ដោយៈ​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖​កន្លងទៅ ក៏ដូចជា​បច្ចុប្បន្ន​នៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ក៏មាន​ជំនឿ​លើកតម្កើង​និង​គោរពបូជា​បារមី យាយ​សំ ដូច​នៅ​ប្រជាជន​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ
​ប្រទេស​កម្ពុជា​ដែរ​។​


អាស្រមនិង រូបសំណាកយាយសំ នៅនៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃបច្ចុប្បន្ន(រូបថត ឡាយុំ)

​តាមរយៈ​មគ្គ​ទេ្ទ​សក៍​ជូន​ដំណើរ​ប្រតិភូ​ប្រតិភូ​ពាណិជ្ជករ អាជីវករ​វិស័យ​ឯកជន​នៃ​សហគ្រាស​ធុន​តូច​និង មធ្យម​កម្ពុជា​មកពី​ខេត្ត​មួយចំនួន​នៃ​កម្មវិធី​បើក​កម្មវិធី​”​ការតភ្ជាប់​និង​ផ្គូផ្គង​ច​ចារ​ដៃគូ​ពាណិជ្ជកម្ម​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឆ្នាំ​២០២២ ” (Business B2B SMEs Thailand -Cambodia ) ថ្ងៃទី​៣០​មិថុនា​-០២​កក្កដា ២០២២ កន្លងមកនេះ បានឱ្យដឹងថា ប្រវត្តិ​យាយ​សំ​ឬ​ដូន​សំ​គឺជា​រូប​ក្មេងស្រី​ភៀសខ្លួន​ខ្មែរ​ម្នាក់ (​នៅ​អំឡុង​ទសវត្សរ៍​ទី​៨០?)​ដែល​បាន​បាត់​ពី​ព្រៃ​ជើង​កូនភ្នំ​មួយ​(​ជិត​ព្រំដែន​កម្ពុជា​ក្នុងស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ នៅ​ខាងលិច​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​) ។​ការបាត់​ខ្លួន​ដោយ​
​អភិ​និ​ហារ​នេះ​បានធ្វើឱ្យ​ប្រជាជន​ថៃ​នៅ​តំបន់​នេះ​ជឿថា នេះ​ជា​បារមី​មួយ​។​អ្នកស្រុក​ដែលមាន​ជំនឿ ក៏បាន​កសាង​ជា​អាស្រម​មួយ​នៅត្រង់​កន្លែង​ដែល​ឃើញ​ក្មេងស្រី​នោះ ហើយ​គោរពបូជា ។​

​តម​កមាន​គ្រូ​ទស្សន៍ទាយ​ល្បី​ម្នាក់​បាន​គន់គូរ​មើល​ជោគជតារាសី​ទៅ​ឃើញថា​រូប​ក្មេងស្រី​ដែល​គេ​ឱ្យឃើញ ឬ​សណ្ឋិត​មួយ​ភ្លែត​នោះ​ជា​អតីត​ព្រះ​មហេសី​ព្រះរាជា​មួយអង្គ ហើយ​ក្រោយមក​ក្លាយជា​យាយ​សំ​ឬ​ដូន​សំ ។​ហេតុនេះ​អ្នកស្រុក​នៅ​ខ្លង​ហាត​នាំគ្នា​ទៅ​គោរពបូជា​និង​បន់ស្រន់​ផ្សេងៗ​ត្រង់​អាស្រម​”​ក្មេងស្រី​”​នោះ​។​
​បំណង​របស់​ពួកគេ​ក៏​តែង​បានសម្រេច​បាន​រលត់​ផុត​ទុក្ខ បាន​លាភ បាន​ជោគជ័យ​និង​សម្រេច​បំណង​នានា ។​

​រូបសំណាក យាយសំ ដែលប្រជាជន​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ​ប្រទេស​កម្ពុជាគោរពបូជា​(រូបថត ឡាយុំ)

