ដោយៈ​ដេប៉ូ​/ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ថា​កម្មករ និយោជិត ​ក៏ដូចជា​និយោជក​(​ថៅកែ​)​នឹង​ត្រូវមាន​កាតព្វកិច្ច​បង់ប្រាក់របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ចាប់ពី​ថ្ងៃទី​១​ខែវិច្ឆិកា តទៅ​ដើម្បី​ទទួលបាន​ប្រាក់​សោធន​នៅពេល​អាយុ​ចូលនិវត្តន៍​។​នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​បស​.​ស​.)​។​

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពិធី​ផ្សព្វផ្សាយ​លើក​ទី​៥ ក្នុង​យុទ្ធនាការ ៩០​ថ្ងៃស្ដីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្ដីពី​ការងារ​នា​សណ្ឋា​គារ​ហ្គា​ឌិន​ស៊ី​ធី​(រូបថតដេប៉ូ)

ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុង​ពិធី​ផ្សព្វផ្សាយ​លើក​ទី​៥ ក្នុង​យុទ្ធនាការ ៩០​ថ្ងៃស្ដីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្ដីពី​ការងារ​នា​សណ្ឋា​គារ​ហ្គា​ឌិន​ស៊ី​ធី​នា​ព្រឹក​ថ្ងៃទី​១៩​ខែ កក្កដា ឆ្នាំ ២០២២​នេះ​លោក ​អ៊ុក សមវិទ្យា ​បានឱ្យដឹងថា​ការបង់ប្រាក់​វិភាគទាន​សម្រាប់​ប្រាក់​សោធន​នេះ​ចាំបាច់​ត្រូវអនុវត្ត​តាមច្បាប់ ហើយ​កម្មករនិយោជិត និង​ក៏ដូចជា​និយោជក​(​ថៅកែ​)​ត្រូវតែមាន​កាតព្វកិច្ច​បង់ ហើយ​ចំពោះ​ថវិការ​បង់​វិភាគទាន​នេះ​និយោជក​ជា​អ្នក​កាត់​តាម​រោងចក្រ​សហគ្រាស​របស់ខ្លួន​។​

​លោក អ៊ុក សមវិទ្យា​ បានបញ្ជាក់​​ថា​”​យើង​ចាប់ផ្តើម​បង់​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា ដោយសារ​យើង​យក​វិភាគទាន​នៅ​ខែតុលា អញ្ចឹង​មានន័យថា​គាត់​ជាប់​កាតព្វកិច្ច​ពី​ខែតុលា​តទៅ មានន័យថា​យើង​ជាប់​វិភាគទាន​ពី​ខែតុលា​ប៉ុន្តែ យើង​ចាប់​ផ្តើ​បង់​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​នេះ​ទៅ​។​អាហ្នឹង​ជា​បច្ចេកទេស​គេ​ធ្វើ​អញ្ចឹង​”​។​

​លោក​បាន​ពន្យល់​បន្ថែមថា​”​ការបង់​វិភាគទាន​ប្រាក់​សោធន​នេះ​គឺ​វិ​និយោជក​ជា​អ្នក​កាត់​ប្រាក់ខែ​កម្មករ និយោជិត​។​គាត់​កាត់​ប្រាក់​វិភាគទាន​ប្រាក់​សោធន​រួម​ជាមួយនឹង​ប្រាក់​វិភា​ន​ទាន​ចំណែក​របស់គាត់​(​និយោជក​)​ឧទាហរណ៍​កម្មករ និយោជិត ​បង់​២​ភាគរយ​ឬក៏​អាច​ប្រមាណ​៥​ដុល្លារ និយោជក​បន្ថែម​៥​ដុល្លារ​បន្ថែមទៀត​មក​រួម​១០​ដុល្លារ​បង់​ចូល ប​.​ស​.​ស​”​។​

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពិធី​ផ្សព្វផ្សាយ​លើក​ទី​៥ ក្នុង​យុទ្ធនាការ ៩០​ថ្ងៃស្ដីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្ដីពី​ការងារ​នា​សណ្ឋា​គារ​ហ្គា​ឌិន​ស៊ី​ធី​(រូបថតដេប៉ូ)

លោក​ក៏បាន​ពន្យល់​ដែរ​ថា ចំពោះ​កម្មករនិយោជិត​ណា​ម្នាក់​ដែល​គាត់​ធ្វើការ​មិនជា​ប់លាប់​ឬមួយ​ក៏​រោងចក្រ​សហគ្រាស​របស់គាត់​បាន​ព្យួរការងារ​មួយរយៈ​ក៏​មិន​ព្រួយបារម្ភ​ដែរ​ពីព្រោះ​ថាបើ​ទោះ​ឈ្មោះ​របស់គាត់​បាន​ព្យួរ​ក្តី ក៏​នៅក្នុង​ប្រព័ន្ធ​ដដែល​ទេ។​​បើ​រោងចក្រ​បើក​ដំណើរ​ការងារ ឬ​បងប្អូន​កម្មករនិយោជិត​បាន​ទៅរក​ការងារ​ធ្វើ​ឡើងវិញ​ឈ្មោះ​របស់គាត់​នឹង​ត្រូវបាន​បញ្ចូល​ឡើងវិញ​។​នេះ​មានន័យ​ថាបើ​គាត់​អត់​ការងារ​គឺ​គាត់​នឹងត្រូវ​ផ្អាក​សិន ហើយ​បើ​គាត់​រក​ការងារ​ថ្មី​បាន​នឹងត្រូវ​បន្ត​ប្រព័ន្ធ​វិភាគទាន​ប្រាក់​សោធន​បន្តទៀត​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​រក្សា​ចំនួន​ឆ្នាំ​វិភាគទាន​នេះ​។​ហេតុនេះ​បើ​កម្មករនិយោជិត​ណា​អត់​លទ្ធភាព​នឹងត្រូវ​ព្យួរ​ឈ្មោះ​ទុក​សិន ហើយ​នៅពេល​គាត់​រក​ការងារ​បាន​គឺ​គាត់​ត្រូវ​មានការ​ត​ព្វ​កិច្ច​ត្រូវ​បង់​បន្តទៀត​ដើម្បី​រក្សា​ប្រាក់​សោធន​របស់គាត់​។

