ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កា​ដា ហ៊ី​រ៉ូ​យូគី​( KADA Hiroyuki )​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​-​ជប៉ុន​ក្នុង​វិស័យ​ច្បាប់​និង​យុត្តិធម៌​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​នា​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០២២​។

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌(ខាងស្តាំ) បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កា​ដា ហ៊ី​រ៉ូ​យូគី​( KADA Hiroyuki )​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​-​ជប៉ុន​ក្នុង​វិស័យ​ច្បាប់​និង​យុត្តិធម៌​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​នា​ថ្ងៃទី​១៩ ខែកក្កដា(រូបថតក្រសួងយុត្តិធម៌៌)

​ប្រភព​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា​នៅក្នុង​ជំនួប​ពិភាក្សា​ភាគី​ទាំងពីរ​បាន​ផ្តោតលើ​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​រួមមាន​៖​ទី​១.​អំពី​ការរៀបចំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ច្បាប់ និង​យុត្តិធម៌ ជប៉ុន​-​អាស៊ាន ឆ្នាំ​២០២៣៖ តាម​សំណើ​របស់​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​, លោក​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​ការរៀបចំ កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ច្បាប់ និង​យុត្តិធម៌ ជប៉ុន​-​អាស៊ាន ដែល​គ្រោង​នឹង​រៀបចំ​នៅ​ខែកក្កដា ឆ្នាំ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​។ កិច្ចប្រជុំ​ពិសេស​នេះ​ត្រូវបាន​រៀបចំឡើង​ស្របពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​រវាង​ជប៉ុន​-​កម្ពុជា និង​ខួប​លើក​ទី​៥០ នៃ​ទំនាក់ទំនង​រវាង​ជប៉ុន និង​អាស៊ាន​។​

​ទី​២.​អំពី​កិច្ចសហប្រតិបត្តិការ​តាមរយៈ​អង្គការ​UNAFEI៖​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​អង្គការ​UNAFEI​ដែល​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​តាមរយៈ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រហ្មទណ្ឌ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។ តាម​សំណើ​របស់​កម្ពុជា​, អង្គការ UNAFEI នឹង​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​ជប៉ុន​ដល់​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌ ដើម្បី​ដកស្រង់​បទពិសោធន៍​របស់​ប្រទេស​ជប៉ុន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ទោស​សហគមន៍​។ ទន្ទឹមនេះ​, ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​នេះ​, អង្គការ UNAFEI នឹង​បន្ត​រៀបចំ​ឱ្យមាន​វគ្គ​បណ្តុះបណ្តាល និង​ការពង្រឹង​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។​

​ទី​៣.​អំពី​កិច្ចសហប្រតិបត្តិការ​តាមរយៈ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងយុត្តិធម៌​ជប៉ុន (ICD) និង JICA៖​លោក​រដ្ឋមន្ត្រី​បាន​គូស​រំលេច​អំពី​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ច្បាប់ និង​យុត្តិធម៌ ដែលជា​កិច្ចសហប្រតិបត្តិការ​មាន​រយៈពេល​វែង​ជាងគេ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​វិស័យ​រដ្ឋប្បវេណី​។ ទន្ទឹមនេះ​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ឯកភាព​តាម​សំណើ​របស់​កម្ពុជា ក្នុង​ការបន្ត​ផ្តល់ជំនួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​ច្បាប់​និង​យុត្តិធម៌​ដំណាក់កាល​ទី​៦​ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​នឹង​ការបណ្តុះបណ្តាល​នៅ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​បានផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​នៃ​ក្រសួងយុត្តិធម៌ ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ក៏ដូចជា​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ច្បាប់​ផ្សេងទៀត​ផងដែរ​។​

​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ដល់​ភាគី​ជប៉ុន តាមរយៈ​លោក​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​បន្ត​ផ្តល់​ការគាំទ្រ ដល់​កម្ពុជា​លើ​ការពង្រឹង​សមត្ថភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌ ពិសេស ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ក្នុង​វិស័យ​យុត្តិធម៌​បន្ថែមទៀត ដោយ​ក្រសួងយុត្តិធម៌​កម្ពុជា​ចាត់ទុកថា ការពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​ក៏​ជាសរ​សរ​ស្តម្ភ និង​ជា​អាទិភាព​គោលនយោបាយ​សម្រាប់​ការងារ​កែទម្រង់​ច្បាប់ និង​យុត្តិធម៌​នៅ​កម្ពុជា​។​

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌(ខាងស្តាំ) បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កា​ដា ហ៊ី​រ៉ូ​យូគី​( KADA Hiroyuki )​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​-​ជប៉ុន​ក្នុង​វិស័យ​ច្បាប់​និង​យុត្តិធម៌​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​នា​ថ្ងៃទី​១៩ ខែកក្កដា(រូបថតក្រសួងយុត្តិធម៌៌)

​ឆ្លៀត​ក្នុងឱកាស​នៃ​ជំនួប​នេះដែរ​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​កក់ក្តៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ក៏ដូចជា ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងយុត្តិធម៌​កម្ពុជា ដែល​បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន និង​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅនេះ​៕​សរន​

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌(ខាងស្តាំ) បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កា​ដា ហ៊ី​រ៉ូ​យូគី​( KADA Hiroyuki )​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​-​ជប៉ុន​ក្នុង​វិស័យ​ច្បាប់​និង​យុត្តិធម៌​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​នា​ថ្ងៃទី​១៩ ខែកក្កដា(រូបថតក្រសួងយុត្តិធម៌៌)