ដោយៈសុផល/ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី២ បានដឹកនាំប្រតិភូក្រសួង និងតំណាងដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសំដែងការគួរសមជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសថៃ។

ជំនួបកាលពីពេលថ្មីៗនេះ បានផ្តោតការពិភាក្សាយ៉ាងផុសផុលលើកិច្ចសហការ និងសម្របសម្រួលទ្វេភាគីលើការជំរុញពាណិជ្ជកម្ម និងដឹកជញ្ជូនតាមច្រកព្រំដែនរវាងកម្ពុជា-ថៃ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

ជំនួបប្រជុំក៏បានលើកយកចំនុចគន្លឹះដែលប្រទេសទាំងពីរគួរយកចិត្តទុកដាក់មកពិភាក្សាផងដែរគឺ៖ ១) ជំរុញការបើកដំណើរការឡើងវិញនូវការដឹកជញ្ជូនតាមព្រំដែនប្រកបដោយភាពរលូន និងសមូហភាព ២) ជំរុញការសម្របសម្រួល និងការអនុវត្តកិច្ចការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខ័ណ្ឌតំបន់មហាអនុតំបន់ មេគង្គ (GMS) និងអាស៊ាន ៣) ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយគិតគូរពីបរិស្ថាន និងសុវត្ថិភាពចរាចរណ៍ ៤) ជំរុញការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយនៃការចល័តបៃតង ៥) ជំរុញការអភិវឌ្ឍការតភ្ជាប់ និងសម្របសម្រួលបើកច្រកព្រំដែនប្រទេសទាំងពីរ និង៦) ការឯកភាពបើកច្រកព្រំដែនបណ្តោះអាសន្ន ស្ទឹងបត់-បានណងអៀន ជាដំណោះស្រាយចម្បង និងចាំបាច់សម្រាប់រយៈពេល១ឆ្នាំ ឬ១ឆ្នាំកន្លះនាពេលខាងមុខ។

លោក Arkhom Termpittayapaisith បានគាំទ្រ និងរីករាយសហការបន្តដើម្បីកំណត់ ពេលវេលាសមស្របជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅអំឡុងដើមខែសីហាខាងមុខ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការចរាចរណ៍ទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនៅតាមបណ្តាច្រកព្រំដែនសំខាន់ៗ៕សរន