​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ក្រុម​ស្រាវជ្រាវ​មួយ​បាន​ស្នើ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI)​មួយ​ដែល​ក្នុងនោះ​រ៉ូបូ​តមិន​គ្រាន់តែ​ធ្វើ​ជា​អ្នក​ស្តាប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​អ្នក​និយាយ​ផងដែរ​ដោយ​ផ្តល់​​ឱកាស​ឱ្យ AI យល់​កាន់តែ​ច្បាស់​ពី​ការរំពឹងទុក​របស់​ម​នុស្ស​។​

​យោង​តាម​ការស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី Science Robotics បានឱ្យដឹងថា នៅក្នុង​ប្រព័ន្ធ AI នេះ​រ៉ូបូត​មួយក្រុ​មបាន​ទស្សនទា​យ​ពី​ចេតនា​របស់​មនុស្ស​ដោយ​យក​មតិ​​កែលម្អ​នៅនឹងកន្លែង​មក​ពិចារណា ខណៈ​ពន្យល់​ពី​ដំណើរការ​ធ្វើ​ការសម្រេច​ចិត្ត​របស់​ពួក​វា​ទៅកាន់​មនុស្ស ដោយ​បង្កើត​បាន​នូវ​ទំនាក់ទំនង​ទ្វេ​ទិស​។​

​ក្រុម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​មក​ពី​វិទ្យាស្ថាន​បេកាំង​សម្រាប់​បញ្ញា​សិប្បនិម្មិត​ទូទៅ​ហើយ​ការរកឃើញ​នេះ​បានបង្ហាញ​ថា​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​មនុស្ស​និង​រ៉ូបូត​ក្នុង​​ការងារ​ស្មុគស្មាញ​គឺ​អាច​សម្រេច​បាន​ជាមួយ​នឹង​គំរូ​សិក្សា​ដោយ​ផ្អែក​លើ​ទំនាក់ទំនង​ទ្វេ​ទិស​។​

​លោក ចេង ស៊ី​ឡុង (Zheng Zilong) ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខាងលើ បាន​និយាយថា “​ប្រសិនបើ​គោលដៅ​នៃ​កិច្ចការ​មួយ​អាច​ត្រូវបាន​ពណ៌នា​យ៉ាងច្បាស់ វា​មិនមែន​ជា​ការលំបាក​សម្រាប់ AI ដើម្បី​យល់​ពី​តម្រូវការ​នៃ​តម្លៃ​ភារកិច្ច​នោះឡើយ​”​។ ទោះយ៉ាងណា លោក​បាន​បន្ថែមថា គោលដៅ​នៃ​កិច្ចការ​ចម្រុះ​ច្រើន​មុខ​នៅក្នុង​ជីវិត​មិន​អាច​កំណត់​ដោយ​ផ្ទាល់​បានទេ​។​

​ឧទាហរណ៍​ជាក់ស្តែង លោក​ចេង​បាន​និយាយថា មនុស្ស​មាន​តម្រូវការ​ផ្សេងៗ​នៅ​ពេល​ពួកគេ​សុំ​កាហ្វេ​មួយ​ពែង ហើយ AI​ត្រូវ​ការទំនាក់ទំនង​បន្ថែម​ទៀត​មុន​ពេល​ស្វែងរក​ថា​តើ​កាហ្វេ​ប្រភេទ​ណា​ដែល​​ត្រូវបាន​កុម្ម៉ង់​។ ក្នុង​កិច្ចការ​នេះ រ៉ូបូ​តត្រូវធ្វើ​ជា​អ្នកស្តាប់ ដើម្បី​សន្និដ្ឋាន​អំពី​ចេតនា​ពី​ការណែនាំ​និង​ជា​អ្នក​និយាយ​ដើម្បី​ពន្យល់​ពី​ដំណើរការ​ធ្វើ​ការសម្រេច​ចិត្ត​របស់​វា​ដល់​អ្នក​ប្រើប្រាស់​៕

អ្នកចូលរួម​ម្នាក់​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​រ៉ូបូត​ក្នុងអំឡុង​កិច្ចប្រជុំកំពូល​លើកទី​១​នៃ​ការបង្កើត​គំនិត​ច្នៃប្រឌិត​សិប្បនិម្មិត​ជាតិ​ជី​ណាន នៅ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ ២០២១