ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាៈ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៥ រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយក ការទូទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀង ទទួលយកប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ ពីក្រុមហ៊ុនរួចហើយ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងថាៈ បន្ទាប់ពីការទទួលដំណោះស្រាយ របស់អតីតបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ បន្តបន្ទាប់ ឃើញថា មានអតីតបុគ្គលិក សរុបចំនួន ២១៥ រូប ក្នុងចំណោម ៣៧៣ រូប បានយល់ព្រមទទួលយកការទូទាត់ នូវប្រាក់បំណាច់បញ្ចប់កិច្ច សន្យាការងារ ជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិក ដែលមិនព្រម ទទួលយកសំណង នៅសល់ត្រឹម ១៥៨ រូប។
ការិយាល័យអ្នកនាំពាក្យ ក្រសួងការងារ បានឱ្យដឹងដែរថាៈ នាពេលកន្លងមក មន្ត្រីជំនាញ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ ជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
ជាមួយគ្នានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួន ដើម្បីជួយសម្របសម្រួល ពាក់ព័ន្ធនឹងការជួយ ស្វែងរកឱកាសការងារថ្មី សម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕/V