​ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា បានអនុញ្ញាត​ឱ្យ​លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ (MIYAZAKI Masao) សមាជិក សភា និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជប៉ុន រួមជាមួយ​សហការី ចូលជួប​សម្ដែង ការគួរសម និង​ពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ គម្រោង​ជំនួយ​លើ​វិស័យ​ធនធាន ទឹក នា​ទីស្តីការក្រសួង​។​

​លោក លឹម គានហោ រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ (MIYAZAKI Masao) ដែល​បាន​នឹង​កំពុង​បន្ត ជួយឧបត្ថម្ភ​គាំទ្រ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​វិស័យ​ធនធានទឹក ត្រូវបាន​ពង្រឹងពង្រីក និង​ធ្វើការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ហើយនឹង​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ដែលមាន​ទំនាក់ទំនង​ល្អ ជា​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ ឲ្យ​កាន់តែ​ល្អប្រសើរ និង​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ អំពី​សមិទ្ធផល​និង​ការងារ ដែល​ក្រសួង​សម្រេចបាន និង​កំពុង​អនុវត្ត ព្រមទាំង​កិច្ចការងារ​ចំពោះមុខ ក្នុង​ក្របខណ្ឌ វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​បរិបទ​នៃ ការ​បម្រែបម្រួល​អាកាសធាតុ សំដៅ​ធានា​នូវ​សន្តិសុខ​ទឹក សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ក្នុងឱកាស​ខាងលើ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ ដែលជា​អ្នកបច្ចេកទេស មានបទពិសោធន៍ និង​ធ្លាប់ជា​ជំនាញការ ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ផង​នោះ ឱ្យធ្វើ​ការពិចារណា និង​ជួយ​ជំរុញ​គម្រោង​កែលម្អ និង​ស្តារឡើងវិញ នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក ភាគ​និរតី រាជធានី​ភ្នំពេញ (CP-P14) ឲ្យ​ឆាប់​បាន​ដំណើរការ​។​

​លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ (MIYAZAKI Masao) បាន​ឆ្លើយតប​ដោយ​បង្ហាញ នូវ​សេចក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ផ្ទាល់ ជាមួយ​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដែល​ក្រសួង​សម្រេចបាន ក៏ដូចជា​កិច្ច​ការបន្ត ដែល​ត្រូវអនុវត្ត​ក្នុង​បេសកកម្ម រួមចំណែក​ដល់​ការអភិវឌ្ឍ និង​ការរីកលូតលាស់​សេដ្ឋកិច្ច ប្រទេស​កម្ពុជា ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។​

​លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី នូវ​ការប្តេជ្ញាចិត្ត​បន្ត​រួមចំណែក​ជួយ របស់​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា មានការ​រីកចំរើន តាមរយៈ​ការធ្វើ យ៉ាងណា ឲ្យ​មាន​និរន្តរភាព សម្រាប់​ប្រព័ន្ធ​ស្បៀងអាហារ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ បទដ្ឋាន​បច្ចេកទេស​ធារាសាស្ត្រ និង​ការ​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស ដោយ​ជំនាញការ ដែលមាន​បទពិសោធន៍​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​កែលម្អ និង​ស្តារឡើងវិញ នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី រាជធានី​ភ្នំពេញ (CP-P14) លោក មី​យ៉ា​ហ្សា​គី ម៉ា​សាវ សន្យាថា នឹងធ្វើ​ការ ពិភាក្សាគ្នា ជាមួយ​អង្គការ JICA ដើម្បី​បន្ត​ជំរុញ​គម្រោង​នេះ ឲ្យ​ចេញ​ជា​រូបរាង​ឡើង បន្ទាប់ពី​ការសិក្សា​ដំណាក់កាល​ទី​១ ដែល​កុងស៊ុល​តង់​គម្រោង បានជ្រើសរើស​យក អនុ​គម្រោង រលាំង​ជ្រៃ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ និង​ផ្នែក​ខ្លះ​នៃ​អនុ​គម្រោង កណ្តាលស្ទឹង​-​បាទី ស្ថិតក្នុង​ខេត្តកណ្តាល និង​ខេត្តតាកែវ សម្រាប់​យកមកអនុវត្ត​ការងារ​សាងសង់ ដែលមាន​ថវិកា សរុប​ចំនួន​ជាង ៥១ លាន​ដុល្លារ​អាមេរិក ។
​នៅក្នុង​ដំណាក់កាល​ទី​២ កុងស៊ុល​តង់​គម្រោង បានជ្រើសរើស​យក​អនុ​គម្រោង​ស្លាគូ ស្ថិតក្នុង​ខេត្តតាកែវ អនុ​គម្រោង​ប្រឡាយ ៣៥ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ អនុ​គម្រោង​ស្រះ​ប្រាំបី ស្ថិតក្នុង​ខេត្តកណ្តាល និង​ផ្នែក​ខ្លះ​នៃ​អនុ​គម្រោង កណ្តាលស្ទឹង​-​បាទី ស្ថិតក្នុង​ខេត្តកណ្តាល និង​ខេត្តតាកែវ សម្រាប់​យកមកអនុវត្ត​ការងារ​សាងសង់ ដែល​ត្រូវការ​ថវិកា​សរុប ចំនួន​ជាង ៧០ លាន​ដុល្លារ​អាមេរិក​៕/V​