ដោយ​: បូកគោ​/​កំពត​: អភិបាលខេត្ត​កំពត​បា​ន​បញ្ជាក់ថា ដងព្រែក​កំពង់បាយ​មាន​សក្តានុពល​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​រកប្រាក់​ចំណូល ពិសេស​ផល ដែល​ទទួលបាន​ពី​ផ្នែក​ទេសចរណ៍​ដែលជា​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​។ ប៉ុន្តែ​ការអភិវឌ្ឍន៍​ឆ្នេរ និង​កន្លែង​កម្សាន្ត​ឲ្យ​បាន​ស្រស់ស្អាត​កំពុងមាន​ឧបសគ្គ​ព្រោះតែ​ការបង្ហូរ​ទឹក​កខ្វក់​ចូល​ដងព្រែក​កណ្តាល​ក្រុង​មួយ​នេះ​បានធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព និង​មាន​ក្លិន​មិនល្អ​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ជំហាន​ទី​២​នាពេល​ថ្មីៗ​នេះ​លោក​ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ខេត្តកំពត​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ច្រើន​រាប់មិនអស់​។ ភូមិសាស្ត្រ​ខាងលើ​សម្បូរ​ដោយ​ភ្នំ នា​ផ្នែក​កណ្តាល​មាន​ដៃ​ព្រែក​ខ្វាត់ខ្វែង និង​នៅ​ប៉ែក​ខាងក្រោម​គឺ​ផ្ទៃសមុទ្រ​ដ៏​ល្វឹងល្វើយ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​សមុទ្រ​ក្នុង​ខេត្តកំពត​មាន​កន្លែង​សម្រាប់​មើល​ផ្កាថ្ម និង​នៅ​បណ្តោយ​ឆ្នេរ ព្រមទាំង​តាម​ដៃ​ព្រែក​ជាច្រើន​គ្របដណ្តប់​ដោយ​ព្រៃកោងកាង​។ ជាមួយគ្នា​នោះ​ក៏មាន​ទឹក​ហូរ​មកពី​កំពូលភ្នំ​ធ្លាក់ចូល​ក្នុង​សមុទ្រ ពិសេស​ខ្យល់អាកាស​បែប​ធម្មជាតិ​បន្សុទ្ធ​ដោយ​ខ្យល់​សមុទ្រ​ដែលមាន​ជួរ​ភ្នំ​បូកគោ​ជា​របាំង​។ ទោះជា​បែប​នោះ​ក្តី លោក​ម៉ៅ ធនិន​បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​មានបំណង​បង្កើត​ឆ្នេរ និង​កន្លែង​កម្សាន្ត​ដ៏​ទាក់ទាញ​នៅតាម​បណ្តោយ​ដងព្រែក​កំពង់បាយ​នេះ​។ ប៉ុន្តែ​ដោយសារ​ការបង្ហូរ​ទឹក​កខ្វក់​ចេញពី​ក្រុង​ចូលមកក្នុង​ព្រែក​បានធ្វើ​ឲ្យ​ស្ថានភាព​ទឹក​គគ្រិច និង​មាន​ក្លិន​មិនល្អ​ទើប​បង្ក​ភាព​រាំងស្ទះ​ដល់​គម្រោង​នោះ ។


​លោក​អភិបាលខេត្ត​បាន​បន្តថា រដ្ឋបាលខេត្ត​ពុំមាន​លទ្ធភាព​ក្នុង​ការរៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ចេញពី​ក្រុង​មិន​ឲ្យ​ចូលក្នុង​ព្រែក​នេះ​ទេ​។ ម្ល៉ោះហើយ លោក​សូម​ស្នើ​ដល់​ក្រសួង​ជំនាញ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពិចារណា​ក្នុង​ការរក​លទ្ធភាព​កែប្រែ និង​បន្សុទ្ធ​ទឹក​ព្រែក​ឲ្យ​បានល្អ​ស្អាត ហើយ​មាន​គុណភាព​ផង​។ ប្រសិនបើ​ធ្វើបាន គឺ​សក្តានុពល​ទេសចរណ៍​ខេត្តកំពត​ពិតជា​គ្មាន​ពីរ​សម្រាប់​កម្ពុជា ព្រោះ​កំពត​ជា​ខេត្ត​ដែល​ផ្លូវ​របៀង​អាស៊ាន​លេខ​១២៣​ត្រូវ​ឆ្លងកាត់​។
សូមបញ្ជាក់ថា​ការស្នើ​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ជំហាន​ទី​២ ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចូលរួម​ជា​គណៈអធិបតី​។ គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ជំហាន​ទី​២ រួមមាន អនុ​គម្រោង​ប្រព័ន្ធ​លូ ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ និង​ការសាងសង់​ទីលាន​កប់​សំរាម​ស្តង់ដារ​នៅ​ខេត្តកំពត​៕​