​កន្លងមក​ដែរ មាន​អ្នកជំនួញ​ធំ​ពី​រាជធានី​បាងកក (​ថៃ​) ដែលមាន​វិបត្តិ​ក្ស័យ​ទុន​និង​កិច្ចការជំនួញ ក្រុមហ៊ុន​ខ្លួន បានមក​ដល់ទី​នោះ​តាមរយ​:​ដូច​ជាមាន​ឥទ្ធិពល​ផ្លូវ​ក្នុង​មួយ​នាំ​ផ្លូវ​គាត់​។​ស្ត្រី​បាន​បន់ស្រន់​និង​សន្យាថា​នឹង​កសាង​អាស្រម​ធំ​ឡើង​ដូច​វាំង​ស្តេច​ថ្វាយ​ដូន​សំ បើសិនជា សេចក្តី​ឧទ្ទិស​របស់ខ្លួន​សម​ដូច​ប្រាថ្នា ។​បន្ទាប់ពីនោះ អ្វីៗ​ពិតជា​ស័ក្តិសិទ្ធិ​ដូច​មាត់​មែន ។ ស្ត្រី​ធុរជន​នោះ ក៏​ងើប​ឡើងវិញ​នូវ​ជំនួញ​គាត់ ។ អ្នក​ដែល​ជំពាក់​លុយ​គាត់ បាន​សង​គ្រប់ៗ​គ្នា ។ ការគិត​និង​ធ្វើ​អ្វី​ក៏​ជោគជ័យ លុយកាក់​ហូរ​ចូល ហើយ​គាត់​ក្លាយជា​អ្នកមាន​ឡើងវិញ ។​
​ហេតុនេះ​គាត់​មិន​ភ្លេច​សន្យា​ក៏បាន​លើកគ្នា​មក​បួងសួង​ថ្លែងអំណរគុណ​យាយ​សំ​ហើយ​សុំ​សាងសង់​ជា​វត្ត​ធំ​ដូច​វាំង​មួយ​ថ្វាយ​លោកយាយ​។​ប៉ុន្តែ​ប្តូរ​រំកិល​ពី​ទីតាំង​ដើម​ទៅ​ទីតាំង​ថ្មី​ចម្ងាយ​៤​គីឡូម៉ែត្រ​ហើយ​សុំ​កសាង​រូប​យាយ​សំ​ចាស់ និង​ថ្មី​តាំង​តម្កល់​ក្នុង​អាសន​:​ដ៏​សមរម្យ ។​គឺ​សង់​វត្ត​លោកយាយ​សំ​ដែល​អ្នកស្រុក​ខ្លង​ហាត គោរព​សក្ការ​:​ដ៏​ខ្លាំងក្លា​រហូត​សព្វថ្ងៃ ។​
​អ្នកស្រុក​មាន​ជំនឿ ហើយ​មានទុក្ខ​កង្វល់ លំបាក​ឬ​គេ​ជំពាក់ចិត្ត ជំពាក់​លុយ​អី​ទៅ​បន់​ទីនោះ​នឹង​បានសម្រេច​តាម​បំណង់ គឺ​កូនបំណុល​សងលុយ​ខ្ចី​ការប្រាក់ ជាដើម ។​

អាស្រមនិង រូបសំណាកយាយសំ នៅនៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃបច្ចុប្បន្ន(រូបថត ឡាយុំ)

​មគ្គ​ទេ្ទ​សក៍​បាន​លើក​ពី​ប្រវត្តិ​យាយ​សំ​នោះ​ទៀតថា ត​មក​អ្នកស្រុក​ខ្លង​ហាត​និង​អ្នក​ជិត​ឆ្លា​យ​តែ​មក​គោរព​សក្ការ បន់ស្រន់​។​ក្នុងនោះ​សូម្បី​អ្នកនយោបាយ​អ្នក​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​សភា​បោះឆ្នោត​ជ្រើសរើស​តំណែង​នានា​ក៏​ទៅ​បន់ស្រន់​នៅទីនេះ​ដែរ​។​

​រីឯ​ប្រវត្តិ​ទាក់ទិន​ដូន​សំនៅ​ភ្នំ​យាយ​សំ​នៃ​តំបន់​ជម្រក​សត្វព្រៃ​រនាម​ដូ​សំ – ម៉ាឡៃ នា​ឃុំ​ទួល​ពង្រ ស្រុ​កុ​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ឯណេះ​វិញ​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២២​បាន​តាមរយ​:​ព្រះចៅអធិការ​វត្ត​គិរី​សម​ស័​ក្កិ​ភ្នំ​យាយ​សំ នៅ​ទួល​ពង្រ​ឲ្យ​ដឹងថា ប្រវត្តិ​ដូន​សំ​គឺពាក់ព័ន្ធ​និង​អ្នក​ស្នង​រូប​ផ្លូវ​ក្នុង និង​ជំនឿ​ផ្លូវ​ងងឹត​។ ពោលគឺ​គេ​បានឃើញ​មាន​ប្រាសាទ​លើ​កំពូលភ្នំ​មាន​លក្ខណៈ​ដូចជា​ទីលាន​ប្រជុំ​ទ័ព​មួយ​ក្នុង រជ្ជកាល​ព្រះបាទ​ចន្ទ​រាជា​(​គស​១៥១៦-១៥៦៦)​ដែលជា​ព្រះរាជា​ចម្បាំង​ជាញជ័យ​បន្ទាប់ពី ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​។​

