ដោយៈ សុ​ផានី​តា​/​កោះកុង​៖ មេត្រី​ពូជ និង​កូន​ត្រី​ជាង​២​ម៉ឺន​ក្បាល ត្រូវបាន​អាជ្ញាធរ​ខេត្តកោះកុង មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ស្រុក​បុ​ទូ​ម​សាគរ ព្រលែង​ទៅក្នុង​ស្រះ​ត្រពាំង​ជី​ត្រេះ ដើម្បី​បង្កើន​ផល​ស្តុក​ទុក​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃមុខ​។​

​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បានឱ្យដឹង​ក្នុង​ពិធី​ទិវា​មច្ឆា​ជាតិ និង​រុក្ខទិវា នៅ​ថ្ងៃទី​១៩ ខែកក្កដា​នេះ​ថា ក្រៅពី​ការ​ព្រលែង​មេត្រី​ពូជ និង​កូន​ត្រី ក៏មាន​ការដាំដុះ​កូនឈើ​ប្រមាណ​២០០​ដើម​បន្ថែម​តាម​សងខាង​វិថី​សាយ ភូ​ថង ស្ថិតនៅ​ក្នុងភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក​។​

​លោក​បន្ថែមថា​ថា ទិវា​មច្ឆា​ជាតិ និង​រុក្ខទិវា ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ព្រលែង​ត្រី​ទៅ​ស្រះ​ត្រពាំង ព្រែក​ធម្មជាតិ ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ ការពារ​អភិរក្ស​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិវឌ្ឍន៍​ធនធាន​ជលផល ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព សម្រាប់​ទុកឱ្យ​មនុស្ស​ជំនាន់​ក្រោយ​។ ម្យ៉ាង​ក៏​ដើម្បី​បង្កើន​ផល​ស្តុក​ទុក​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃមុខ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការដាំដុះ​ដើមឈើ​ឡើងវិញ​ជាការ​រួមចំណែក​មួយ ដើម្បី​ថែរក្សា​ព្រៃឈើ​ដែល​កាតព្វកិច្ច​ប្រជាពលរដ្ឋ​គ្រប់រូប​ចាំបាច់​ចូលរួម​។ ការលែង​មេ​ពូជ​ត្រី កូន​ត្រី ចូលទៅក្នុង​ស្រះ​ត្រពាំង ព្រែក​ធម្មជាតិ អាច​នឹង​បង្កើន​ផល​ស្តុក​ទុក​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​។​

​ចំណែកឯ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏​លើកឡើង​ដែរ​ថា ការលែង​ត្រី​ពូជ និង​កូន​ត្រី ជា​សកម្មភាព​ស្តារ​បង្កបង្កើនផល​ពូជ​ត្រី​កាន់តែច្រើន​ក្នុង​បឹង ព្រែក អូរ និង​ស្រះ​ធម្មជាតិ ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅក្នុង​គ្រួសារ​ប្រចាំថ្ងៃ និង​ទៅ​អនាគត​។​

​លោកស្រី​អភិបាលខេត្ត​កោះកុង ស្នើសុំ​ដល់​ពលរដ្ឋ និង​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែលជា​ហេតុ​ធ្វើឱ្យ​បាត់បង់​ធនធាន​ជលផល និង​បញ្ឈប់​រាល់​សកម្មភាព​កាប់​រុករាន ឬ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹកជា​កម្មសិទ្ធិ​។ ដីព្រៃ​លិច​ទឹក មាន​សារៈប្រយោជន៍​ដល់​ការទប់ស្កាត់​ប្រែប្រួល​អាកាសធាតុ ព្រមទាំង​ជា​ជម្រក​ត្រី​សត្វ​គ្រប់​ប្រភេទ​ពង​កូន​រស់​នៅបាន​។​

​អាជ្ញាធរ​ខេត្តកោះកុង បាន​ពន្យល់​ទៀតថា ប្រសិនបើ​បងប្អូន​ពលរដ្ឋ​បន្ត​ប្រព្រឹត្ត​ខុសឆ្គង​បែបនេះ​ត្រូវ​ប្រ​ឈ​មុខ​តាមច្បាប់​ជា​ធរមាន​៕​