ដោយៈមុនីរ័ត្ន/ព្រះវិហារ​៖ ក្រុមហ៊ុនអង្គរ​ប្លាយ​វ៉ូដ សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​របានរៀបចំ​វេទិកាសាធារណៈស្តីពី​ការផ្សព្វផ្សាយ​អំពី​សក្តានុពល និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់ (Eucalyptus) នៅលើ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ និង​ក្រុមហ៊ុន ភី​.​អិន​.​ធី ខូ អិ​ល​ធី​ឌី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។​

វេទិកាសាធារណៈ​ផ្សព្វផ្សាយ​ពី​សក្តានុពល​និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់​(រូបថតក្រុមការងារ)

​វេទិកា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅក្នុង​បរិវេណ «​វត្ត​បង្ក​ន​» ស្ថិតក្នុង​ភូមិ​បង្ក​ន ឃុំ​រៀបរយ ស្រុក​រវៀងកាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក ពឹង ទី្រ​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាងឱ្យ​រដ្ឋបាលខេត្ត​ព្រះវិហារ និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, លោក​អភិបាលរង​ស្រុក​វៀង​, លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​, លោក លោកស្រី ប្រធាន​ក្រុមប្រឹក្សា និង​មេឃុំ​រៀបរយ​, លោកនាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​រៀបរយ និង​សហការី​អមដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​មកពី​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​បង្ក​ន និង​ភូមិ​ស សរុប​ចំនួន​៨៦​នាក់​។​

មន្រ្តីក្រុមការងារបានឱ្យដឹងថា ​ជម្រាបជូន​ថ្នាក់ដឹកនាំ​និង​ថ្លែង​ទៅកាន់​អ្នកចូលរួម លោកស្រី​ក្រុមប្រឹក្សាឃុំ​រៀបរយបានបញ្ជាក់​អំពី​គោលបំណង​នៃ​អង្គ​វេទិកាសាធារណៈ​នាឱកាស​នេះ គឺ​ក្រុមហ៊ុន ធី ង៉ា និង​ក្រុមហ៊ុន ភី​.​អី​ន​.​ធី នឹង​ចាប់ផ្តើម​ចុះ​អនុវត្ត​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់ (Eucalyptus) នៅលើ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងពីរ​និង​ស្នើសុំ​ឱ្យមាន​ការចូលរួម​សហការ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋដើម្បីឱ្យ​ដំណើការ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

​លោក ពឹង ទី្រ​ដា បាន​ថ្លែងក្នុងពិធីនេះថា ក្រុមហ៊ុន ធី ង៉ា ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកភាព​យល់ព្រម​ជាគោលការណ៍​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​ចំនួន ៦,០៦០​ហិកតា និង​ក្រុមហ៊ុន ភី​.​អិន​.​ធី ត្រូវបាន​ទីស្ដីការគណៈរដ្ឋមន្ត្រី ឯកភាព​យល់ព្រម​ជាគោលការណ៍​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​ចំនួន ៧,៩០០​ហិកតា សម្រាប់​វិនិយោគ​អភិវឌ្ឍន៍​ដាំ​ដុះ​ដំណាំ​កៅស៊ូ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។លោកបន្តថា ជា​លទ្ធផលក្រុមហ៊ុន ធី ង៉ា អនុវត្ត​ការដាំដុះ​ដំណាំ​កៅស៊ូ​បាន​ចំនួន ១០០​ហិកតា​, អាកាស្យា​បាន​ចំនួន ២៥០​ហិកតា​, ស្វាយចន្ទី​បាន​ចំនួន ៩០​ហិកតា (​ប៉ុន្តែ ត្រូវ​ងាប់​អស់​ទៅវិញ​) និង​ប្រេងខ្យល់​បាន​ចំនួន ៤០០​ហិកតា​។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ផ្ទៃដី​មិនមាន​លក្ខណៈ​អំណោយផល​ជាមួយនិង​ការដាំដុះ​ដំណាំ​កៅស៊ូ​, ក្រុមហ៊ុន​ទាំងពីរក៏បាន​សិក្សា​លម្អិត​បន្ថែមទៀត​ពី​អ្នកជំនាញ​បច្ចេកទេស រួមទាំង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ពិនិត្យឃើញថា​ផ្ទៃដី​នៅក្នុង​តំបន់​ខាងលើនេះ គឺ​ពិតជា​មិនមាន​លក្ខណៈ​អំណោយផល​សម្រាប់​ដំណាំ​កៅស៊ូ​ឡើយ ហើយ​ក្រុមការងារ​បានផ្តល់​អនុ​សាសន៍​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ ពិចារណា​លើ​ការដាំដុះ​ប្រភេទ​ដំណាំ​ផ្សេងៗ​ជំនួស​វិញ នៅលើ​ផ្ទៃដី​ដែល​នៅ​សល់ និង​មិន​កប​នឹង​ដំណាំ​កៅស៊ូ ហើយក៏​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកភាព​សម្រេច​ជាគោលការណ៍​លើ​ការស្នើសុំ​កែសម្រួល​ផែនការមេ​ជា​បន្តបន្ទាប់​នា​រយៈពេល​កន្លងមក​ផងដែរ​។​

