​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ទីម័​រខាង​កើត​លោក ហ្សូ​សេ រ៉ា​ម៉ូ​ស​-​ហ័រតា (Jose Ramos-Horta) ក្នុងជំនួប​ជាមួយ​សម​ភាគី​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា បាន​និយាយថា លោក​សង្ឃឹម​ប្រទេស​ក្មេង​ជាងគេ​នៅ​អាស៊ី​មួយ​នេះ​អាច​នឹង​ចូលរួម​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំក្រោយ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ លោក​រ៉ា​ម៉ូ​សបាន​និយាយថា​រដ្ឋាភិបាល​របស់​លោក​បាន​បំពេញ​កិច្ច​តម្រូវ​ទាំងអស់​ដើម្បី​ក្លាយ​ជា​សមាជិក​ថ្មី​បំផុត​​នៃ​ប្លុក​នេះ ហើយ​ប្រទេស​របស់​លោក​រំពឹង​ថា លោក​វី​ដូ​ដូ​នឹង​ពង្រីក​តួនាទី​របស់​គាត់​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ពន្លឿ​ន​ការទទួលស្គាល់​ទី​ម័រ​ខាងកើត​ជា​សមាជិ​ក​ទី ១១ នៃ​ប្លុក​ក្នុង​តំបន់​។​

​លោក​រ៉ា​ម៉ូ​សបាន​និយាយ​បន្ទាប់ពី​ជួប​ជាមួយ​លោក​វី​ដូ​ដូ​ថា “​ខ្ញុំ​ពិតជា​មាន​អំណរគុណ​ណាស់​ដែល​ឥណ្ឌូនេស៊ី​នៅតែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមាជិកភាព​របស់​ទីម័​រខាង​កើត​នៅក្នុង​អាស៊ាន​។​យើង​​សង្ឃឹមថា​នឹង​ចូលរួម​អាស៊ាន​ក្នុងអំឡុងពេល​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់​”​។​

​លោក​រ៉ា​ម៉ូ​ស ជា​អតីតយុទ្ធជន​ទាមទារ​ឯករាជ្យ​និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទីម័​រខាង​កើត​នៅ​ថ្ងៃទី ២០ ឧសភា ឆ្នាំ​២០២២​ខណៈ​ប្រទេស​នេះ​​ប្រារព្ធ​ខួប​លើក​ទី ២០ នៃ​ការទទួល​បាន​ឯករាជ្យភាព​ពី​ឥណ្ឌូនេស៊ី ដែល​បាន​ឈ្លានពាន​អតីត​អាណានិគម​ព័រ​ទុយ​ហ្គាល់​មួយ​នេះក្នុង​ឆ្នាំ ១៩៧៥​។​

​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទ្វេភាគី​លើកដំបូង​របស់​គាត់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ីអាគ្នេយ៍​និង​ជា​កន្លែង​ឈប់​សំចត​ដំបូង​ជា​ប្រពៃណី​សម្រាប់​មេដឹកនាំ​ថ្មី​របស់​ទី​ម័រ​​ខាងកើត​។ លោក​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​លោក​វី​ដូ​ដូ​នៅក្នុង​ពិធី​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​បូ​ហ្គ័​រ (Bogor)​។​

​មេដឹកនាំ​ទាំង​ពីរ​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​និង​ការដឹកជញ្ជូ​នហើយ​លោក​វី​ដូ​ដូ​បាន​សន្យា​ពង្រឹង​តួនាទី​រដ្ឋបាល​របស់​លោក​ដើម្បី​ចូលរួម​ក្នុង​​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ទីម័​រខាង​កើត រួម​ទាំង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ ទូរគមនាគមន៍ ក៏ដូចជា​វិស័យ​មិនមែន​ប្រេង​និង​ឧស្ម័ន​ផងដែរ​៕

ប្រធានាធិបតី​ទីម័​រខាង​កើត​លោក ហ្សូសេ រ៉ា​ម៉ូ​ស​-​ហ័រតា (​ឆ្វេង​) ត្រូវបាន​ស្វាគមន៍​ដោយ​លោក​វី​ដូ​ដូ​នៅ​ទីក្រុង​បូ​ហ្គ័​រកា​លពី​ថ្ងៃ​អង្គារ