ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៩ កក្កដា ២០២២ នេះ លោក អម សុភា អភិបាលរង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ បំផុសស្មារតីមន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះព្រៃឈើឡើងវិញ។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីរុក្ខទិវាដាំកូនឈើប្រណិត ៧ ប្រភេទ ចំនួន ១.៥០០ ដើម នៅបរិវេណវត្ត វាលុកថុល្លារាម (ហៅវត្តទូលខ្សាច់) ក្នុងភូមិទូលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីរុក្ខទិវានាពេលក៍មានការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីមន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ។
ក្រោយពីស្តាប់របាយការណ៍ ដែលអានដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក លោក អម សុភា តំណាងលោកអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ ព្រៃឈើមានសារ:សំខាន់ណាស់ ជួយផ្ដល់ផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាព គ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។
លោកបានបន្តទៀតថាៈ ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវ ការខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង និងដេីម្បីរក្សាបាននូវការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួម ដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រេីន បានបញ្ចេញ ឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះ យ៉ាងខ្លាំង និងបានធ្វេីឲ្យកំដៅ នៅលើភពផែនដី កើនឡើង។
ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការ ប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពល អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័ន កាបូនិក ពីបរិយាកាស ។
ចុងបញ្ចប់ លោក អម សុភា តំណាងលោកអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ អនុវត្តឱ្យបានមុឺងម៉ាត់ វិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងមានការដាក់ដាំកូនឈើប្រណិត ៧ ប្រភេទ រួមមាន កូនឈើក្រញូង បេង កកោះ ធ្នង់ ឈើទាល គគី និងសាគូរា ផងដែរ៕/V