ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​រសៀល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក មី​យ៉ា​សា​គី ម៉ាសា​អូ (MIYAZAKI Masao) អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ប្រទេស​ជប៉ុន​។

​លោក មី​យ៉ា​សា​គី ម៉ាសា​អូ បាន​រំលឹក​ពី​អនុស្សាវរីយ​ជាង ២០​ឆ្នាំ ក្នុងនាម​លោក ជា​ទីប្រឹក្សាបច្ចេកទេស​នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ហើយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​គួរ​ឲ្យ​កត់​ស​ម្កាល់ ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​នាឱកាស​នោះ លោក​ក៏ បានបញ្ជាក់​ពី​ខ្លឹមសារ​ពិភាក្សា​លើ​ចំណុច ៥​សំខាន់ ទី​១- ពិនិត្យ​លើ​ការអនុវត្ត​សេចក្តីសម្រេច​ក្នុង​កិច្ចប្រជុំ​អាស៊ាន បូក​៣ កាលពី​ខែតុលា ឆ្នាំ​២០២១ ស្តីពី “​ការបង្កើត​ប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព​នៅ​អាស៊ាន​” ក្នុងនោះ​ក៏មាន​កិច្ចសហការ​លើ​ការស្រាវជ្រាវ​រួមគ្នា ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ឆ្លាត​វៃ (smart agriculture) ក្នុងនាម​ភាពជា​ដៃគូ​។ ទី​២- ស្ថាប័ន​ស្រាវជ្រាវ​ជប៉ុន​កំពុង​សហការ ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ធ្វើការ​ស្រាវជ្រាវ​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ទឹក​ក្នុង​ស្រែ និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ផ្ទះ​កញ្ចក់​។ ទី​៣- កា​នាំចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ទីផ្សារ​ជប៉ុន ទី​៤- ការគាំទ្រ​របស់​ជប៉ុន​ក្នុងការ​ស្តារ​ព្រៃឈើ​ឡើងវិញ និង​ទី​៥-​ស្នើសុំ​ឲ្យ​ភាគី​កម្ពុជា​ជួយ​គាំទ្រ​ផលិតផល​កសិកម្ម​ជប៉ុន​ដែល​បាន​នាំ​ចូលមក​កម្ពុជា​។

​ក្រៅពីនេះ លោក មី​យ៉ា​សា​គី ម៉ាសា​អូ ក៏បាន​ជម្រាប​លោក​រដ្ឋមន្ត្រី​ផងដែរ​ថា ភាគី​ជប៉ុន​មានបំណង​ចង់​ផ្តល់​កិច្ចសហការ​លើ​ការកសាង​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម និង​បន្ត​ខិតខំ​ប្រឹងប្រែង​កសាង​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី តាមរយ​:​អង្គការ JICA ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​នាពេល​អនាគត និង​ជួយ​លើ​ការងារ​ដាំ​ឈើ​។

​ដោយឡែក លោក វេ​ង សាខុន ក៏បាន​ជម្រាបជូន​ភ្ញៀវ​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម ដំណាំ​សំខាន់ៗ​ដែលមាន​អាទិភាព​សម្រាប់​នាំចេញ និង​អតិរេក​ស្បៀង ដោយ​កម្ពុជា​សល់​ស្រូវ ជាង ៦​លាន​តោន​។ អ្វីដែល​សំខាន់​នោះ គឺ​កម្ពុជា​ត្រូវការ​ការកសាង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ ការពង្រឹង​លើ​ការផលិត កែច្នៃ​វត្ថុធាតុដើម និង​ការលើកកម្ពស់​សមត្ថភាព​ផលិត គុណភាព ពិសេស​ការកែច្នៃ​គ្រាប់ស្វាយចន្ទី គឺជា​អាទិភាព​ខ្ពស់​ដែល​ក្រសួង​បាននិងកំពុង​សហ ការ​ជាមួយ​ដៃ​គួ​អភិវឌ្ឍ និង​វិស័យ​ឯកជន ពិសេស​អង្គការ JICA ធ្វើយ៉ាងណា​បង្កើន​សមត្ថ​ភាព​កែច្នៃ ឆ្លើយតប​តាម​ស្តង់ដា​ទីផ្សារ​ជប៉ុន​។ ករណីនេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយ​:​អង្គការ JICA ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​កែច្នៃ​គ្រាប់ស្វាយចន្ទី ហើយ​បរិមាណ​នាំចេញ​ទៅកាន់​ទីផ្សារ​ជប៉ុន​មានការ​កើនឡើង​ជា​បន្ត បន្ទាប់​។

​ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល លោក​រដ្ឋមន្ត្រី​បា​នប​ង្ហ​ញ​នូវ​ឆន្ទ​:​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​លើ​ចំណុច​សំខាន់ៗ​ទាំង​៥ ដែល​លោក មី​យ៉ា​សា​គី ម៉ាសា​អូ បានលើកឡើង​ខាងលើ​។

​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​តាមរយ​:​ដំណើរ​ទស្សនកិច្ច​រប​ស់លោក មី​យ៉ា​សា​គី ម៉ាសា​អូ នៅ​កម្ពុជា​លើក​នេះ នឹងមាន​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​បន្ថែមទៀត​នាពេល​អនាគត​។ ក្នុងខណ​:​នេះដែរ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ជប៉ុន​ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​ឈើ ដើម្បី​ធ្វើការ​នាំចេញ ឆ្លើយតប​ទៅនឹង​ការកើនឡើង​នូវ​ផលិតផល​ក្នុងស្រុក ហើយ​ជួបប្រទះ​បញ្ហា​កង្វះ​ទីផ្សារ​។​

​សំណើរ​សំខាន់ៗ​ដែល​បានលើកឡើង​ដោយ​ភាគី​កម្ពុជា ភាគី​ជប៉ុន​ជូន​យោបល់​ឲ្យ​ភាគី​កម្ពុជា​បន្ត ពិភាក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ជាមួយ​អ្នកជំនាញ​កសិកម្ម​ជប៉ុន​ពីររូប​ដែល​កំពុង​បម្រើការ​ក្នុង​អង្គការ JICA ហើយ​សង្ឃឹមថា​សំណើ​នឹង​ត្រូវបាន​ដោះស្រាយ​ជូន​ជា​បណ្តើរៗ​តាម​ការចាំបាច់​៕​