​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រតិភូ​កីឡា​និស្សិត​កម្ពុជា ត្រូវ​ចូលរួម​ប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​ព្រះរាជាណាចក្រ​ថៃ បន្ទាប់ពី​លើក​ពេល​កាលពី​ឆ្នាំ​២០២១ កន្លងទៅ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក ស សុខា បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១០០ ដុល្លារ ក្នុង ១​នាក់ ជូន​ដល់​ប្រតិភូ​កីឡា​និស្សិត​កម្ពុជា ចំនួន ៤៨​នាក់ ដែល​ត្រូវ​ចូលរួម​ប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ នៅ​ប្រទេស​ថៃ ។

​លោក ស សុខា បានបញ្ជាក់​ថាៈ ការប្រកួត​កីឡា​សាកលវិទ្យាល័យ កម្រិត​អាស៊ាន​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើ​រៀងរាល់ ២ ឆ្នាំ​ម្ដង ក្នុង​គោលបំណង​ជួបជុំ​និស្សិត ក្នុង​តំបន់​អាស៊ាន ដើម្បី​ប្រកួត​កីឡា និង​ផ្លាស់ប្ដូរ​វប្បធម៌ ប្រពៃណី បង្កើន​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ភាព​សុខដុម​នីយកម្ម ដែល​ឆ្នាំនេះ ជា​លើក​ទី​២០ ហើយ នៅលើ​ទឹកដី នៃ​ប្រទេស​ថៃ ។​

​លោក ស សុខា បាន​ផ្ដាំផ្ញើ​ដល់​ប្រតិភូ​កីឡា​ទាំងអស់ ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ នៅ​ប្រទេស​ថៃ ចំនួន ៧ ចំណុច រួមមានៈ

១. សូម​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ខ្ពស់ ជាពិសេស ៣​កុំ ៣​ការពារ ទាំង​ការធ្វើដំណើរ និង​ដល់​ប្រទេស​ថៃ ដែល​មិនត្រូវ​ធ្វេសប្រហែស និង​មើលស្រាល​លើ​កូ​វីដ​-១៩ បំប្លែង​ថ្មីៗ​នោះឡើយ ។
២. សូម​យកចិត្តទុកដាក់ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​គោលការណ៍ និយាម​បច្ចេកទេស ដែល​បាន​កំណត់ដោយ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ។​
៣. សូម​រក្សា​សីលធម៌​ល្អ ចេះ​គោរព ចេះ​អធ្យាស្រ័យ និង​យោគយល់​គ្នា ដើម្បី​ធានា​ឲ្យ ការចូលរួម​ប្រកួត ប្រកបដោយ​សុខ​សុវត្ថិភាព យុត្តិធម៌ រក​ឲ្យ​ឃើញ​កីឡាករ កីឡាការិនី​ឆ្នើម ពិតប្រាកដ ដែលមាន​ទេពកោសល្យ និង​កាយសម្បទា​ល្អ សម្រាប់​បន្ត​បណ្ដុះបណ្ដាល ឱ្យក្លាយ​ទៅជា​កីឡាករ កីឡាការិនី តំណាង​ជាតិ ។​
៤. ត្រូវ​ចេះ​ចងមិត្តភាព សាមគ្គីភាព យល់ដឹង​ពី​ប្រពៃណី និង​វប្បធម៌​របស់​បណ្តា​ប្រទេស អាស៊ាន ដែល​ចូលរួម និង​ត្រូវ​បណ្ដុះ​គំនិត​ស្រលាញ់​ជាតិ និង​ការចេះ​សហការគ្នា​ជា​ក្រុម ។​
៥. សង្ឃឹម​មុតមាំ​ថា ក្រុម​កីឡាករ កីឡាការិនី និស្សិត​យើង​ឆ្នាំនេះ នឹង​ទទួលបាន​លទ្ធផល​ល្អ និង​មេដាយ​ច្រើនជាង​ឆ្នាំមុនៗ ។
៦. សូម​ថ្នាក់ដឹកនាំ​យើង​ទាំងអស់ ដើរតួនាទី​ជួយ​សម្រួល​រាល់​បញ្ហា​ប្រឈម​នានា ទាំង​ការ​ស្នាក់នៅ ហ្វឹកហាត់ ប្រកួត និង​ជា​អ្នកផ្ដល់​ការគាំទ្រ​ធំធេង ដល់​អត្ត​ព​លិ​ក ។​
៧.​សូម​ថ្នាក់ដឹកនាំ​ទាំងអស់ យកចិត្តទុកដាក់ រៀនសូត្រ​អំពី ការរៀបចំ​ព្រឹត្តិការណ៍​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ ដោយ​ចេះ​កត់ចំណាំ​រាល់​ចំណុច​ថ្មីៗ ឬ​កត់ត្រា ចំណុច​ល្អៗ របស់​ម្ចាស់ផ្ទះ​ថៃ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​កម្ពុជា ជាពិសេស​ស៊ី​ហ្គេម ឆ្នាំ​២០២៣ តែម្ដង​។​

