​ប្រែ​សម្រួលៈ​បំណង​(ST)៖ ចិន​បាន​ទាមទារ​អោយ​អាម៉េរិក​លុបចោល​ជាបន្ទាន់​ការលក់​អាវុធ​ចុងក្រោយ​បំផុត​របស់​ខ្លួន​ទៅអោយ​កោះ​តៃវ៉ាន់ នេះ​បើ​តាម​សារព័ត៌មាន​ចិន​បាន​ស្រង់​សម្តី​ក្រសួង​ការពារ​​ជាតិចិន​ក្រោយពី​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ក្រសួងការបរទេស​អាម៉េរិ​កបាន​អនុម័តកា​រលក់​គ្រឿងប​ន្លា​ស់​យោធា​ទៅ​អោយ​តៃវ៉ាន់​ក្នុង​តំលៃ​១០៨​លាន​ដុល្លារ​។​

​បើ​តាម​ក្រសួង​ការពារជាតិ​អាម៉េរិក អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​ស្នើសុំ​ជំនួយ រួម​មាន​គ្រឿងបន្លាស់​សំរាប់​រថក្រោះ និង​យានយន្ត​ប្រយុទ្ធ​ព្រមទាំង​ការគាំទ្រ​ឡូ​ជី​ស្ទិច​និង​បច្ចេកទេស​ពី​អ្នកម៉ៅការ​និង​រដ្ឋា​ភិ​​បាល​អាម៉េរិក​។​

​នៅ​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា​នៅ​ដែរ ក្រសួងការបរទេស​ចិន​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​(Nancy Pelosi)​ទៅ​មក​កាន់​កោះ​តៃវ៉ាន់​នឹង​​ប៉ះពាល់​អធិបតេយ្យភាព​ព្រមទាំង​បូរណភាព​ទឹកដី​ចិន​យ៉ាងធ្ងន់ធ្ងរ ហើយ​អាម៉េរិក​នឹង​ទទួល​ផលវិបាក​។​

​អ្នកនាំពាក្យ​ក្រសួង​លោក ចា​វ លី​ជៀន បាន​និយាយ​ក្នុង​សន្និសីទកាសែត​ជា​ទៀត​ទាត់​មួយ​ថា លោកស្រី​ផេ​ឡូ​ស៊ី​មាន​ផែនការ​មក​ធ្វើ​ទស្សនកិច្ច​តៃវ៉ាន់ នៅ​ខែ​សីហា ហើយ​ចិន​នឹង​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​មួយ​របស់​ខ្លួន ហើយ​អាច​នឹង​ប្រើ​កងកម្លាំង​ដើម្បី​នាំ​កោះ​សេរីនិយម​នេះ​មក​នៅ​ក្រោមការគ្រប់គ្រង​របស់​មហា​ចិន​ដីគោក ក្នុង​ករណី​ចាំបាច់​ឬក៏​ក្នុង​ករណី​​អាជ្ញាធរ​កោះ​នេះ​ប្រកាស​ឯករាជ្យ​។​

តាមពិត​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិះ​(​តៃវ៉ាន់​)​ទេ តែ​មាន​ការិយាល័យ​ទំនាក់ទំនង​ដែល​អាច​ថា​ជា​ស្ថានទូត​តាម​ការជាក់ស្តែង​ហើយ​ប្តេជ្ញា​ការពា​រកោះ​នេះ​ពី​ការ​វាយ​​ប្រហារ​ពី​ចិន​ផង​។​

​ច្បាប់​អាម៉េរិក​តំរូវ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​តៃវ៉ាន់​ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន ៕

​ប្រធានសភា​អាម៉េរិក​លោកស្រី​ផេ​ឡូ​ស៊ី គ្រោង​នឹង​មក​តៃវ៉ាន់​នៅ​ខែ​ក្រោយ​