​លោក ជា ពៅ ប្រធាន​ក្រុមហ៊ុន អង្គរ ប្លាយ​វ៉ូដ បានបញ្ជាក់ថា «​ក្រុមហ៊ុន​របស់លោក គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​ច្បាស់លាស់​ក្នុង​ឧស្សាហកម្ម​ដាំ​ដុះ និង​កែច្នៃ​ដើម​ប្រេងខ្យល់​មាន​រយៈពេល​ជាង ៣០​ឆ្នាំ​មកហើយ។ ជាពិសេស​ក្រុមហ៊ុន​មាន​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ដើម្បី​វិនិយោគ​លើ​ការងារ​នេះ​។ ដោយ​មើលឃើញថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ បានទទួល​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ជា​យូរហើយ ហើយ​នៅ​មិនទាន់មាន​ការអភិវឌ្ឍ​ការដាំដុះ​ដំណាំ​អ្វី​នៅឡើយ​ ដូច្នេះ ក្រុមហ៊ុន​របស់លោក​បាន​សម្រេច​ចាប់ដៃ​គូរ​សហប្រតិបត្តិ​ការវិនិយោគ និង​អភិវឌ្ឍន៍​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម (​ដាំ​ដើម​ប្រេងខ្យល់​) ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរដើម្បី​អនុវត្ត​បញ្ចប់​គម្រោង​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ទាំងមូល​ឱ្យស្រប​ទៅតាម​ផែនការមេ​នៃ​គម្រោង​វិនិយោគ​សម្រាប់​ការអភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម​របស់​ក្រុមហ៊ុន​នៅលើ​ផ្ទៃដី​ព្រៃ​រិច​រិល ដើម្បី​ប្រែក្លាយ​ឱ្យទៅជា​ដី​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ យ៉ាងយូរ​ក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ ប្រសិនបើ​មិនមាន​ឧបសគ្គ​អ្វី​មករា​រាំង​នោះទេ​»​។​

​លោក ជា ពៅ បាន​បន្តថា ជាក់ស្តែង បច្ចុប្បន្នក្រុមហ៊ុន​របស់លោក​បាន​នឹង​កំពុង​វិនិយោគ​អភិវឌ្ឍន៍​ដាំ​ដើម​ប្រេងខ្យល់​នេះនៅលើ​ផ្ទៃដី​ជាង ១០,០០០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ប្រកបដោយ​ជោគជ័យ​។ ដូច្នេះ ប្រសិនបើ​បងប្អូន​មាន​ចំណាប់អារម្មណ៍ ក្រុមហ៊ុន​នឹងធ្វើ​ការដឹកជញ្ជូន​ទៅ​ទស្សនកិច្ច​ផ្ទាល់​ដល់ទី​តាំង​ដាំ​ដុះ​, ទីតាំង​រោងចក្រ​កែច្នៃ​ផលិតផល និង​ទីផ្សារ​លក់​ផលិតផល​ផងដែរ ដោយ​ក្រុមហ៊ុន​ជា​អ្នកទទួលបន្ទុក​រាល់​ការចំណាយ​ទាំងអស់​។​