​លោក ស សុខា បាន​រំលឹក​ពី​ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​១៩ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​សិស្ស និស្សិត ចំនួន ៧៧ នាក់ ដោយ​ទទួលបាន​លទ្ធផល មេដាយ​សរុប ចំនួន ២៧ គ្រឿង ក្នុងនោះ​មេដាយមាស ៥ គ្រឿង ប្រាក់ ១០ គ្រឿង និង​មេដាយ​សំរឹទ្ធ ១២ គ្រឿង ប៉ុន្តែ​យ៉ាងណាក្ដី ចំណាត់ថ្នាក់​រួម​កម្ពុជា​យើង ស្ថិតក្នុង​លំដាប់​ទី​៨ ដែល​នៅ​ចំណាត់ថ្នាក់ លើ​ប្រទេស​ទី​ម័​រ​ឡេ​ស្ត ហ្វីលីពីន និង​ព្រុយ​ណេ ។

​នេះ​បញ្ជាក់​ពី​ភាព​រីកចម្រើន​ដ៏​ធំធេង និង​ត្រចះត្រចង់ ដែល​បានរួម​ចំណែក ក្នុង​ការកសាង ធនធានមនុស្ស និង​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ ហើយ​ក៏បាន​ចូលរួមចំណែក ពង្រឹងសមត្ថភាព​បច្ចេកទេស ស្របតាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល និង​កំពុងធ្វើការ កែទម្រង់​ស៊ីជម្រៅ ដោយ​វិមជ្ឈការ​ការងារ ជាពិសេស​កំណែទម្រង់​កា​រ​ប្រកួត​គ្រប់​កម្រិត​គឺ​៖

​ទី​១. ការរៀបចំ​ការប្រកួត​កីឡា​ជាតិ National Games រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ។​
​ទី​២. ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក ៤​ប្រភេទ​កីឡា ប្រចាំឆ្នាំ មកជា​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ ជា​លក្ខណៈ​ហ្គេម​វិញ ( National School Games ) ស្របទៅតាម​ការប្រកួត​កីឡា​សិស្ស​អាស៊ាន (ASEAN School GAMES) ។​
​ទី​៣. ការប្រកួត​កីឡា​ឧត្ដមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស ជ្រើសរើស​ជើងឯក ៤ ប្រភេទ កីឡា​ប្រចាំឆ្នាំ មកជា​ការប្រកួត​កីឡា សាកលវិទ្យាល័យ​ថ្នាក់ជាតិ ជា​លក្ខណៈ​ហ្គេម (National University GAMES) ស្របតាម​ការប្រកួត​កីឡា​សាកលវិទ្យាល័យ អាស៊ាន (ASEAN University GAMES) និង​ការប្រកួត​កីឡា​សាកលវិទ្យាល័យ ពិភពលោក​រដូវក្ដៅ (World Summer Universiade) ។

​សូមបញ្ជាក់ថា រាល់​ការ​កំណែទម្រង់​ខាងលើនេះ គឺ​ដើម្បី​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​៕/V​