ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រី វេង សាខុនបានទទួលជួប សំណេះសំណាលជាមួយក្រុមនិស្សិតដែលទទួលបានអាហារូបករណ៍ នឹងត្រូវចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ក្រោម ក្របខ័ណ្ឌជំនួយឥតសំណង ក្នុងគម្រោងសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលនឹងត្រូវចេញដំណើរនៅខែសីហា ខាងមុខនេះ។
លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព របស់ក្មួយៗដែលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុន ហើយ លទ្ធផលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀន សូត្រដែលមានគុណតម្លៃសម្រាប់ធ្វើការកសាងអនាគតរបស់ខ្លួនផ្ទាល់ និងអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានអធិប្បាយជូនក្មួយៗបានជ្រាបអំពីដំណើរ វិវឌ្ឍន៍របស់ប្រទេសជាតិ ចាប់ផ្តើមងើបចេញពីចំណុចសូន្យ ប្រទេសខ្វះស្បៀង គោលនយោបាយបង្រួបបង្រួមជាតិ តាមរយ:អនុវត្តគោលនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ។ ក្មួយៗសុទ្ទតែជាមន្ត្រី រាជរដ្ឋាភិបាលបម្រើការតាមក្រសួង ស្ថាប័ននានាបានឃើញ បានដឹងអំពីភាព ចាំបាច់របស់ក្រសួង-ស្ថាប័ននិមួយៗ ដើម្បីធ្វើការកែលម្អ នាពេលអនាគត់។ ដូច្នេះ ត្រូវមានគំនិត និងគោលដៅច្បាស់លាស់ ខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ ដកស្រង់បទពិសោធន៍ល្អៗ ដើម្បីនាំយកមកកែលម្អ និងអភិវឌ្ឍក្រសួង-ស្ថាប័នរបស់ ខ្លួនឲ្យមានការរីកចម្រើនប្រសើរឡើង។
លោករដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងការសិក្សារៀនសូត្រ បទពិសោធន៍ការងារ ការធ្វើជាមន្ត្រីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបានក្លាយជាថ្នាក់ដឹកនាំម្នាក់។ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា លោករដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗឲ្យយកឱកាសដ៏ពិសេសនេះ ខិតខំរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន នឹងជំនាញផ្សេងទៀត ឲ្យបានស៊ីជម្រៅ និងច្បាស់លាស់។ ចំណេះដឹងទាំងអស់នេះគឺជាទុនសំខាន់ និងជាមូលដ្ឋានគ្រឹះ នៃពុទ្ធិសម្រាប់កសាងសមត្ថភាពខ្លួនឲ្យកាន់តែរឹងមាំ ប្រកបដោយភាពជឿជាក់ និងច្បាស់លាស់។ល។ មិនតែប៉ុណ្ណោះ ធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងអស់ គឺជាសម្បត្តិដ៏មានតម្លៃ នាំយកមកមាតុភូមិ វិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រទេសយើងនាពេលអនាគត ល្អប្រសើរ ជាពិសេសរក្សាបាននូវសុខសន្តិភាព និងការរស់នៅរបស់ប្រជាជនយើង ប្រកបដោយសុខដុមរម្មនា ក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំ ដល់ក្មួយត្រូវគោរពវិន័យ ច្បាប់ទម្លាប់ ប្រពៃណី របស់ប្រទេសជាតិគេឲ្យបានល្អ ប្រសើរ។ ជាមួយគ្នានេះដែរ ត្រូវមានវិន័យ គ្រប់គ្រងខ្លួនឯង និងថែរក្សាសុខភាព ឲ្យបានល្អ។
សម្រាប់ឆ្នាំ២០២២-២០២៣ មាននិស្សិតចំនួន ២៤នាក់ ត្រូវបានរាជរដ្ឋាភិបាល ជប៉ុនតាមរយ:ស្ថានទូត ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការ សិក្សាថ្នាក់អនុបណ្ឌិតចំនួន ២២នាក់ និងបណ្ឌិតចំនួន ២នាក់ ទៅតាមមុខជំនាញ មាន៖ អភិវឌ្ឍរដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាព នៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ វិស័យកសិកម្ម និងអភិបាលកិច្ចល្អ នៅតាមបណ្តាសាកល វិទ្យាល័យនានានៅទូទាំងប្រទេសជប៉ុន៕/PC