​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា​មួយ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី ១៩ កក្កដា​នេះ​ថា ខ្លួន​បាន​ចាប់​ទាហាន​រដ្ឋាភិបាលយោធា​ចំនួន ១៤ នាក់​និង​សម្លាប់​​ក្នុង​ចំនួន​មិន​បាន​បញ្ជាក់​នៅក្នុង​ការ​វាយ​សំពង​ចុងក្រោយ​បំផុត​ចំពោះ​សន្តិភាព​ដ៏​ផុយ​ស្រួយ​នៅក្នុង​តំបន់​ក្រោយ​រដ្ឋប្រហារ​។​

​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋប្រហារ​របស់ខ្លួន​កាលពី​ឆ្នាំមុន របប​យោធា​បាន​អះអាង​ជា​ថ្មី​នូវ​បទ​ឈប់​បាញ់​ជាមួយ​កងទ័ព​អា​រ៉ា​កាន់​(AA)​ដែល​បាន​ប្រយុទ្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​សង្គ្រាម​ទាមទារ​ស្វ័យ​​ភាព​សម្រាប់​ប្រជាជន​ជនជាតិភាគតិច​រ៉ា​ឃី​ន​នៃ​រដ្ឋ​រ៉ា​ឃី​ន​។​

​ដោយសារ​បទ​ឈប់​បាញ់​នេះ រដ្ឋ​ភាគ​ខាង​លិច​មួយ​នេះ​បាន​ក្លាយជា​កន្លែង​សន្តិភាព​ដ៏​កម្រ​មួយ នៅក្នុង​ប្រទេស​មួយ​ដែល​ឃើញ​ប្រជាជន​ភាគច្រើន​របស់​ខ្លួន​រុញច្រាន​ប្រឆាំងនឹង​ការគ្រប់គ្រង​ដោយ​យោធា ខណៈ​របប​យោធា​បង្ក្រាប​យ៉ាង​ហិង្សា​លើ​អ្នក​ប្រឆាំង​។​

​ប៉ុន្តែ​បទ​ឈប់​បាញ់​បាន​រលត់ទៅវិញ ដោយ​មាន​ការប៉ះទង្គិច​គ្នា​រប៉េះរប៉ោះ​តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន ហើយ​ភាគី​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ពី​បទ​រំលោភ​លើ​ទឹកដី និង​បំពាន​អ្នកគាំទ្រ​គ្នា​រៀងៗ​ខ្លួន​។​

​អ្នកនាំពាក្យ​របស់ AA លោក ឃៀង ធូ​ខា (Khaing Thukha) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា បន្ទាប់​ពី​ការប៉ះទង្គិច​គ្នា​ចំនួន​ពីរ​នៅក្នុង​ទីក្រុង​មួង​ដោ (Maungdaw) ជិត​ព្រំដែន​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​ចន្ទ “​ទាហាន ១៣ នាក់​និង​មន្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​” និង​អាវុធ​មួយចំនួន​ត្រូវបាន​រឹបអូស​។​

​អ្នកនាំពាក្យ​បាន​និយាយថា ទាហាន​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ តែ​មិន​បាន​ផ្តល់​តួលេខ​ជាក់លាក់​ណាមួយ​ឡើយ​៕

​កងទ័ព​អា​រ៉ា​កាន់ (AA) បាន​ប្រយុទ្ធ​ជាច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​សង្គ្រាម​ទាមទារ​ស្វ័យភាព​សម្រាប់​ប្រជាជន​ជនជាតិភាគតិច​រ៉ា​ឃី​ន​នៃ​រដ្ឋ​រ៉ា​ឃី​ន