ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាងថា ការនាំចេញ អង្ករ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២២ មាន​កំណើន​ជាង ១៦% នៅក្នុង​បរិមាណ​សរុប​ចំនួន ៣២៧ .២០០ តោន គិត​ជា​ទឹកប្រាក់​ជាង ១៩៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

​ប្រភព​ដដែល​បាន​បន្តថា កម្ពុជា​បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​ក្រុមហ៊ុន​ចំនួន ៥៣​ក្រុមហ៊ុន ដោយបាន​បរិមាណ​អង្ករ​ចំនួន ៣២៧.២០០ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១៩៨,៦៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ មាន​ប្រទេស​ចិន រួមទាំង តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ បាន​ចំនួន ១៦៨.២៨០ តោន ឬ​ស្មើនឹង ៥១,៤៣% ដែលមាន​កំណើន​ចំនួន ១៧,៤៤ % បើ​ធៀប​ទៅនឹង រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ការនាំចេញ​ទៅកាន់​ប្រទេស​នានា នៅក្នុង​ទ្វីបអឺរ៉ុប ចំនួន ២៣​ប្រទេស បាន​ចំនួន ១០៦.១៩៤ តោន ឬ​ស្មើនឹង ៣២% មាន​កំណើន ចំនួន ៤៦,៩០% ការនាំចេញ​ទៅកាន់ ប្រទេស​ក្នុង​សមាជិក​អាស៊ាន ៤​ប្រទេស បាន​ចំនួន ២៨.៦៨០ តោន ឬ​ស្មើនឹង ៨,៧៧% ដែលមាន​កំណើន​ចំនួន ៦,៦៩% និង​ការនាំចេញ​ទៅកាន់​គោលដៅ​ផ្សេងៗ ចំនួន ២១​ប្រទេស បាន​ចំនួន ២៤ .០៤៦ តោន ឬ​ស្មើនឹង ៧,៣៥%​។​

​ប្រភព​ដដែល​បាន​បន្តថា សម្រាប់​ប្រភេទ​អង្ករ​នាំចេញ គឺមាន​អង្ករ​ក្រអូប គ្រប់​ប្រភេទ បាន​ចំនួន ៦២,៤៤% អង្ករ ស បាន​ចំនួន ៣៤,១២% អង្ករ​ចំ​ហ៊ុយ បាន​ចំនួន ១,៩៣% និង​អង្ករ​សរីរាង្គ​បាន​ចំនួន ១,៥០% និង​អង្ករដំណើប បាន ០,០១% ឬ​ស្មើនឹង ២៣ តោន​។​

​ក្នុង​រយៈពេល ៦​ខែ នៃ​ឆ្នាំ​២០២២ នេះដែរ កម្ពុជា​បាន​នាំចេញ​ស្រូវ​សរុប​បាន​ចំនួន ១ .៧៣៣ .១៥៧ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៤០១,៩៦ លាន​ដុល្លារ សហរដ្ឋ អាមេរិក ៕​/PC