ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឫក្ស
នាមសព្ទ
( សំ. ; បា. ឥក្ក “នក្សត្រ; ខ្លាឃ្មុំ; ស្វាអង្គទ” ) ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដី ដែលកំណត់តាមហោរាសាស្ត្រ
ហោរសង្កេតរកឫក្ស, ថ្ងៃមានឫក្ស ( សរសេរជា ឫក្ស ដូច្នេះឯង ប៉ុន្តែមានសំនៀងឲ្យថាជា ២ ប្រភេទ : អ្នកខ្លះថា រឹក អ្នកខ្លះថា រើក, ដែលថា រើក ជាសំនៀងឃ្លាតក្លាយតាមទម្លាប់និយាយ, ដូចគ្នានឹងពាក្យ កណ្ដុរ, ឆ្នាំកុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ នេះសរសេរយ៉ាងនេះឯង ប៉ុន្តែអ្នកខ្លះនិយាយក្លាយសំនៀងថា កណ្ដោរ, ឆ្នាំកោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ ដូច្នេះទៅវិញ; សៀមក៏សរសេរ ឫក្ស ប៉ុន្តែនិយាយក្លាយសំនៀងថា រើក ដែរ អ. ថ. រ៉ឺក ។ ម. ព. នក្ខត្តឫក្ស ផង ) ។
ដំបារ
នាមសព្ទ
ផ្ទាំង, ផ្ទៃ
ដំបារមាស គឺផ្ទាំងមាស ; ដំបារពោះ គឺផ្ទៃពោះ ។
គុណសព្ទ
មាំក្រាស់ទង្គះ, ដែលនាគាងចេញ
រាងដំបារ, ខ្នងដំបារ ។
ទឹប
កិរិយាសព្ទ
បិទសន្លឹកដំបារមាសស្ដើងៗ ភ្ជាប់នឹងអ្វីមួយ
ទឹបព្រះពុទ្ធរូប, ទឹបសាស្ត្រា ។ ទឹបមាស គឺយកមាសសន្លឹកដាក់ផ្ដិតភ្ជាប់នឹងវត្ថុនោះៗ ។ ល ។
លៀម
កិរិយាសព្ទ
(ស. ល្យើ់ម អ. ថ. លៀម) ចងកណ្ដាប់មាត់ពែង, ប៉ាន់ជាដើម ដោយចម្រៀកដំបារលោហជាតិឬប្រាក់, មាស
លៀមពែង, លៀមប៉ាន់; ពែងលៀមប្រាក់ ។
នាមសព្ទ
ឈ្មោះខ្វែវមួយប្រភេទ ផ្លែរាងខុបខាងចុងដងវែងក៏បានខ្លីក៏បាន សម្រាប់ប្រើការកាប់ឆ្ការ ។ ឈ្មោះលំនាំក្បាច់ល្ខោនមួយប្រភេទ ។
លេញ
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទរូបតូចសម្បុរ-ស រាងដំបារ ជាពួកត្រីរៀល
ត្រីលេញ ។