ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នកបច្ចេកទេស ត្រូវយក​បេះដូង គិតពី​តម្លៃ​របស់ខ្លួន​ស្មើនឹង​ជាតិ សាសនា ព្រះមហាក្សត្រ នៅពេល​ចេញទៅ ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​នេះ​ជាការ​លើកឡើង​របស់លោក យី វាសនា អគ្គលេខាធិការ នៃ​គណៈកម្មាធិការ ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ក្នុងខណៈដែល​លោក បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស និង​ត្រៀមលក្ខណៈ​សម្បត្តិ ព្រមទាំង​ត្រួតពិនិត្យ និង​ដោះស្រាយ​រាល់​បញ្ហា ដែល​នៅ​សេសសល់ ឲ្យ​រួចរាល់ សម្រាប់​ក្រុម​អត្ត​ព​លិ​ក ប៉ា​រ៉ា​កម្ពុជា មុនពេល​ចេញដំណើរ ទៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ​។​

​លោក​អគ្គលេខាធិការ បាន​ឲ្យ​ដឹងថាៈ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​កកើត តាំងពី​អត្ត​ព​លិ​ក មាន​ចំនួន ពីរ បី នាក់ និង​រីកចម្រើន​ធំៗ​ឡើង​រហូត ល្បី​ទូទាំង​ពិភពលោក​។ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ឲ្យ​បងប្អូន​មាន​ពិការភាព ទូទាំងប្រទេស​កម្ពុជា​។ កិត្តិយស​ជាតិ ព្រលឹង​ជាតិ ទង់ជាតិ គឺ​ត្រូវបាន​បង្ហូត ដោយសារ​ស្នាដៃ​របស់​អត្ត​ព​លិ​ក​។​

​លោក យី វាសនា បាន​បន្តថាៈ លោកជំទាវ អស់លោក លោកស្រី​ទាំងអស់ អស់លោក ត្រូវ​ស្គាល់​តម្លៃ​ខ្លួនឯង​។ តម្លៃ​របស់​អស់លោក ថ្លៃ​ជាងមាស ពីរ​ដូងទុំ ទៅទៀត​។ ត្រូវ​រៀន​ស្គាល់ ពី​តម្លៃ​របស់​ខ្លួនឯង ពេល​ចេញទៅ​ក្រៅប្រទេស​។ ទាំង​គ្រូ ទាំង​សិស្ស គឺជា​តម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ​។ តើ​យើង​ឃើញ​តម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ នៅ​កន្លែង​ណា​? ពេល​បងប្អូន រកបាន​មេដាយមាស​១ គ្រឿង អ្វីដែល​ត្រូវបាន​លើកឡើង​លើ​? គឺ​ទង់ជាតិ ដែលជា​ព្រលឹង ជាតិ សាសនា ព្រះមហាក្សត្រ​។ ដូច្នេះ បងប្អូន​មានតម្លៃ​ស្មើ ជាតិ សាសនា ព្រះមហាក្សត្រ​។ មេដាយ ១​គ្រាប់ តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ អត្ត​ព​លិ​ក គ្រូបង្វឹក​របស់ យើង គឺ​ស្មើនឹង​ទង់ជាតិ ព្រលឹង​ជាតិ សាសនា ព្រះមហាក្សត្រ​។ ហេតុនេះ សូម​ឲ្យ តម្លៃ​ខ្លួនឯង ឲ្យ​ខ្ពស់​រាល់ពេល ដេក ដើរ ឈរ អង្គុយ គឺ​ត្រូវ​យល់ថា ខ្លួន​យើង មានតម្លៃ​។​

​លោក​អគ្គលេខាធិការ ក៏បាន​ឲ្យ​ដឹង​ពី​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ប្រទេស ឥណ្ឌូណេស៊ី គឺមាន ៣ ប្រភេទ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈ កម្ម​ការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ជា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​

​ប្រតិភូ​ទី​១ គឺ​ក្រុម​អត្ត​ព​លិ​ក និង​គ្រូបង្វឹក ទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​១១​។ ប្រតិភូ​ទី​២ គឺ​ក្រុមការងារ ទៅ​រៀនសូត្រ និង​ដកស្រង់ បទពិសោធន៍ គ្រប់យ៉ាង ដើម្បី​យកចំណេះ​ដឹង មក​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា ហ្គេម លើក​ទី​១២ នៅ​កម្ពុជា និង​ប្រតិភូ​ទី​៣ គឺ​ក្រុមការងារ​សម្តែង ដើម្បី​ទទួល​ទង់ សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា ក្នុងនាម​កម្ពុជា ជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​

​សម្រាប់​ការធ្វើដំណើរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​យល់ព្រម​ឲ្យ​មានការ​រៀបចំ​យន្ដហោះ​ពិសេស សម្រាប់​ដឹកជញ្ជូន​អត្ត​ព​លិ​កមាន ពិការភាព​កម្ពុជា ទៅ​ឥណ្ឌូណេស៊ី ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airlines ក៏បាន​យល់ព្រម​ដឹកជញ្ជូន​ទៅមក ដោយ​ឥតគិតថ្លៃ ដែល​គ្រោង​ចេញ ដំណើរ នា​ថ្ងៃទី​២៦ ខែកក្កដា និង​វិល​ត្រឡប់មក​មាតុភូមិ​វិញ នា​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២៕/V​-PC