ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​កំទេច យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​កម្រិត​៣ ជំនា​ន់ទី​១១ និង វគ្គ​ហ្វឹកហ្វឺន​មូលដ្ឋានគ្រឹះ​បោសសម្អាត​មីន នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន ខេត្តកំពង់ឆ្នាំង បាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​។​

​លោក ហេង រតនា​បាន​ថ្លែង​នាឱកាស​នោះ​ថា​៖ នៅពេល​ខាងមុខ សុនខ របស់​អង្គភាព CMAC មិន​ត្រឹមតែ​ធ្វើ​សកម្មភាព ហិត​រក​មីន ប៉ុណ្ណោះ​ទេ តែ​នឹង​ជា សុនខ ថ្នាក់ជាតិ ដែលមាន​តួនាទី ពង្រឹង​សន្តិសុខ ប្រឆាំង​ភេ​វក​ម្ម និង​គ្រឿងញៀន​ផងដែរ ។​

​លោក​បាន​បញ្ជាក់ថា នៅក្នុង​អំឡុង​ឆ្នាំ ២០២១ យើង​បាន ដោះយក​គ្រាប់មីន​ជាង​មួយ​ពាន់​គ្រាប់ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ។ បច្ចុប្បន្ន គ្រាប់មីន​បាន​បន្សល់ទុក​នៅលើ​ផ្ទៃដី​ជាង​៧០០ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​នៅ​ផ្នែក​ខាងក្នុង​ប្រទេស​មាន​ប្រមាណ​ជាង ៤០០​គីឡូម៉ែត្រ​ក្រឡា និង​នៅតាម​ព្រំដែន​ជាង ៣០០ គីឡូម៉ែត្រ​ក្រឡា ។ នេះ​យើង​និយាយ​តែ​អំពី​គ្រាប់មីន​តែប៉ុណ្ណោះ មិនទាន់​និយាយ អំពី​សំណល់​ពី​សង្គ្រាម មាន​អាវុធយុទ្ធភណ្ឌ​ដែល​មិនទាន់​ផ្ទុះ​នោះទេ ។​

​លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​សិក្សា​នេះ​ទៅ ត្រូវមាន​ភាពស្មោះត្រង់​ប្រកាន់​ក្រម​សីល ធម៌​វិជ្ជាជីវៈ​ខ្ពស់ ។ ត្រូវមាន​ភាពច្បាស់លាស់ មិនគួរ​ធ្វើ​សកម្មភាព​បែប​ប្រថុយប្រថាន កុំ​ស្មាន កុំ​ហ៊ាន​ភ្លេចខ្លួន​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម ម៉ុង សុគន្ធា​រត​ន៏ ប្រធាន​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន បាន​ឲ្យ​ដឹងថា ក្នុង​វគ្គ​នេះ​មាន​សិក្ខាកាម​២​ផ្នែក ទី​១ គឺ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​សម្តេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​កម្រិត​៣ ជំនា​ន់ទី ១១ មាន​សិក្ខាកាម ចំនួន ២១ នាក់​ស្រី​២​នាក់ សិក្សា រយៈពេល​៤០ ថ្ងៃ​។ ផ្នែក​ទី​២ ហ្វឹកហ្វឺន​មូលដ្ឋានគ្រឹះ​បោសសំអាត​មីន ដែលមាន​សិក្ខាកាម​មកពី​បុគ្គលិក​អង្គ ការ APOPO មាន​ចំនួន ៨​នាក់ ក្នុងនោះ​មកពី​ប្រទេស​តួ​ក​គី ០២​នាក់​(​ជា​ស្ត្រី​) មកពី​ប្រទេស​បូ​ស្ន៊ី ចំនួន ០២​នាក់ មកពី​ប្រទេស​ហ្ស៊​ក​ដង់ ចំនួន ០៣​នាក់​និង និង មកពី​ប្រទេស​កូ​ឡុំ​ប៊ី ចំនួន ០១​នាក់ វគ្គ​សិក្សា​មាន​រយៈពេល ១៥​ថ្ងៃ​៕​