ជុំវិញ​ការបង់ប្រាក់​សោធន​នេះដែរ លោក បាន​ពន្យល់​បន្ថែមថា​”​ការបង់ប្រាក់​វិភាគទាន​បើ​កម្មករនិយោជិត​​​ណាប​ង់​បាន​ច្រើន​គឺ​នឹង​ទទួលបាន​ច្រើន​ទៅតាម​នេះដែរ ផ្ទុយ​មកវិញ​ការបង់​របស់គាត់​បាន​តិច​នោះ​ការទទួលបាន​ប្រាក់​សោធន​នៅពេល​ចូលនិវត្តន៍​ក៏បាន​តិច​ទៅតាម​នោះដែរ​”​។​

លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​បស​.​ស​.)

លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. បាន​ថ្លែងថា ​ការបង្កើតឱ្យ មាន​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ថ្មី​នេះ គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គ តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​កាត់បន្ថយ​នូវ​គម្លាត​ប្រាក់ចំណូល​រវាង​អ្នកមាន និង​អ្នកក្រ ដើម្បី​ធានាឱ្យមាន​ស្ថិរភាព និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម​។​

​លោក​រដ្ឋមន្ត្រីបាន​ថ្លែង​បញ្ជាក់​បន្ថែមថា ប្រសិនបើ​គ្មាន​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នេះ​ទេនៅពេល ដែល​បងប្អូន​ដល់​អាយុ​ចូលនិវត្តន៍ វ័យ​កាន់តែ​ចាស់ សុខភាព​ចុះខ្សោយ មិនអាច​ប្រក​បរបរ ឬ​ធ្វើការ​ពេញលេញ​ដើម្បី​រកប្រាក់​ចំណូល​បាន នោះ​បងប្អូន​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ អាច​ធ្លាក់ចូល​ក្រោម​បន្ទាត់​ភាពក្រីក្រ ព្រោះ​នៅពេលដែល​ឈឺ​គ្មាន​ថវិកា​ដើម្បី​ព្យាបាល ប៉ុន្ដែ​នៅពេលដែល​បងប្អូន​មាន​ផ្នែក​ប្រាក់​សោធន​នេះ បងប្អូន​នឹង​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ រួមទាំង​ការថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​( ហៅ GMAC)

ជុំវិញ​ការបង់ប្រាក់​សោធន​នេះដែរ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​( ហៅ GMAC) បាន​ថ្លែង​ដោយ​ការព្រួយបារម្ភ​ថា​ បច្ចុប្បន្ន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​មិនទាន់​បានបញ្ចប់ និង​ព្រម​ជាមួយគ្នា​ការផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាមួយ​ប្រទេស​រ៉ុ​ស្ស៊ី​ក៏​កំពុង​កើតមាន​ដែល​គេ​កំពុងមាន​ការព្រួយបារម្ភ​ពី​លទ្ធភាព​ការនាំចេញ ហេតុនេះ​វា​អាចជា​ការ​ជះ​ផល​អាក្រក់​ណាមួយ​ដល់​ក្រុម​និយោជក​ផងដែរ​។ទោះបីយ៉ាង ណា​វា​ជា​បញ្ហា​ប្រឈម​តែ​យើង​ត្រូវ​ព្យាយាម​ជម្នះ​វា​ឱ្យបាន​ផងដែរ​។​ទន្ទឹម​នេះ​លោក​ក៏បានសំណូម​ដល់​រាជរដ្ឋាភិបាល​ធ្វើកំណែទម្រង់​សាធារណៈ​។ក្នុងនេះ​ដូចជា​ ផ្តល់​សេវាសាធារណៈ​ឱ្យ​បានល្អ​បន្ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ឯកជន​ ​ងាយស្រួល​ក្នុងការ​ប្រកប​ធុរកិច្ច​ការវិនិយោគ​​ដោយ​ធានា​នូវ​ការប្រកួតប្រជែង​ក្នុង​ការនាំ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ហើយ​អាច​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ​បាន​។​នៅពេល​អ្វីៗ​ទាំងអស់នេះ​អាចធ្វើ​ទៅបាន​គឺ​វា​ជួយ​សម្រាល​នូវ​បន្ទុក​ក្នុងការ​ចំណាយ​នានា​ទាំងនេះ​ផងដែរ​។​

លោក​បាន​អំពាវនាវ​ឱ្យ​កម្មករ និយោជិត ​ព្យាយាម​សហការ​ជាមួយ​និយោជក​សំដៅ​ធ្វើយ៉ាងណា​លើកកម្ពស់​ប​ផលិតភាព ហើយ​មានតែ​ផលិតភាព​នេះដែរ​ដែល​នាំមក​នូវ​ប្រាក់ចំណូល​ដល់​រោងចក្រ​សហគ្រាស​ដែលជា​បន្ទុក​មួយ​នៃ​ការចំណាយ​បន្ថែម​ទាំងនេះ​៕ សរន
ពិធី​ផ្សព្វផ្សាយ​លើក​ទី​៥ ក្នុង​យុទ្ធនាការ ៩០​ថ្ងៃស្ដីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្ដីពី​ការងារ​នា​សណ្ឋា​គារ​ហ្គា​ឌិន​ស៊ី​ធី​(រូបថតដេប៉ូ)