សូមបញ្ជាក់ថា​ព្រះបាទ​ចន្ទ​រាជា​ជា​បុត្រ​ធម្ម​រាជា​។​ព្រះបាទ​ពញាយ៉ាត​ដែល​បោះបង់ចោល​រាជធានី​អង្គរ​មក​កសាង​រាជធានី​ចតុមុខ បង្កើត​សម័យ​ចតុមុខ​ស​.​វ​ទី​១៥ មាន​បុត្រ​បី​អង្គ ៖១ .​ព្រះ​នរាយណ៍​រាជា​បុត្រ​ជាមួយ​អ្នក ម្នាង​ទេវី​។​២.​ស្រី​រាជា​បុត្រ​ជាមួយ​អ្នក​ម្នាង​បុ​ទុម​កេសរ​និង​៣.​ធម្ម​រាជា បូ​ត្រ​ជាមួយ​អ្នក​ម្នាង​ស៊ី​សា​ង៉ា​ម -​ជាតិ​សៀម ។ ចំពោះ​ព្រះបាទ​ធម្ម​រាជា​មាន​បុត្រ​ពីរ​អង្គ គឺ​ព្រះ​ស្រី​សុគន្ធ​បទ​និង​ព្រះ​ចន្ទ​រាជា ) ។​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ខ្មែរ​ធ្វើ​ចម្បាំង​ដណ្តើម​ទឹកដី​ភាគ​ខាងលិច​ពី​ព្រះ​ចៅ​សៀម​មកវិញ នា​សម័យ​លង្វែក​(​ស​.​វ​ទី​១៦) ។​ហើយ​នៅក្នុង​រជ្ជកាល​ព្រះបាទ​បរម​រាជា​ទី​៤​ឬ​បរមេ​ន្ទរា​ជា ជា​បុត្រ​ទី​២​របស់​ព្រះ​ចន្ទ​រាជា​(​គស​១៥៦៦-១៥៧៦ ) ក៏បាន​បង្កើត​ខេត្តបន្ទាយមានជ័យ នៅ​ខាងលិច​ខេត្តបាត់ដំបង ត្រង់​ខេត្ត​ប​ស្ចឹ​ម​បូរី​ឬ​ខេត្ត​ប្រា​ជីន​បុរី​និង​ខេត្ត​ស្រះកែវ បច្ចុប្បន្ន​រួចហើយ​ដែរ ។​

រូបសំណាក យាយសំ ដែលប្រជាជន​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ​ប្រទេស​កម្ពុជាគោរពបូជា​(រូបថត ឡាយុំ)

​ព្រះគ្រូ​ចៅអធិការ​វត្ត​បង្ហាញថា នៅលើ​កំពូលភ្នំ​យាយ​សំ​មាន​ថ្មដុះ​ដូច ទំពាំង តម្រៀ​ម​ជួរ​គ្នា​ដូច​ទំពាំង​ឫស្សី​។​

​បើតាម​ក្រុមការងារ​បេតិកភណ្ឌ​ប្រចាំថ្ងៃ​នៃ​ក្រសួងបរិស្ថាន​ដែល​បាន​ថត​បានធ្វើការ​ស្រាវជ្រាវ ហើយ បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០២១​កន្លងមក​បានឱ្យដឹង​ថា មានរឿង​រ៉ាវ មួយចំនួន​ពាក់ព័ន្ធ នឹង​បារមី​នៅ​ភ្នំ​យាយ​សំនេះ ។​ក្រុមការងារ​បាន​ស្រង់​ដីកា​ព្រះចៅអធិការ វត្ត​វត្ត​គិរី​សម​ស័ក្ក​ភ្នំ​យាយ​សំនៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដូចដែល​បាន មាន សង្ឃដីកា ឲ្យ​ដឹងថា ព្រះអង្គ ធ្លាប់​ចាំ​ឃ្លាំ​អង្កេត​មើល​តើ មាន​អ្នកណា​មក​បោសសំអាត​ស្លឹកពោធិ៍​នៅលើ​ភ្នំ​នេះ ? តែ​មិនដែល​ឃើញ​មាន​មនុស្ស សត្វ ឬ ភាវៈ អ្វី​ជា​ជាក់ស្តែង​ទេ ។​ហេតុនេះ វា​មានតែ​ជា​បារមី​ស័ក្តិសិទ្ធិ​មួយ ។​

