ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ថ្ងៃទី​១៩ ខែកក្កដា​ម្សិលមិញ​នេះ​មន្ត្រី​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) លោក Niko Nhouvannasak អ្នកសម្របសម្រួល​គម្រោង​អភិវឌ្ឍ​របស់ FIFA និង​កញ្ញា Alexandra Huete Ramos អ្នកសម្របសម្រួល​គម្រោង​បាល់ទាត់​តាម​សាលា របស់ FIFA បាន​ចូលជួប​សម្ដែង​ការគួរសម​ចំពោះ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ជំនួប​នេះ​ធ្វើឡើង​ក្រោយ​មន្ត្រី​បាល់ទាត់​ពិភពលោក​ទាំង​២​រូបនេះ បញ្ចប់​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​ទីលាន​សាលា​តម្រង់ទិស​នៅតាម​រាជធានី​ខេត្ត ដើម្បី​រៀបចំ​គម្រោង​ពិធី​សម្ភោ​ធ​ទីលាន​ទាំង​២៥​រាជធានី​-​ខេត្ត​។​

​កិច្ច​សំណេះសំណាល​នេះ​បាន​ពិភាក្សា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​កីឡាករ​ថ្នាល​នៅតាម​សាលារៀន​ចាប់ពី​អាយុ​៦​ឆ្នាំ ដល់​១៤ ឆ្នាំ និង​កម្មវិធី​ហ្វឹកហាត់​កីឡាបាល់ទាត់ ជាមួយ​នាយកដ្ឋាន​កីឡា​តាម​បណ្តា​រាជធានី​-​ខេត្ត​។​ ​ទីលាន​បាល់ទាត់​សាលា​តម្រង់ទិស​គឺជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​​ថវិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជារួម​ជាមួយ​ជំនួយ​របស់ FIFA ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៧ ហើយ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១​។​

​ការសាងសង់​ទីលាន​ស្មៅ​ធម្មជាតិ​ស្តង់ដា​តាម​បណ្ដា​រាជធានី​-​ខេត្ត​ធ្វើឡើង​ក្នុង​គោល​​ដៅ​អភិវឌ្ឍ​យុវជន​គ្រប់​កំរិត​ដើម្បី​បង្កើតអោយមាន​ច្រើន​នូវ​ធនធាន​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​៕​