​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា​ថា វា​ជា​កំហុស​ផ្ទាល់ខ្លួន​របស់​បស្ចិមប្រទេស​ដែល​លំហូរ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​​ទៅ​កាន់​អតិថិជន​អឺរ៉ុប​បាន​ថយ​ចុះ​បរិមាណ ហើយ​បាន​ព្រមាន​ថា វា​អាច​បន្ត​ថយ​ចុះ​ទៀត​។​

​សេចក្តីថ្លែងការណ៍​របស់​លោកពូទីន​បានបង្កើន​សម្ពាធ​បន្ថែមទៀត​លើ​សហភាព​អឺរ៉ុប​ដែល​បារម្ភ​ថា រុស្ស៊ី​អាច​កាត់ផ្តាច់​ឧស្ម័ន​ដើម្បី​បំផ្លាញ​សេដ្ឋកិច្ច និង​បង្កចលាចល​នយោបាយ​នៅ​អឺរ៉ុប​ក្នុង​រដូវរងា​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រុស្ស៊ី​នៅ​ទី​ក្រុងតេអេ​រ៉ង់ កន្លែង​ដែល​លោក​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​និង​តួ​ក​គី លោកពូ​ទីន​បាន​និយាយថា បរិមាណ​ឧស្ម័ន​ដែល​បូម​តាម​បំពង់​បង្ហូរ Nord Stream ទៅកាន់​ប្រទេស​អាល្លឺម៉ង់​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​ពី ៦០ លាន​មក​ត្រឹម ៣០ លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ឬ​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​សមត្ថភាព​របស់​វា​ប្រសិនបើ​តួប៊ីន​មិន​ត្រូវបាន​ជំនួស​បាន​​ឆាប់​ទេនោះ​។​

​លោក​បាន​បន្ថែមថា រុស្ស៊ី​អាច​ដាក់​ឱ្យ​ដំណើរការ​បំពង់​បង្ហូរ Nord Stream 2 ដែល​ទើបនឹង​សង់​រួចរាល់​ថ្មីៗ​នេះ ដែល​មិន​ធ្លាប់​ផ្តល់​សេវា​ពីមុន​មក​ទេ ប៉ុន្តែ​បាន​កត់សម្គាល់​ថា​វា​នឹង​មាន​សមត្ថភាព​ត្រឹម​​តែ​ពាក់កណ្តាល​នៃ​សមត្ថភាព​ដែល​បាន​កំណត់​របស់​វា​ប៉ុណ្ណោះ ព្រោះ​សមត្ថភាព​សេសសល់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តម្រូវការ​ក្នុងស្រុក​។​

​មេដឹកនាំ​រុស្ស៊ី​ក៏​បាន​ព្រមាន​លោកខាងលិច​ដែរ​ថា ផែនការ​របស់​ខ្លួន​ក្នុង​ការកំណត់​តម្លៃ​ប្រេង​របស់​រុស្ស៊ី​ដែល​ជា​ផ្នែក​នៃ​ទណ្ឌកម្ម​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ននឹង​ធ្វើឱ្យ​មានអ​ស្ថិរភា​ព​ទីផ្សារ​ប្រេង​ពិភពលោក និង​ធ្វើឱ្យ​តម្លៃ​ឡើងថ្លៃ​។​

​លោក​បាន​និយាយថា “​យើង​កំពុង​ស្តាប់​ឮ​គំនិត​ឆ្កួតៗ​អំពី​ការ​រឹតបន្តឹង​បរិមាណ​ប្រេង​រុស្ស៊ី​និង​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​។ លទ្ធផល​នឹង​ដូចគ្នា​ដដែល​ទេ នោះ​គឺ ការកើនឡើង​តម្លៃ​។ តម្លៃនឹង​ឡើង​ខ្ពស់​”៕

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ចូលរួម​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​និង​តួ​ក​គី បន្ទាប់​ពី​កិច្ច​ពិភាក្សា​របស់​ពួកគេ​នៅ​វិមាន​សា​អា​ដា​បាដ​ក្នុង​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃ​អង្គារ ទី ១៩ ខែកក្កដា ឆ្នាំ ២០២២