ដោយ​បាយ័ន​/​សៀមរាបៈ សាលាឆាន់​បុរាណ នៅ​វត្ត​រាជ​បូ​ណ៌​ក្នុង​ទី​រួម​ខេត្ត សៀមរាប បានទទួល​ការជួសជុល​ដំណាក់​ទី​២ ក្រោម​ការជួយជ្រោមជ្រែង ផ្នែក​បច្ចេកទេស និង​ឧបត្ថម្ភ​ជា​ថវិកា​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ​។​

​ការជួសជុល​ដំណាក់កាល​ទី​២​នេះ គឺ​ផ្តោតលើ​ការជួសជុល​ផ្នែក​តួ​អគារ រួមមាន ជួសជុល​ជញ្ជាំង កាំជណ្តើរ ក្បាច់​តាម​ខឿន​ជើង​ជញ្ជាំង និង​សម្អាត​ការ៉ូ​បាត សសរ ពិ​ដាន​។​ល​។ សាលាឆាន់​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ពុកផុយ និង​ខ្លះ​បាន ធ្លាក់​បាក់​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ពង្រឹង​ផ្នែក​ដែល​ពុកផុយ ធ្លុះ​ឆ្លា​យ ឡើងវិញ និង​ដោយមាន​ការកែលម្អ​នៅ​កន្លែង​ជាច្រើន​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​គម្រោង​អភិរក្ស និង​ជួសជុល​សាលាឆាន់ (​ផ្នែក​តួ​អគារ​) វត្ត​រាជ​បូ​ណ៌​ដំណាក់កាល​ទី​២ ដោយ​ចាប់ផ្តើម​តាំងពីដើម​ខែកក្កដា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​ចុងខែ​តុលា ឆ្នាំ​២០២២​ខាងមុខ ដើម្បី​រួម ចំណែក ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នេះ​ឱ្យបាន​គង់វង្ស ព្រមទាំង អភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​សិល្បៈ​របស់​ខ្មែរ​ពី​បុរាណកាល ដ៏​រស់​រវើក​ឱ្យ នៅ​ឋិតថេរ​បន្ត​ទៅមុខទៀត​។​

​សូមបញ្ជាក់ថា ដំណាក់កាល​ទី​១ គឺ​ជួសជុល​ផ្នែក​ដំបូល មានដូចជា គ្រឿង​បង្គំ​ដំបូល ហោជាង ក្បឿង​ស្រកា​រលិញ ក្បាច់​រងស្បូវ ព្រំ​ដំបូល បៃរកា នាគ​ចែង នាគ​ដងក្ដារ ព្រំ​ខ្នង​ដំបូល និង​ជហ្វា​ជាដើម​៕​/PC