ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ កម្លាំង​ជំនាញ ឆ្មក់​បង្ក្រាប​ទីតាំង​ស្តុក​ស្រា និង​បារី​ខុសច្បាប់ ២​កន្លែង ក្នុងស្រុក​សំពៅ​លូន ដែល​រកស៊ី​រាប់​ឆ្នាំ នាំ​ទំនិញ​ខាងលើ ចូល​ប្រទេស​ថៃ​។​

​នគរបាល បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថាៈ ប្រតិបត្តិការ​ខាងលើ ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០២២ លើ​ទីតាំង​ផ្សេងគ្នា ចំនួន ២​កន្លែង ឋិត​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយបាន​រឹបអូស​យក​វត្ថុតាង ខុសច្បាប់​ជាច្រើន ប៉ុន្តែ​ម្ចាស់​ទីតាំង​ដឹងខ្លួន​មុន បាន​គេចខ្លួនបាត់​។​

​ការអនុវត្ត​ច្បាប់ ជា​ករណី​ដំបូង​នេះ ដឹកនាំ​បង្ក្រាប​ដោយ មន្ត្រី​ក្រឡាបញ្ជី លោក គឹម ប៊ុនធឿន រួមទាំង​លោក យី យក់​សាន នាយការិយាល័យ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ជាមួយនឹង​កម្លាំង នគរបាល​មូលដ្ឋាន​ផងដែរ​។​

​ប្រភព​ដដែល បាន​បន្ថែមថាៈ ក្រោយ​ការសង្ស័យ កម្លាំង​ជំនាញ បាន​ចុះ​ស្រាវជ្រាវ រយ​:​ពេល​យ៉ាងយូរ និង​ចុងក្រោយ កម្លាំង​ពាក់ព័ន្ធ​ខាងលើ បានសម្រេច​ចុះ​ឆែកឆេរ ឃ្លាំង​ស្តុក​ទំនិញ​ទាំង ២ កន្លែង​នោះ ហើយ​ក្នុងនោះ បាន​រកឃើញ​មាន ស្តុក​ស្រា និង​បារី ជាច្រើន ត្រៀម​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​។ ទីតាំង​ទី​១ រកឃើញ​នៅត្រង់ចំណុច ក្បែរ​ច្រកទ្វារ​អន្តរជាតិ គីឡូ​១៣ ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​ម្ចាស់ ទីតាំង​មានឈ្មោះ សិ​ដ្ឋ ។ ដោយឡែក​ទីតាំង​ទី​២ ឋិត​នៅក្នុង​ភូមិសាស្ត្រ​ក្បែរ​គ្នា ម្ចាស់​ទីតាំង​ជា​ស្រី្ត ឈ្មោះ​វី ។​

​មកទល់ពេលនេះ នៅ​មិនទាន់មាន​ព័ត៌មាន​លម្អិត អំពី​ចំនួន​ទំនិញ ដែល​ដកហូត​បាន ពី​ក្រុម​ឈ្មួញ នៅឡើយ​ទេ​៕/V​