ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីក្រុមអធិការការងារ នឹងចុះត្រួតពិនិត្យទិន្នន័យ ចាក់វ៉ាក់សាំងរបស់កម្មករ និយោជិត បច្ចុប្បន្នភាពព័ត៌មាន រោងចក្រ សហគ្រាស និងចំនួនកម្មករ និយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រ សហគ្រាស។
ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការងារ បានជំរុញឱ្យ ដល់ថ្នាក់គ្រងគ្រង រោងចក្រ សហគ្រាស សហការជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត និង ណែនាំបងប្អូនកម្មករ និយោជិត ឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងត្រូវបំពេញព័ត៌មាន នៃការចាក់វ៉ាក់សាំង ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម ពាក់ព័ន្ធវិស័យការងារ តាមរយៈគេហទំព័រ https://acms.mlvt.gov.kh។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មាន រោងចក្រ សហគ្រាស ចំនួនកម្មករ និយោជិត តាមរយៈគេហទំព័រ ខាងលើ និងរៀបចំបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រ សហគ្រាស ឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចសាកសួរព័ត៌មានក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/Fmployer hat ។
ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមថាៈ អធិការការងារ នឹងចុះត្រួតពិនិត្យទិន្នន័យ ចាក់វ៉ាក់សាំង របស់កម្មករ និយោជិត បច្ចុប្បន្នភាពព័ត៌មាន រោងចក្រ សហគ្រាស និងចំនួន កម្មករ និយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រ សហគ្រាស។ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាស មិនបានអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ត្រូវចាត់ទុកថា ល្មើសនឹងមាត្រា ៣៨២ នៃច្បាប់ស្ដីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ ពីអធិការការងារ៕/V