ប្រែសម្រួលៈបំណង (Xinhua)៖រលកកំដៅដែលកំពុងគ្របដណ្តប់អឺរ៉ុបខាងលិចនិងខាងត្បូងមិនបង្ហាញសញ្ញាថមថយទេ នៅពេលសីតុណ្ហភាពបានឡើងដល់កំរិតខ្ពស់បំផុតនៅក្នុងប្រទេសអឺរ៉ុបខ្លះ។សេវាអាកាសធាតុអង់គ្លេសបានព្រមានថា ប្រទេសអាចជួបថ្ងៃក្តៅបំផុតនៅសប្តាហ៍នេះនៅពេលវាជួបស៊ីតុណ្ហភាព៤០,៣អង្សាសេរួចជាស្រេចហើយ។
ភ្លើងព្រៃបំផ្លាញសហគមន៍ជាច្រើននៅអង់គ្លេសនៅពេលសីតុណ្ហភាពឡើងដល់៤០អង្សាសេ
របាយការណ៍កាលពីពេលថ្មីៗមួយដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរួមរបស់គណៈកម្មាធិការអឺរ៉ុបបានបង្ហាញថា ទឹកដីអឺរ៉ុបជិតពាក់កណ្តាលរួមទាំងអង់គ្លេសប្រឈមភាពរាំងស្ងួតនៅខែកក្កដា។រលកកំដៅដ៏កម្រនិងភាពរាំងស្ងួតក៏នាំអោយកកើតភ្លើងឆេះព្រៃដ៏ហិនហោចនៅប្រទេសមួយចំនួនរួមមានបារាំង អេស្ប៉ាញ ព័រទុយហ្កាល់ អ៊ីតាលីនិងក្រិច។
មជ្ឈមណ្ឌលនេះបានចេញការព្រមានកំរិតក្រហមជាលើកដំបូងអំពីកំដៅខ្លាំង ដោយរំលឹកសាធារណជនថា កំដៅបង្កហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិត។
សីតុណ្ហភាពខ្ពស់បំផុតនៅអង់គ្លេសកាលពីមុនគឺ៣៨,៧អង្សាសេ ដែលត្រូវបានកត់ត្រាឃើញកាលពីខែកក្កដា ឆ្នាំ២០១៩។
ទូរទស្សន៍បារាំង BFMTVបានរាយការណ៍កាលពីថ្ងៃចន្ទថា បារាំងខាងលិចនៅតែស្ថិតក្រោមការព្រមានអំពីកំដៅខ្លាំង ដោយសីតុណ្ហភាពត្រូវរំពឹងថានឹងឡើងដល់៤០អង្សាសេ។
ក្រសួងសុខាភិបាលអេស្ប៉ាញ កាលពីថ្ងៃចន្ទបាននិយាយថាមនុស្ស៥១០នាក់ស្លាប់ដោយសារឧបទ្ទវហេតុពាក់ព័ន្ធនឹងកំដៅនៅសប្តាហ៍ទីមួយនៃការវាយប្រហារដោយរលកកំដៅនៅពេលសីតុណ្ហភាពឡើងដល់៤៥អង្សាសេនៅផ្នែកខ្លះនៃប្រទេស។
សីតុណ្ហភាពក្តៅខ្លាំងប៉ះពាល់ខ្លាំងជាងគេមនុស្សចាស់ ដោយជនរងគ្រោះ៣២១នាក់ក្នុងចំណោមជនរងគ្រោះ៥១០នាក់មានអាយុ៨៥ឆ្នាំឡើង និង១២១នាក់មានអាយុចន្លោះ៧៥ដល់៨៤ឆ្នាំ និង៤៤នាក់អាយុ៦៥ដល់៧៤ឆ្នាំ។
ក្នុងពេលជាមួយគ្នា អាកាសធាតុក្តៅក៏រំខានដល់ការរស់នៅនិងផលិតកម្ម។ការិយាល័យឧតុនិយមអង់គ្លេសបានព្រមានសាធារណជនអំពីការដាច់ចរន្តអគ្គិសនី ដាច់ទឹកនិងសេវាទូរស័ព្ទ ថែមទាំងការពន្យារពេលការធ្វើដំណើរ។
កំដៅ ការរាំងស្ងួតនិងខ្វះទឹកនឹងប៉ះពាល់ការផលិតថាមពលនិងកាត់បន្ថយទិន្នផលដំណាំ។
កំដៅនិងភាពរាំងស្ងួតក៏វាយប្រហារសត្វព្រៃនៅក្នុងប្រទេសមួយចំនួនរួមមានបារាំង អេស្ប៉ាញ ព័រទុយហ្កាល់ អ៊ីតាលីនិងក្រិច។ភ្លើងព្រៃបានចាប់ផ្តើមនៅបារាំងភាគនិរតីចាប់តាំងពីថ្ងៃ១២កក្កដា និងបំផ្លាញដីប្រមាណ១៤.០០០ហិចតា ដោយបង្ខំអោយជម្លៀសមនុស្សជាង១៦.០០០នាក់។នៅអេស្ប៉ាញភ្លើងព្រៃបំផ្លាញដីជាង២២.០០០ហិចតា។
ការប្រែប្រួលអាកាសធាតុជាកក្តាចំបងនៃការឡើងកំដៅខ្លាំងនៅអឺរ៉ុប និងនៅជុំវិញពិភពលោក នេះបើតាមសាស្ត្រាចារ្យខាងវិទ្យាសាស្ត្របំរែបំរួលអាកាសធាតុ កូរីន ឡឺ កេរ៉េ( Corinne Le Quere)នៅសកលវិទ្យាល័យមួយនៅអង់គ្លេស៕
រលកកំដៅដ៏កម្រនិងភាពរាំងស្ងួតក៏នាំអោយកកើតភ្លើងឆេះព្រៃដ៏ហិនហោចនៅប្រទេសមួយចំនួនរួមមានបារាំង អេស្ប៉ាញ ព័រទុយហ្កាល់ អ៊ីតាលីនិងក្រិច