ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគម្រោង Feed the Future Cambodia Agriculture Partnership Hub ( The AgriHub) ដែលជាកម្មវិធីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID)។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ខាងគម្រោងAgriHub គឺដឹកនាំដោយ លោក នីមីស ហ្សាវ័រី ( Nimish Jhaveri) ប្រធានកម្មវិធី (Chief of Party) និងមានការចូលរួមពីលោកស្រី ស្តេហ្វានី ឡេនឌ័រ ស៊ីលវ៉ា ( Stephanie Landers Silva) និង លោក កូប ម៉ាត (Kob Math) ។
ប្រភពដដែលបានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីសិក្សាលើលទ្ធភាពនៃការចូលរួមក្នុងការសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងក្របខ័ណ្ឌគម្រោង The AgriHub ។
កម្មវិធី AgriHub ជាគម្រោងថ្មីបន្តពីកម្មវិធី Harvest II ដែលទើបបញ្ចប់ ហើយកម្មវិធីនេះមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងលើកកម្ពស់ដល់និរន្តរភាព និងជំរុញកំណើនសេដ្ឋកិច្ចជាមូលដ្ឋាន តាមរយៈការធ្វើពិពិធកម្ម បរិយាប័ន្ន និរន្តរភាព ភាពធន់ និង ភាពប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា៕