ដោយៈសុផល/ភ្នំពេញ៖ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះសម្រេចបាន៩៥ភាគរយហើយ នៅសេសសល់តែការងារមួយចំនួនតូចតែប៉ុណ្ណោះដូចជា ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។

នេះបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពេលដែលលោកដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវនេះគ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១ខែតុលា ឆ្នាំ២០២២ ហើយបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្រសួងបាន និងកំពុងរៀបចំស្ព័តណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យមានការយល់ដឹងច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿន លឿនលើកដំបូងរបស់កម្ពុជាយើង។


លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវនេះត្រូវបើកបរប្រកាន់ស្ដាំក្នុងករណីខ្លួនមិនចង់បើកលឿន ហើយមិនអាចបត់ត្រឡប់ ក្រោយបានទេ លុះត្រាតែធ្វើដំណើរចេញពីផ្លូវនៅចំណុចប្តូរទិស ទើបអាចបត់ត្រឡប់ក្រោយវិញបាន។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី បានលើកឡើងថាក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរកអាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ពេលធ្វើដំណើរចាកចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

ទាក់ទងនឹងតម្លៃធ្វើដំណើរវិញលោកទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖គិតជាមធ្យមនៅប្រទេសគេថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លាអាមេរិកក្នុងនោះចំនួន១២ដុល្លារទៅនិងចំនួន១២ដុល្លារមកហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿន លឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយសារផ្លូវនេះសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ អ្នកបើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕សរន