ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ពាធជន្ម
(ពាតជន់)
កិរិយាសព្ទ
( សំ. ពាធ ” បៀតបៀន, សង្កត់, គ្របសង្កត់; ប្រហារ, សម្លាប់ ” + ជន្ម ឬ ជន្មន៑ ” កំណើត ” , ឬ ជន្មិន៑ ” ដែលមានជីវិត ” )បៀតបៀនដល់ជីវិតឬផ្ដាច់ជីវិតគេ; ច្រើននិយាយថា ប្រមាថពាធជន្ម គឺប្រមាថមើលងាយគេហ៊ានដល់ផ្ដាច់ជីវិត ឬផ្តាច់ជីវិតគេដោយប្រមាថ ។ ប្រើជា ន. ឬ គុ. ក៏មាន
អំពើប្រមាថពាធជន្ម; ទោសប្រមាថពាធជន្ម ។
ពេក
និបាតសព្ទ
ក្រៃ, ក្រៃលែង, លើសលន់, ហួសប្រមាណ
ល្អពេក, ប្រពៃពេក, ច្រើនពេក, ហួសពេក, ខ្លាំងពេក, កាចពេក ។ ល ។
ពោះ
នាមសព្ទ
ប៉ែករាងកាយដែលមានក្រពះ ពោះវៀននៅខាងក្នុង
ឈឺពោះ, ហើមពោះ, ចុកពោះ, សៀតពោះ, ចម្អែតពោះ ។
ពោះគោពោះក្របី (ព. ប្រ. ) និយាយពីមនុស្សល្មោភស៊ី ដែលបរិភោគអាហារញឹកញយពេក បន្តិចស៊ីនេះបន្តិចស៊ីនោះ ខុសពេលខុសទម្លាប់ ឬមនុស្សដែលបរិភោគអាហារច្រើនហួសប្រមាណ ( ព. ទ្រ. ម. ) ។ ពោះគោ, ពោះជ្រូក ពោះវៀនឬក្រពះគោឬជ្រូក
បបរពោះគោ, បបរពោះជ្រូក ។
មានពោះពុង, ពពោះ, មានផ្ទៃពោះ មានគ័ត៌ ។ ដុះពោះ ដែលមានសាច់ពោះក្រាស់ឡើងខ្ពស់ទទុង ។ ប៉ែកផ្ទៃពីខាងក្នុងឬពីខាងក្រោមទល់គ្នានឹងខ្នង, បណ្ដូល
ពោះឫស្សី, ពោះធាងត្នោត; ពោះត្រឡាច ។ ល ។ ( ម. ព. ផ្ទៃ ផង ) ។
ព្រាន
នាមសព្ទ
ប្រមាញ់, នេសាទ
ព្រានម្រឹគ, ព្រានបក្សី ឬ ព្រានសត្វស្លាប ។
ព្រានព្រៃ ពនេចរ ។ ព្រានសន្ទូច ឬ នេសាទសន្ទូចអ្នកចងសន្ទូចឬអ្នកស្ទូចត្រី ។ ព្រានសំណាញ់ឬនេសាទសំណាញ់ អ្នកបង់សំណាញ់ ។
ព្រឹទ្ធិកម្ម
(ព្រឹត-ធិក័ម)
នាមសព្ទ
( សំ. វ្ឫទ្ធិ + កម៌ន; បា. វុឌ្ឍិ ឬ វុទ្ធិ + កម្ម ) ការយកចំណេញច្រើនហួសពេក ( ស៊ីចំណេញច្រើនពេក ) ឬយកការប្រាប់ធ្ងន់ហួសប្រមាណ
ព្រឹទ្ធិកម្មរបស់គហបតី ឬ គហបតានី ។