​លោក​បាន​បញ្ជាក់បន្ថែមថា «​ប្រសិនបើ​បងប្អូន​មាន​ផ្ទៃដី​សល់​ទំនេរ​ដែល​មិនអាច​ដាំ​ប្រភេទ​ដំណាំ​ផ្សេងៗ​បាន​បងប្អូន​អាច​សហការ​ធ្វើ​ការដាំដុះ​ដើម​ប្រេងខ្យល់​នេះ​ជាមួយ​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​នឹង​ផ្តល់នូវ​ពូជ និង​បច្ចេកទេស​ដាំ​ដុះ ហើយ​នៅពេល​ទទួលផល​ក្រុមហ៊ុន​នឹង​ចុះ​ប្រមូល​ទិញ​ដល់ទី​តាំង​ផ្ទាល់​តែម្តង​។ ដូចនេះ ដើម្បីឱ្យ​ការវិនិយោគ​គម្រោង​ខាងលើ​ទទួលបាន​លទ្ធផល​ជោគជ័យ និង​ទទួលបាន​នូវ​ផ្លែផ្កា​ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុងការ​ដាក់ទុន​វិនិយោគ​បន្តទៀត។ ខ្ញុំ​សូម​ស្នើសុំ​រដ្ឋបាលខេត្ត​ព្រះវិហា​រ ស្ថាប័ន​ពាក់ព័ន្ធ​, អាជ្ញាធរ​ដែនដី ជាពិសេស​ប្រជាពលរដ្ឋ​ផ្ទាល់ សូមមេត្តា​ជួយ​គាំទ្រ​នូវ​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​ថ្មី​របស់​ក្រុមហ៊ុន ធី ង៉ា និង​ក្រុមហ៊ុន ភី​.​អិន​.​ធី ក្នុងការ​ចាប់ដៃ​គូ​រស​ហ​ការដាំ​ដើមឈើ​ប្រេងខ្យល់​នេះ​»​។​

​ក្នុងវេទិកានេះដែរ លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង បាន​និយាយថា ក្រុមហ៊ុន ធី ង៉ា និង​ក្រុមហ៊ុន ភី​.​អិន​.​ធី ត្រូវបាន​ក្រុមការងារ​ដី​រដ្ឋ​ខេត្តព្រះវិហារ ចុះ​បោះបង្គោល​សម្គាល់​ព្រំដី​សម្បទាន​សេដ្ឋកិច្ច និង​កាត់​ឆ្វែល​ផ្ទៃដី​ពាក់ព័ន្ធ ដែល​ប្រជាពលរដ្ឋ​បាន​ចូល​ទន្ទ្រាន​កាន់កាប់​ចាប់យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​រួចរាល់​អស់ហើយ​ ហើយ​ក្រុមហ៊ុន​ទាំង​២ ក៏បាន​ចុះបញ្ជី​ដី​រួចរាល់​ផងដែរ​។ ដូច្នេះ សូម​បងប្អូន​កុំ​បន្ត​ការ​រុករាន​ថ្មីៗ​ទៀត ដែលជា​ការធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើការ​អភិវឌ្ឍ​គម្រោង​ដាំ​ដុះ​ដើម​ប្រេងខ្យល់​របស់​ក្រុមហ៊ុន​។ បើ មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​គេ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​ហើយ​។​