​ក្រុមការងារ​នៃ​បេ​តិក​ភ័​ណ្ឌ​បានឱ្យដឹងថា​៖ ក្នុងសម័យ​សង្គ្រាម​ក្រោយ​ឆ្នាំ​១៩៧៩​នៅលើ​ទីតាំង​គ្រឹះ​ប្រាសាទ​នោះ អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម បាន​យក​គ្រឿងចក្រ​ឈូស​ទៅ​គាស់​កាយ​ដើម្បី​កសាង​បន្ទាយ ទីតាំង​កាំភ្លើង​ធំ​គាំទ្រ និង​ការពារ ការវាយលុក​ពី​កងទ័ព​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (១៩៧៩-៨៨-៨៩) ។​

​នៅត្រង់​នោះ​ជា​ទួល​មាន​រៀប​ថ្ម​បន្តុប​លើ​គ្នា​ជា​ខឿន​ហើយ​សព្វថ្ងៃនេះ​លើ​ទួល​នោះ​មាន​អាស្រម​តម្កល់​រូបសំណាក​ព្រះ​មាតា ។​នៅ​ជិត​នោះ មាន​ស្រះ​ទឹក រីង​ខះ​ស​មួយ ដែលជា​អតីត​ទី​ស្តុក​ទឹក សម្រាប់​ផ្គត់ផ្គង់ កងទ័ព​នៅ​តំបន់ភ្នំ​យាយ​សំ ភ្នំ​មេ​ល័យ ។​មាន​ផ្ទាំង​ថ្ម​ធំៗ ផុស​ដោយ​ធម្មជាតិ ដែលមាន​រូបរាង​ដូច​សត្វ​នាគ ។​ភ្នំ​យាយ​សំ​វែង ហើយ​មាន​ល្អាង​ច្រើន ដែល​ត្រូវ​សិក្សា​ស្រាវជ្រាវ​ការសិក្សា​បន្ថែម ។​

​ភ្នំ​យាយ​សំ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​ក្រសួងបរិស្ថាន​បានស្នើ​ហើយ​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ហើយ​ដែរ ។​ហេតុនេះ​យាយ​សំ​ឬ​ដូន​សំ គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ហើយ​មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ។​
​បច្ចុប្បន្ន​មាន​គេ​ឆ្លាក់​រូបលោក​យាយ​និង​គោរព​សក្ការ​:​ខ្លាំងណាស់ ។​ក្នុងនោះ ភរិយា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក៏បាន​អោយគេ​ឆ្លាក់​”​រូប​ដូន​សំ​”​ពី​ថ្មភក់​ភ្នំ​ព្រះវិហារ​ហើយក៏​បាន​ដឹក​យកទៅ​តម្កល់​នៅ​អាសន​:​ថ្មី​មួយ​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវ​រថភ្លើង ខាងលិច​ស្ពាន​ទឺ​ក​ថ្លា​នា​ភូមិ​-​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ។​

​ជាការ​កត់សម្គាល់​រូបរាង មុខ ទម្រង់​អង្គុយ​នៃ​រូប​យាយ​សំ​ដែល​ថៃ​បាន​កសាងឡើង​នៅ​វត្ត​យាយ​សំ នា​ស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ គឺ​ដូច​ភិនភាគ​យាយ​ឬ​ដូន​សំ ខ្មែរ​នៅ​ភ្នំ​យាយ​សំ​ស្រុក​ម៉ាឡៃ​និង​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែរ ៕​សរន​

វត្ត និង រូបសំណាកយាយសំ នៅនៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃបច្ចុប្បន្ន(រូបថត ឡាយុំ)

ទីសក្ការៈយាយ​សំ ដែលប្រជាជន​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា គោរពបូជា(រូបថតឡាយុំ)