ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងអាវុធហត្ថ ក្រុងសិរីសោភ័ណ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឱ្យខូចខាត ដោយចេតនា និងប្រើប្រាស់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី ១៩ ខែ កក្កដា នេះ ។
លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ ណ បានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន០៨ នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ដោយមានកាន់កាំបិតផ្គាក់ ជិះដេញតាមជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ ១៤ឆ្នាំ ដល់ចំណុចក្បែរ ភោជនីយ៍ដ្ឋានផ្កាយព្រឹក ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានផ្ដួលម៉ូតូចោល ហើយរត់ចូលពួនក្នុងផ្ទះប្រជាពលរដ្ឋ ដោយឡែក ក្រុមរបស់ជនសង្ស័យ ក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់បំផ្លាញម៉ូតូ(ម៉ូតូម៉ាកហុងដាស្កុបពី ពណ៍ខៀវ ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ) របស់ជនរងគ្រោះបណ្តាលឲ្យ ខូចខាតយ៉ាងខ្លាំង។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ក្រោយពីទទួលបណ្ដឹងរបស់ ជនរងគ្រោះរួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាប បទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ចន រាជ (ហៅ រក្សា) ភេទប្រុស អាយុ១៧ឆ្នាំ នាំខ្លួនមកកកាន់បញ្ជា ការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ ននិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ដោយ ទទួលបានការ អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីហើយ ៕/PC