​រីឯលោក​អភិបាលរង​ស្រុក​រវៀងបាន​បញ្ជាក់ថា «​រដ្ឋបាល​ស្រុក​សូម​ស្វាគមន៍​ចំពោះ​គម្រោង​ដាំ​ដុះ​ដើមឈើ​ប្រេងខ្យល់ របស់​ក្រុមហ៊ុន​ដៃគូ​សហការ​នេះ ដោយសារ​ក្រុមហ៊ុន​ទាំង​២​ខាងលើ បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​យូរ​មកហើយ តែ​ក្រុមហ៊ុន​អនុវត្ត​ការដាំដុះ​មិន​ទទួលបាន​លទ្ធផល​ជោគជ័យ​ឡើយ​។ ដូច្នេះប្រសិនបើ​គម្រោង​ថ្មី​នេះ​ទទួលបាន​លទ្ធផល​ជោគជ័យ នឹង​បាន​ជួយ​ប្រែក្លាយ​ឃុំ​រៀបរយ ឱ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន​, ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ទទួលបាន​ប្រាក់ចំណូល​សមរម្យ និង​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ឱ្យមាន​ភាពល្អប្រសើរ។សូមឱ្យ​បងប្អូន​កុំ​ជឿ​សម្តី​ញុះញុង​ពី​ជន​អនាធិបតេយ្យ​មួយចំនួន​តូច ដែល​បានមក​បំផុសបំផុល​បំពុល​បរិ​កាស​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​យូរអង្វែង​របស់​ក្រុមហ៊ុន និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ចំណេះដឹង​មាន​កម្រិត​ងាយ​នឹងរង​គ្រោះ​នូវ​ទង្វើ​ប្រព្រឹត្តិ​ខុសច្បាប់​ផ្សេងៗ​តាម​ការអូសទាញ​រប​ស់ជន​អនាធិបតេយ្យ​ទាំងនេះ​»​។​

​លោក ពឹង ទ្រី​ដា បាន​គូសបញ្ជាក់ថា គោលបំណង​នៃ​វេទិកា​នេះ គឺ​ចង់​ផ្សព្វផ្សាយ និង​សូម​ឱ្យមាន​ចូលរួម​សហការ និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ចំពោះ​គម្រោង​វិនិយោគ​ការដាំដុះ​ដំណាំ​ដើមឈើ​ប្រេងខ្យល់​នេះ ស្របតាម​គោលការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហើយ​សូម​សំនូមពរ​ប្រជាពលរដ្ឋ​កុំ​បន្ត​រុករាន​ទន្ទ្រាន​កាន់កាប់​ចាប់យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ថ្មីៗ​ទៀត​។​

​លោ​កថា​ចំពោះ​ដីធ្លី​ដែល​ក្រុមការងារ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​បានសម្រេច​កាត់​ឆួល​រួចរាល់​ហើយ បងប្អូន​អាច​អាស្រ័យ​ផល​បាន​បើ​បងប្អូន​មិនមាន​លទ្ធភាព​ដាំ​ដុះ បងប្អូន​អាច​សហ​ការដាំដុះ​ដើម​ប្រេងខ្យល់​ជាមួយ​ក្រុមហ៊ុន​បាន​។ ដោយឡែក​បើ​បងប្អូន​នៅតែ​បន្ត​រុករាន​ថ្មី​ទៀត ក្រុមហ៊ុន​ក៏ដូចជា​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​រដ្ឋ​ព្រៃឈើ នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​។ ជាគោលការណ៍ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល គឺមាន​បំណង​ចង់​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​តែប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​គ្មាន​បំណង​មក​បង្ក​ជា​ជម្លោះ​ទាស់ទែង​ជាមួយ​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គ​វេទិកាសាធារណៈ​នាឱកាស​នេះ ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​សប្បាយរីករាយ៕សរន

វេទិកាសាធារណៈ​ផ្សព្វផ្សាយ​ពី​សក្តានុពល​និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់​(រូបថតក្រុមការងារ)