​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ កក្កដា​ថា​ខ្លួន​កំពុង​សម្លឹង​រក​កិច្ចព្រមព្រៀង​នាំចូល​ជាមួយ​អ្នកផ្គត់ផ្គង់​ជីរ​ធំជាងគេ​មួយចំនួន​​របស់​ពិភពលោក រួម​ទាំង​ប្រទេស​ចិន​និង​រុស្ស៊ី ដើម្បី​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​និង​បង្កើន​ផលិតកម្ម​ស្បៀង ចំ​ពេល​មាន​អតិផរណា​ខ្ពស់​។​

​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr.) គ្រោង​នឹង​ទៅ​ដល់​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌូនេស៊ី អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​ម៉ាឡេស៊ី​ដើម្បី​ទទួលបាន​ការផ្គត់ផ្គង់​ជីរ​ក្នុងតម្លៃ​​សមរម្យ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​របស់​លោក​។​

​លោក​ម៉ាកូស​បាន​ប្តេជ្ញា​ថា​នឹង​ជំរុញ​ទិន្នផល​កសិកម្ម​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ខាងមុខ ដោយ​និយាយថា គាត់​ចង់ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ការ​នាំចូល​ស្បៀងអាហារ និង​ចៀស​សវាង​ការ​រងគ្រោះ​យ៉ាង​ខ្លាំង​ដោយ​វិបត្តិ​ស្បៀង​អាហារ​ដែល​កំពុង​កើត​មាន​ជុំវិញ​ពិភពលោក​។​

​មន្ត្រី​កសិកម្ម​បាន​ព្រមាន​អំពី​តម្លៃ​អង្ករ​ក្នុងស្រុក​ឡើងថ្លៃ​ខ្ពស់ ដែល​ជា​អាហារ​សំខាន់​បំផុត​របស់​ប្រទេស​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ ដែល​មួយ​ផ្នែក​គឺ​ដោយសារតែ​ការ​ឡើងថ្លៃ​ជីរ​ដែល​ការផ្គត់ផ្គង់​ត្រូវបាន​រំខាន​​ដោយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុ​យក្រែន​។ ហ្វីលីពីន​នាំចូល​ជីរ​ភាគច្រើន​ពី​បរទេស​។​

​ជំរុញ​មួយ​ផ្នែក​ដោយ​ការចំណាយ​ខ្ពស់​លើ​មុខម្ហូប​មួយចំនួន អតិផរណា​នៅ​ហ្វីលីពីន​ជា​មធ្យម​មាន ៤,៤ ភាគរយ​នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ដោយ​លើសពី​គោលដៅ​ផ្លូវការ ២ ភាគរយ​ទៅ ៤​ភាគរយ​​ជាមួយនឹង​អត្រា​ខែ​មិថុនា​គឺ ៦,១ ភាគរយ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ​។​

​លោក​ម៉ាកូស​បាន​និយាយថា​គាត់​កំពុង​ព្យាយាម​ជូនដំណឹង​ជា​ផ្លូវការ​ដល់​ប្រទេស​ទាំង​ប្រាំ​អំពី​ផែនការ​របស់​គាត់​ក្នុង​ការទិញ​ជីរ​ក្នុង​បរិមាណ​ជាក់លាក់​មួយ​។​

​យោង​តាម​អាជ្ញាធរ​ជីរ​និង​ថ្នាំ​សម្លាប់​សត្វល្អិត​បានឱ្យដឹង​ថា ប្រទេស​ហ្វីលីពីន​ប្រើប្រាស់​ជីរ​ចំនួន ២,៥ លាន​តោន​ជា​រៀងរាល់ឆ្នាំ​៕

​ប្រទេស​ហ្វីលីពីន​ប្រើប្រាស់​ជីរ​ចំនួន ២,៥ លាន​តោន​ជា​រៀងរាល់ឆ្នាំ