ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រើពេល ជាង​៣​ម៉ោង​ដោយ​ថ្មើ​ជើង​ក្នុងការ​ដឹកនាំ​មន្ត្រី​ជំនាញ ដូចជា​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យមើល​ប្រឡាយទឹក​នៅ​ព្រឹក​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០២២​នេះ ដើម្បី​រិះរក វិធាន​ការរំដោះ​ការលិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ ដោយ​ជំនន់​ទឹកភ្លៀង​នា រដូវវស្សា​នេះ​។​

លោក​ឃួ​ង ស្រេង បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ មានជ័យ និង​ខណ្ឌទួលគោក ដោយ​ចាប់​ផ្តើមចេញពី​ចំណុច​ស្ថានីយ​បូមទឹក​បឹងទំពុន ខណ្ឌមានជ័យ ដើរ​តាម​មាត់​ប្រឡាយ​រហូតមកដល់​ប្រឡាយ​បឹង​សាឡាង ផ្លូវ​២៣០ ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក ដោយ​បញ្ចប់ នៅ​ម៉ោង​ប្រមាណ​ជាង ១២​ថ្ងៃត្រង់​។​

​ក្នុង​ការចុះ​ពិនិត្យមើល​ប្រឡាយទឹក​នេះដែរ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​ក្រុម ការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ សហការគ្នា​ធ្វើយ៉ាងណា​ស្ដារ​ប្រឡាយ​បឹងទំពុន ប្រឡាយ​ស្ទឹងមានជ័យ​និង​ប្រឡាយ​បឹង​សាឡាង​អោយបាន​លឿន ដើម្បី​បង្ការ ក៏ដូចជា​អាច​រំដោះ​ទឹកបាន​នា​រដូវវស្សា​នេះ ពិសេស​នៅ​ប្រមាណ​៣​ទៅ​៤​ថ្ងៃ ខាងមុខនេះ បើតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម នៅ​រាជធានី​ភ្នំពេញ​របស់​យើង​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​យើង​ត្រូវតែ​ត្រៀម លក្ខណៈ​ដើម្បី​ទប់ទល់​កុំអោយ​លិចលង់​ខ្លាំង​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា បញ្ហា​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជា​កង្វល់​របស់​អាជ្ញាធរ​រាជធានី​និង​មន្ទីរ​ពាក់ព័ន្ធ ដូច្នេះ ទាំង​អាជ្ញាធរ​និង​មន្ទីរជំនាញ់​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួម គ្នា​រិះរក​អោយអស់​គ្រប់​មធ្យោបាយ​ធ្វើយ៉ាងណា នាំ​ទឹក​អោយទៅដល់​ស្ថានីយ បូមទឹក នោះ​ការលិចលង់​នឹង​អាច​ដោះស្រាយបាន​។ ចំពោះមុខ​នេះ យើង​ត្រូវ​ស្តារ កាយ​ប្រឡាយទឹក​អោយ​ហូរ​អោយបាន​លឿន​មក​ស្ថានីយ​បឹងទំពុន​និង​មួយផ្នែក​ទៀត ត្រូវ​ស្តារ​និង​កាយ​ប្រឡាយទឹក​នេះ អោយ​ហូរ​ទៅ​ប្រឡាយ​បារាំង ដើម្បីអោយ ទឹក​ហូរ​លឿន​ទៅដល់​ស្ថានីយ​បូម​ទឹកលូ​ប្រាំ ។​

​គួរ​បញ្ជាក់ថា នៅពេលនេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើ​សកម្មភាព យ៉ាងសកម្ម ក្នុង​ការកាយ ស្តារ​ប្រឡាយ​បឹងទំពុន ក្នុង​គោលបំណង​ធ្វើយ៉ាងណា អោយ​ទឹក​ហូរ​បាន​លឿន ដែល​អាច​រំដោះ​ទឹកបាន នៅ​រដូវវស្សា​នេះ​៕​/PC