​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាយករដ្ឋមន្ត្រី​ថៃកាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដាបាន​ខិតខំ​ការពារ​ខ្លួន​ទល់នឹង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​ខុស នៅក្នុង​ការជជែក​សួរ​ដេញដោល​ពី​ក្រុម​សមា​​ជិក​សភា​ប្រឆាំង​ មុន​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​រដ្ឋាភិបាល​របស់​លោកនៅពេល​ក្រុមប្រឆាំង​ព្យាយាម​ធ្វើ​អោយ​ខូច​ឈ្មោះ​របស់​លោក​ខណៈ​ការបោះឆ្នោត​សកល​មួយ​នឹង​​ចូលមក​ដល់​នៅ​១១​ខែ​ទៀត​។​

​ប្រា​យុទ្ធ អាយុ​៦៨​ឆ្នាំ ជា​មេទ័ព​ចូលនិវត្តន៍​ដែល​បាន​ឡើង​កាន់​អំណាច​ដំបូង​តាមរយៈ​រដ្ឋប្រហារ​មួយ​កាលពី​ប្រាំបី​ឆ្នាំ​មុន​។​លោក​បាន​រួចផុត​និង​បន្ត​កាន់​តំណែង​នៅ​ក្នុងការ​ជជីក​សួរ​ដេញដោល​និង​បោះ​​ឆ្នោត​សម្តែង​ការមិនទុកចិត្ត​ចំនួន​បី​លើក​មក​ហើយ​ចាប់តាំងពី​លោក​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​​កាលពី​ឆ្នាំ​២០១៩​។​

​ពួក​អ្នកវិភាគ​និយាយថា ក្រុមចំរុះ​១៧​គណបក្ស​របស់​លោកដែលមា​ន​សម្លេង​ភាគច្រើន​ក្នុង​សភា​២៥៣ ទល់​នឹង​ក្រុមប្រឆាំង​២០៨​សម្លេង​នឹង​អាច​អោយ​លោក​រួច​ផុត​ពី​ការបោះឆ្នោត​ទម្លាក់​នៅ​លើក​នេះ​ទៀត​​ទោះជា​ការស្ទង់មតិ​បង្ហាញថា​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់ចុះ​ក្តី​។​

​លោក​ប្រា​យុទ្ធ​ក៏​ជួប​ការ​ប្រឈម​មក​ពី​សមាជិក​សភា​ឧទ្ទាម​១៦​នាក់ ដែល​មុននេះ​ក្នុង​ឆ្នាំនេះ​ត្រូវ​បាន​បណ្តេញចេញ​ពី​គណបក្សកាន់អំណាច ហើយ​ពួកគេ​ប្តេជ្ញា​បោះឆ្នោត​គាំទ្រ​ក្រុមប្រឆាំង​។​

​សូមបញ្ជាក់​ថា រដ្ឋមន្ត្រី​ក្នុងគណ​រដ្ឋមន្ត្រី​ចំនួន​ដប់​រូប​ក៏​ត្រូវ​សភា​ហៅ​មក​សួរដេញដោល​ដែល​ដំណើរការ​នេះ​អាច​នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃ​សុក្រ និង​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​ទំនងជា​នឹង​ត្រូវ​ធ្វើ​​ឡើង​នៅ​ថ្ងៃ​សៅរ៍​។​

​ឆុន​ឡា​ណាន ស្រ៊ី​កែវ​( Chonlanan Srikaew)​មេដឹកនាំ​ប្លុក​ប្រឆាំង បាន​ប្រាប់​សភា​ថា​« កាន់​អំណាច​ប្រាំបី​ឆ្នាំ​មកនេះ លោកនាយក​រដ្ឋមន្ត្រី​ខកខាន​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​ប្រទេស បរាជ័យ​​ក្នុងការ​បង្កើត​កំណើន​ឬ​ធ្វើអោយ​សុខុមាលភាព​របស់​ប្រជាជន​ល្អប្រសើរ​ឡើង​។​ផ្ទុយទៅវិញ គាត់​បាន​បង្កើត​បញ្ហា​ថែម ជា​ពិសេស​រឿង​ពុករលួយ​»​។​

​ទោះជា​យ៉ាងណា លោក​ប្រា​យុទ្ធ​បាន​ច្រាន​ចោល​ការចោទប្រកាន់​ខា​ង​លើ ដោយ​លោក​និយាយថា​រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​ជាច្រើន រួម​មាន​ការ​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​មានជីវិត​ឡើងវិញ​និង​ផ្តល់​​វិធានការណ៍​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​ការលំបាករបស់ប្រជាជន​បង្កឡើង​ដោយ​ជំងឺ​ឆ្លងកូវី​ដ​។​

​ប្រា​យុទ្ធ ៖ ខ្ញុំ​ត្រូវតែ​បញ្ជាក់​អោយ​ច្បាស់​នៅ​ពេល​អ្នក​ចោទប្រកាន់ថា​ខ្ញុំ​បរាជ័យ វា​មិន​ពិត​ទាំងស្រុង

​ក្នុងពេល​ជាមួយគ្នា ក្រុម​តវ៉ា​ប្រឆាំង​ដឹកនាំ​ដោយ​ពួក​យុវជន ក៏មាន​ផែនការ​ធ្វើ​ការជួបជុំ​នៅ​ក្រៅ​សភា​ក្នុងពេល​មាន​ការ​ជជីក​សួរដេញដោល​សមាជិក​រដ្ឋាភិបាល​ដើម្បី​ដាក់​សម្ពាធ​លើ​នាយករដ្ឋមន្ត្រី​និង​​រដ្ឋមន្ត្រី​របស់​លោក​៕

​ប្រា​យុទ្ធ មុន​ចូល​សភា ហាក់​ពុំ​មាន​អារម្មណ៍​តានតឹង​ដោយសារតែ​ក្រុម​ចំរុះ​របស់​លោក​នៅ​មាន​សម្លេង​ភាគច្រើន​ក្នុង​សភា​