​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទារក​អាយុ​បួន​ខែ​ម្នាក់​ត្រូវបាន​កញ្ឆក់​យក​ពី​ដៃ​ឪពុក​ម្តាយ​របស់​វា​ហើយ​បាន​បោះចោល​ពីលើ​អគារ​បណ្តាលឱ្យ​ស្លាប់​ពី​សំណាក់​ហ្វូង​ស្វា​ពោរពេញ​ដោយ​កំហឹង​នៅ​​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​សប្តាហ៍​មុន​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ជនបទ​ឈ្មោះ ដាន់​កា (Dunka) នៅ​ជិត​ទីក្រុង​បារី​លី (Bareilly) ក្នុង​រដ្ឋ​អ៊ុត​ថា​ប្រា​ដេស (Uttar Pradesh) ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ជា​កន្លែង​ដែល​លោក នៀ​ដេស អ៊ូ​ផាដ​យ៉ាយ (Nirdesh Upadhyay) កំពុង​ឈរ​នៅលើ​វ៉េ​រ៉ង់​ដា​ផ្ទះ​បី​ជាន់​របស់​គាត់​ជាមួយ​ប្រពន្ធ និង​កូនប្រុស​របស់​គេ​។​

​អ្នក​ទាំង​បី​កំពុង​រីករាយ​ជា​មួយ​ល្ងាច​ថ្ងៃ​សុក្រ​ដ៏​ស្ងប់ស្ងាត់​នៅលើ​វ៉េ​រ៉ង់​ដា នៅពេល​ដែល​ហ្វូង​ស្វា​បាន​ឡើង​ទៅ​លើដំបូល ហើយ​ឡោមព័ទ្ធ​ពួកគេ​។​

​បន្ទាប់​ពី​ការ​ខំ​ប្រឹងប្រែង​ឥត​ប្រយោជន៍​ដើម្បី​បណ្តេញ​ស្វា​ចេញ ឪពុក​ម្តាយ​ថ្មីថ្មោង​នេះ​បាន​ព្យាយាម​រត់​ទៅ​ជណ្តើរ​ក្នុង​បំណង​រត់​គេច ប៉ុន្តែ​លោក​នៀ​ដេស ដែល​កំពុង​បី​កូន​ប្រុស​បាន​ជំពប់ជើង​ដួល​ហើយ​​របូត​កូន​ពី​ដៃ​។​

​ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក​មុនពេល​ឪពុក​ម្តាយ​អាច​បញ្ចេញ​ប្រតិកម្ម ស្រាប់តែ​ស្វា​មួយ​ក្បាល​បាន​ចាប់​ទារក​នោះ​ហើយ​បោះចោល​ពីលើ​ដំបូលផ្ទះ​តែម្តង​។​

​ឪពុកម្តាយ​ដែល​តក់ស្លុត​ខ្លាំង​ទាំងពីរ​បាន​នាំគ្នា​ចុះ​តាម​ជណ្តើរ​ដើម្បី​ជួយ​កូន​ប្រុស ប៉ុន្តែ​ទារក​នោះ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ទៅហើយ​។​

​ឧបទ្ទវហេតុ​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត និង​ប្រមុខ​អភិរក្ស​ទីក្រុង​បារី​លី លោក ឡា​លី​ដ វើ​ម៉ា (Lalit Verma) បាន​ប្រាប់​សារព័ត៌មាន PTI News ថា​ក្រុម​របស់​គាត់​ត្រូវបាន​បញ្ជូន​ដើម្បី​​ស៊ើបអង្កេត​ការជាប់​ពាក់ព័ន្ធ​របស់​សត្វ​ស្វា​នៅក្នុង​ការស្លាប់​កុមារ​រូបនេះ​៕

ឧបទ្ទវហេតុ​បាន​កើតឡើង​នៅ​ភូមិ​ដាន់​កា