃ​ច្បាប់កំពូល​របស់​យើង គឺ​ក្រុមអ្នកច្បាប់​រាជរដ្ឋាភិបាល អ្នកដឹកនាំ​ប្រទេស​កម្ពុជា របស់​យើង ព្យាយាម​បំពេញបន្ថែម ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​យើង តឹង​ណែន មាន​លក្ខណៈ​ជា​ច្បាប់កំពូល​មួយ ដែល​គ្មាន​ចន្លោះប្រហោង​”​។​

​លោក សួន សេរី​រដ្ឋា បាន​អះអាងថាៈ “​ច្បាប់​នេះ មិនមែន​ធ្វើ​សម្រាប់​សំដៅ ទៅលើ​ការគាំទ្រ បុគ្គល​ណា​ម្នាក់ ឬ​ទៅ​កាត់បន្ថយ​អំណាចសភា​ទេ អ្វីដែល​គាត់​និយាយ វា​គ្រាន់តែ​ជា​សំបក ខាងក្រៅ​មួយ ដែល​មិនបាន​ឆ្លុះបញ្ចាំង អំពី​សាច់​ធាតុពិត នៅ​ខាងក្នុង​ទេ មានន័យថា ខាងក្នុង​គេ​ខិតខំ​ប្រឹងប្រែង កែលម្អ​បំពេញបន្ថែម ធ្វើយ៉ាងណា​ឲ្យ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុ​ជា​យើង ក្លាយទៅជា​រដ្ឋធម្មនុញ្ញ ដែល​ពេញលេញ មាន​លក្ខណៈ​ជា​ច្បាប់កំពូល ដែល​គ្មាន​ចន្លោះ ប្រហោង ពីព្រោះ​យើង​ឃើញ​ហើយ ដូចជា​ការបកស្រាយរ​បស់​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​បាន​បកស្រាយ​ច្បាស់លាស់ ពេញលេញ និង​បាន​អត្ថាធិប្បាយ យ៉ាង​ក្បោះក្បាយ​បំផុត រួម​ជាមួយនឹង​ការឆ្លើយតប​ជាមួយ​បណ្តាញ​អ្នកសារព័ត៌មាន ដែល​បានលើកឡើង​ជា​សំណួរ គឺ​បាន​បកស្រាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ គឺ​ឥតខ្ចោះ​។ ប៉ុន្តែ​ការបកស្រាយ ការលើកឡើង​របស់​ពួក​មេដឹកនាំ​នយោបាយ រត់ចោលស្រុក ដែលជា​ទណ្ឌិត​នេះ ពួកគេ​ព្យាយាម​ពង្វៀង​ការពិត ធ្វើយ៉ាងណា គេ​គ្រាន់តែ​ឆក់យក​ឱកាស យក​ព្រឹត្តិការណ៍ នៃ​ការធ្វើ​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ​នេះ ដើម្បី​ជា​ឱកាស​មួយ​វ៉ៃ​ប្រហារ មកលើ​រាជរដ្ឋាភិបាល រដ្ឋសភា និង​វ៉ៃ​ប្រហារ មកលើ​ក្រុម​អ្នកដឹកនាំ​របស់​កម្ពុជា​យើង​តែ ប៉ុណ្ណោះ ពីព្រោះ​ពួកគេ ធ្វើ​នយោបាយ ក្នុង​ទម្រង់​មួយ ឆក់​ឱកាស​ដើម្បី​វ៉ៃ​ប្រហារ ដើម្បី​ប​ញ្ជេះ​កំហឹង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ស្អប់​រាជរដ្ឋាភិបាល​”​។​

​លោក​បាន​បន្តថាៈ អ្វីៗ​ដែល​មេដឹកនាំ​នយោបាយ រត់ចោលស្រុក លើកឡើង វា​គ្រាន់តែ​ជា ការឆ្លុះបញ្ចាំង នៅ​គំនិត​បុគ្គល​របស់គេ តែម្នាក់ឯង ដើម្បី​ការពារ​ក្រុម​នុស្ស​មួយចំនួន ដែល​នៅ​ជុំវិញខ្លួន​របស់គេ កុំ​ឲ្យ​បែកបាក់​ចេញពី​ខ្លួនគេ​តទៅទៀត ពីព្រោះ​បែកបាក់​ច្រើន ហើយ នឹង​ព្យាយាម​ទប់ស្កាត់​ការពារ ប៉ុន្មាន​ដំបរ​ស្វា​នោះ កុំ​ឲ្យ​ទៅណា​ចោល​ខ្លួន​ទៀត ខ្លាច​វា​ឯកោ​ទាំង​ជីវ​វិត​នយោបាយ ឯកោ​ជីវិត​រស់នៅ​រាល់ថ្ងៃ​។ ដូច្នេះហើយ ចេះតែ​ព្យាយាម លើកឡើង​ប្រតិកម្ម យក​ហេតុផល​ព្រឹត្តិការណ៍ និង​យកមក​ទាញ​ធ្វើជា​ព្រឹត្តិការណ៍​មួយ ហើយ​ខ្លួនឯង​ចេញ​ប្រតិកម្ម​ទៅ ដើម្បី​ឲ្យ​វា​បាន​សម្លេង តាមរយៈ​សារព័ត៌មាន វិទ្យុ ដែល​គាំទ្រ​ពួកគេ តែប៉ុណ្ណោះ​៕/V​