ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៣០ លានផោនជាមួយ Manchester Cityដើម្បីចុះហត្ថលេខាទិញខ្សែការពារអូឡេកសាន់ដ្រ៍ ហ្ស៊ីនឆិនកូ (Oleksandr Zinchenko) ដែលរួមបញ្ចូលទាំងប្រាក់បន្ថែមចំនួន ២ លានផោន។
ខ្សែបម្រើ ដែលលេងជាខ្សែការពារឆ្វេងភាគច្រើនសម្រាប់ក្រុមមេឃខៀវ បច្ចុប្បន្នកំពុងធ្វើដំណើរប្រកួតមិត្តភាពមុនបើករដូវកាលនៅសហរដ្ឋអាម៉េរិកជាមួយក្រុមជើងឯក Premier League ។
កីឡាករអន្តរជាតិអ៊ុយក្រែនអាយុ ២៥ ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងហោះត្រឡប់ទៅអង់គ្លេសវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីបំពេញបញ្ចប់ការផ្ទេរនេះ។
ហ្ស៊ីនឆិនកូគឺជាកីឡាករទិញដំបូងគេរបស់លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) ក្នុងនាមជាគ្រូបង្វឹករបស់ City ក្នុងឆ្នាំ ២០១៦។
រូបគេបានឈ្នះពានលីកចំនួនបួន FA Cup ចំនួនមួយ និង League Cup ចំនួនបួន ដោយបង្ហាញខ្លួនបាន ១២៨ ដងក្នុងគ្រប់ការប្រកួតទាំងអស់។
ហ្ស៊ីនឆិនកូនឹងក្លាយជាកីឡាករទីពីរដែលផ្ទេរពី City ទៅកីឡដ្ឋាន Emirates នៅរដូវក្ដៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធហ្គាព្រីអែល យ៉េស៊ូស (Gabriel Jesus) បានផ្ទេរក្នុងតម្លៃ ៤៥ លានផោនកាលពីដើមខែនេះ៕
ហ្ស៊ីនឆិនកូចូលរួមជាមួយ Arsenal ក្នុងតម្លៃផ្ទេរ ៣០ លានផោន