ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ផុយផាយ​

​គុណសព្ទ​

​ដែល​កញ្ជះកញ្ជាយ​, ចាយវាយ​ឥត​សណ្តាប់​; សើវ៉ើ​
​ស្រី​ផុយផាយ​; ភរិយា​ផុយផាយ ។ ( ព​. កា​. ) : អ្នកបួស​ឥត​ក្រឹត្យ ចាស់​ឥត​ប្រព្រឹត្ត​ខ្សត់​ច្រើន​ប្រមាទ ភរិយា​ផុយផាយ ចាយវាយ​ឥត​ខ្នាត ពល​ពាល​សុទ្ធសាធ ប្រដៅ​ក្រ​បាន ។ ( សាស្ត្រា​ច្បាប់ រាជនេតិ ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​

​ផ្ដូត​

(​ជើង ដ​)

​នាមសព្ទ​

​ឈ្មោះ​រោគ​មួយ​ប្រភេទ​កើត​នៅ​ស្បែក​មនុស្ស ដុះ​ដោរ​ឡើងជា​សាច់​ទន់​សម្បុរ​ជាំ មាន​ទំហំ​ប្រមាណ​ប៉ុន​គ្រាប់សណ្ដែក​បាយ​ឬ​ប៉ុន​គ្រាប់ពោត​ឬក៏​ធំ​ទ្រើស​ជាង​នោះ​ទៅទៀត ។​

ពង​

​កិរិយាសព្ទ​

( ជា​នាមកិរិយា ) ដោរ​ពង់​ឡើង​, ប៉ោង​ស្តុល​ឡើង ដោយ​ចំហាយ​ក្ដៅ​, ដោយ​រលាកភ្លើង ឬ​ដោយ​ត្រដុស​, ទង្គិច​, ប៉ះ​, ជល់​
​ដើរកាត់​វាល​ខ្សាច់​ក្ដៅ​ពង​ជើង​អស់​, រលាកភ្លើង​ពង​ស្បែក​ស្ដុល ។​
​បង្កើត​ពង​, បញ្ចេញ​ស៊ុត​មេមាន់​មួយ​ពង​បាន ៨ មេ​មួយទៀត​ពង​បាន ១០ ។​

​នាមសព្ទ​

​ស្បែក​ឬ​សាច់​ដែល​ដោរ​ពង់​ឡើង​, ដែល​ប៉ោង​ស្ដុល​ឡើង​ដោយ​ចំហាយ​ក្ដៅ​, ដោយ​រលាកភ្លើង​ឬ​ដោយ​ត្រដុស​, ទង្គិច​, ប៉ះ​, ជល់ ។ អណ្ឌៈ​របស់​សត្វ​ចំពួក​ខ្លះ គឺ​ដុំ​ដែល​កើតចេញ​ចាក​ពោះ​សត្វ​ញី​ពួក​ខ្លះ ជា​ដុំ​មាន​សំបក​ស្រោម​ពី​ខាងក្រៅ​ដែល​កើតជា​កំណើត​ម្តង​សិន ហើយ​ទើប​ញាស់​ចេញ​ជា​កូន​
​ពងរុយ​, ពង​ចៃ​, ពងបង្កួយ​, ពងមាន់​, ពងអណ្តើក​, ពងទន្សង​, ពងក្រពើ​…( ព​. សា​.; ព​. រ​. ហៅ ស៊ុត​; ព​. ខ្ព​. ហៅ អណ្ឌៈ ) ។​
​ចំណែក​អង្គជាត​ពីរ​ដុំ​របស់​មនុស្ស​ប្រុស​ឬ​សត្វ​តិរច្ឆាន​ឈ្មោល​ចំពួក​ខ្លះ ស្ថិតនៅត្រង់​ខាងក្រោម​ស្វាស បើ​មាន​តែមួយ​ដុំ ហៅ ពងត្មោល ( ព​. សា​.; ព​. រ​. ហៅ ពងល្វា ឬ ពងស្វាស​; ព​. ខ្ព​. ហៅ អណ្ឌៈ ) ។ ពងក្ដ ន​. ( ព​. អា​. ) ពងល្វា​, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះ​ច្រឡោះបោះ ជា​អសប្បុរិស​វាចា​ថា​បញ្ជោះ​ឲ្យ​គ្នា​ដោយ​ឈ្លានពាន​ប្រមាថមើលងាយ​( ជា​សម្ដី​ពុំគួរ​ប្រើ ) ។​

​ពន់​

​គុណសព្ទ​

(​ស​. ពន អ​. ថ​. ផុន ប្រើ​ជា កិ​. ” រួច​, របូត​; កើន​, ហួស ” ) ហួស​, ក្រៃ​, លើសលន់​; ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រមាណ​, ពេក ថា​
​ពន់ប្រមាណ គឺ​ហួសប្រមាណ​; ពន់ពេក ឬ ពេកពន់ គឺ​ហួសពេក​, ពេក​ណាស់ (​ច្រើន​ប្រើតែ​ក្នុង​កាព្យ​) : មាន​ទឹកជំនន់ ខ្លាំង​ក្រៃ​ពេកពន់ ធំ​ពន់ប្រមាណ ជន់​សាយ​លិច​វាល លិច​ទាំង​ភូមិឋាន អ្នកភូមិ​សឹង​បាន ក្ដី​ព្រួយ​គ្រប់គ្នា ។​

​ពាក់​

​កិរិយាសព្ទ​

​ដាក់​ព្យួរ​ឬ​ដាក់​ថ្ពក់​បន្ដោក​
​ពាក់​ឆត្រ​នឹង​ដៃកែវ ។​
​លើក​ស៊ក​ប្រហក​រាងកាយ ឬ​ប្រដាប់​តាក់តែង​រាងកាយ​
​ពាក់អាវ​, ពាក់កង​, ពាក់ចិញ្ចៀន​, ពាក់ទុំហូ​, ពាក់មួក​, ពាក់​ស្រោមជើង​, ពាក់​ស្បែកជើង ( រ​. ស​. ទ្រង់ ) ។​
​ឡើង​ពាន​លើ​គ្នា​
​គោ​ពាក់​គ្នា ( ព​. ព​. ) ។​
​ពាក់ខ្សែទាម ថ្ពក់​ក្រវិល​ខ្សែទាម​នឹង​ញួ​ញ​នឹម​ឬ​នឹង​គល់​កាំ​នឹម ។ ពាក់ចែវ ស៊ក​ក្បាល​ចែវ​ក្នុង​រង្វង់​ចែវ​ហើយ​លើក​ចែវ​មួល​ត្រឡប់​ឲ្យ​ណែន​មាំ​ដើម្បី​នឹង​ចែវ​ទូក ។ ពាក់​ចំបាប់ ចាប់​កៀក​ចំបាប់​គ្នា ។ ពាក់ព័ន្ធ ព័ន្ធ​ពាក់​លើ​គ្នា ។ ពាក់​មង រាយ​មង​ដាក់​ឲ្យ​ជាប់​ត្រី​។ ពាក់អាមឹង ពោល​ពាក្យ​ឈ្លានពាន ដោយ​ប្រមាថមើលងាយ​ដល់​ហៅ អា ហៅ មឹង ដូចជា​និយាយថា នែ​អានេះ​, អាអ្ហែង​ដឹកគោ​ហ្នឹង​ទៅ​ឯណា ? គោ​ហ្នឹង​មឹង​លួច​គេ​ទេ​អ្ហ៊ៃ ? មឹង​ប្រយ័ត្ន​ណា៎​
! ប្រយ័ត្ន​ជាប់គុក​វ៉ី ! (​ព​. សា​. ) ។​