​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​និង​ភូមិ​នានា​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​អ៊ុ​យក្រែន ដោយ​បាន​វាយប្រហារ​ចំ​ផ្ទះសម្បែង សាលារៀន​និង​មជ្ឈមណ្ឌល​​សហគម​ន៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា ខណៈ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រទេស​អ៊ីរ៉ង់​សម្រាប់​ប្រតិបត្តិការ​យោធា​របស់​ប្រទេស​លោក​។​

​អភិបាល​ក្នុង​តំបន់​លោក ប៉ាវ​ឡូ គី​រី​លេន​កូ (Pavlo Kyrylenko) បាន​និយាយថា នៅ​ទីក្រុង​ក្រា​ម៉ាថ័​រស​ខ៍ (Kramatorsk) នៅ​ភាគ​ខាងកើត​ខេត្ត​ដូណិត​សខ៍រ​បស់​អ៊ុ​យក្រែន មនុស្ស​ម្នាក់​​បាន​ស្លាប់​និង ១០ នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​តាម​អាកាស ដែល​វាយ​ចំ​អគារ​ផ្ទះល្វែង​កម្ពស់​ប្រាំ​ជាន់​។​

​ឈាម​ស្រស់​បាន​ប្រឡាក់​បេតុង​អគារ​ចំពេល​ស្លឹកឈើ​បៃតង​ត្រូវបានរ​ហែក​ពី​ដើមឈើ ខណៈ​ផ្ទះល្វែង​ក្បែរ​នោះ​យ៉ាងហោច​ណាស់​ពីរ​ជាន់​ត្រូវ​ឆាបឆេះ​។​អំបែង​គ្រាប់​ត្រូវ​បាន​ប្រមូល​ទុក​នៅ​ជិត​កន្លែង​​ក្មេង​លេង​ទទេ​មួយ​។​

​លោកស្រី ហា​លី​ណា មេ​ដាន​នី​ក (Halyna Maydannyk) អ្នកស្រុក​នៃ​ផ្ទះល្វែង​ឆេះ​មួយ បាន​និយាយថា “​គ្មាន​អ្នកណា​នៅ​ទី​នេះ​ទេ​។ តើ​អ្នកណា​ដឹង​ថា​ហេតុអ្វី​បានជា​ពួកគេ​ធ្វើបែបនេះ​?​យើង​ទាំង​​អស់​គ្នា​ចង់រស់នៅ​ដោយ​សន្តិភាព​”​។​

​អ្នកក្រុង​ក្រា​ម៉ាថ័​រស៍ ឈ្មោះ មី​កូឡា ហ្សា​វ៉ូ​ដូ​វ​ស្គី (Mykola Zavodovskyi) និង តេ​ទី​អាណា ហ្សា​វ៉ូ​ដូ​វ​ស្កា (Tetiana Zavodovska) ឈរ​រុំ​របួស​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​។ ពួកគេ​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ហើយ​បាន​ចេញ​ទៅ​អើត​មើល​តាម​យ៉រ បន្ទាប់​មក​អ្វីៗ​បាន​ផ្ទុះឡើង ហើយ​បង្អួច​បាន​បែក​ខ្ទេចខ្ទី​។​

​ហ្សា​វ៉ូ​ដូ​វ​ស្កា​បាន​និយាយថា “​ប្រហែល​វា​ជា​គ្រាប់​រ៉ុក្កែត ហើយ​វា​ប្រហែលជា​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​អ៊ុ​យក្រែន​”​។​

​ការវាយប្រហារ​ពេល​ថ្ងៃត្រង់​បាន​កើតឡើង​បន្ទាប់ពី​លោក​គី​រី​លេនកូ​បាន​រាយការណ៍​ពីការវាយ​ប្រហារ​មុនៗ​របស់​រុស្ស៊ី​ចំនួន​បួន​នៅ​ទីក្រុង​ក្រា​ម៉ាថ័​រស៍​និង​ជំរុញឱ្យជន​ស៊ីវិល​ជម្លៀសចេញ​។​

​នៅ​ផ្នែក​នយោបាយ លោកពូ​ទីន​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ជា​កន្លែង​ដែល​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក អា​លី ខា​មេ​នី (Ali Khamenei) បាន​និយាយថា​លោកខាងលិច​ប្រឆាំង​​នឹង​ប្រទេស​រុស្ស៊ី “​ដែល​ឯករាជ្យ​និង​រឹងមាំ​”​។ លោក​ខា​មេ​នី​បាន​និយាយថា ប្រសិនបើ​រុស្ស៊ី​មិន​បញ្ជូន​ទ័ព​ចូល​អ៊ុយ​ក្រែនទេ រុស្ស៊ី​នឹង​ប្រឈម​មុខ​នឹង​ការវាយប្រហារ​ពី​ណា​តូ​៕

​អគារ​លំនៅឋាន​កម្ពស់ ៥ ជាន់​បាន​រង​ការខូចខាត​ដោយ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​តំបន់​លំនៅឋាន​មួយ​ក្នុង​ក្រុង​ក្រា​ម៉ាថ័​រស​ខ៍​ភាគ​ខាងកើត​អ៊ុ​យក្រែន កាលពី​ថ្ងៃ​អង្គារ ទី ១៩ ខែកក្កដា ឆ្នាំ ២០២២

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​អ៊ីរ៉ង់​ក្នុងជំនួប​នៅ​ក្រុងតេអេ​រ៉ង់​កាលពី​ថ្ងៃ​១៩​កក្កដា​