ប្រែសម្រួលៈបំណង(ញូវយ៉កថែមស៍,ស្ត្រេតថែមស៍)៖ ពួកចោរនៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងបានលួចត្បូងនិងគ្រឿងអលង្ការចេញពីរថយន្តពាសដែកមួយកាលពីសប្តាហ៍មុន តែទើបត្រូវបញ្ចេញអោយដឹងនៅថ្ងៃអង្គារទី១៩កក្កដានេះ។
ប្រ៊ែនឌី ស្វានសុន(Brandy Swanson) នាយកម្នាក់នៅកន្លែងតាំងពិព័រណ៍ត្បូងមានតំលៃនិងគ្រឿងអលង្ការនៅក្រុងសាន់ ម៉ាតេអូ(San Mateo)នៅកាលីហ្វ័រញ៉ាខាងត្បូង របស់សហរដ្ឋអាម៉េរិកបាននិយាយថា ទ្រព្យដែលលួចយកទៅមានតំលៃជាង១០០លានដុល្លារ។
ដាណា កាល់ឡាហាន(Dana Callahan)អ្នកនាំពាក្យសន្តិសុខនៃក្រុមហ៊ុនរថយន្តធានាដឹកជញ្ជូនប្រ៊ីង(Brink)បានអះអាងថាគ្រឿងត្បូងនិងអលង្ការត្រូវបានបញ្ជូនចូលរថយន្តរបស់ក្រុមហ៊ុនខ្លួនក្រោយការតាំងពិព័រណ៍កាលពីថ្ងៃ១០កក្កដានិងថាវាត្រូវបានប្លន់យកក្នុងពេលដឹកជញ្ជូនតាមផ្លូវទៅកាន់ទីក្រុងសាន់ ម៉ាតេអូក្បែរទីក្រុងឡូស អ៊ែនជើឡេស។
គ្រឿងអលង្ការមាសត្រូវបានតាំងបង្ហាញនៅបញ្ជកញ្ចក់ក្នុងហាងមួយនៅក្រុងញូវយ៉ក កាលពីខែមីនា ឆ្នាំ២០២២
រថយន្តពាសដែលរបស់ក្រុមហ៊ុនសន្តិសុខ Brinksនៅលើផ្លូវមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កាលពីថ្ងៃ១១កក្កដា ចោរបានប្លន់យកត្បូងនិងមាសតំលៃជាង១០០លានដុល្លារពីរថយន្តប្រភេទនេះ
លោក ប្រ៊ែនឌី ស្វានសុន បាននិយាយថាត្បូងនិងគ្រឿងអលង្ការ២៥ទៅ៣០បាវត្រូវបានលួចប្លន់ចេញពីរថយន្ត និងជនរងគ្រោះ១៨នាក់បានរាយការណ៍អំពីការបាត់បង់ទ្រព្យសន្ធឹកសន្ធាប់ក្រោយការប្លន់នេះ។
ក្នុងរបាយការណ៍ផ្ញើទៅកាន់អាជ្ញាធរ ជនរងគ្រោះពីចោរកម្មនេះបានវាយតំលៃស្មានថា របស់ដែលចោរយកទៅមានតំលៃ១០០ទៅ១៥០លានដុល្លារ។
តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនBrinkបាននិយាយថា«យោងតាមព័ត៌មានផ្តល់ដោយអតិថិជននៅមុនទំនិញត្រូវដឹកចេញវត្ថុដែលបាត់បង់មានតំលៃជាង១០លានដុល្លារប៉ុណ្ណោះ។យើងកំពុងធ្វើការជាមួយផ្នែកអនុវត្តច្បាប់ ហើយយើងនឹងសងអតិថិជនគ្រប់ចំនួនទ្រព្យដែលបាត់បង់ទៅ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា»។
អ្នកនាំពាក្យFBIបាននិយាយថា ការប្លន់នេះបានកើតឡើងនៅទីក្រុងវាលខ្សាច់លែនខាស្ទឺ(Lancaster)នៅពេលរថយន្តធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងសាន់ ម៉ាតេអូ ដើម្បីនាំទំនិញទៅតាំងនៅពិធីមួយ៕