ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោកស្រី ជី​ល បៃ​ដិន (Jill Biden) និង​លោកស្រី អូ​ឡេ​ណា ហ្សេ​លេន​ស្កា (Olena Zelenska) ជំទាវ​ទីមួយ​នៃ​ប្រទេស​អ៊ុយ​ក្រែន​បាន​ជួប​គ្នា​ម្តង​​ទៀត​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា លើក​នេះ​គឺ​នៅ​ឯ​សេត​វិមាន បន្ទាប់​ពី​ជំនួប​លើកដំបូង​របស់​អ្នក​ទាំង​ពីរ​នៅ​អឺរ៉ុប​ខាងកើត​នៅ​ទិវា​អ្នក​ម្តាយ​។​

​ប្រធានាធិបតី ចូ បៃ​ដិន ដែល​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​នឹង​គាំទ្រ​អ៊ុយ​ក្រែន​ក្នុង​ការប្រយុទ្ធ​ទល់នឹ​ង​រុស្ស៊ី “​រហូតដល់​ពេល​ណា​ក៏​បាន​ដែរ​នោះ​” បាន​ជួយ​ភរិយា​របស់​គាត់​ស្វាគមន៍​លោក​ស្រី​ហ្សេ​លេន​ស្កា ភរិយា​របស់​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី នៅ​ពេល​រថយន្ត SUV ពណ៌​ខ្មៅ​របស់​លោកស្រី​បាន​ឈប់​នៅលើ​ផ្លូវ​បើកបរ​។ គាត់​បាន​ជូន​បាច់ផ្កា​ដល់​លោកជំទាវ​ដែល​រួមបញ្ចូល​ទាំង​ផ្កា​ឈូករ័ត្ន ដែល​ជា​ផ្កា​តំណាង​ជាតិ​របស់​អ៊ុ​យក្រែន​។​

​ស្ត្រី​ទាំងនោះ​បាន​ឱប​គ្នា​និង​ថតរូប​សម្រាប់​សារពត៌មាន​មុនពេល​ចូល​ទៅ​ខាង​ក្នុង​ទី​ដែល​រដ្ឋបាល​អាម៉េរិក​បាន​ពន្យល់​ប្រាប់​លោក​ស្រី​ហ្សេ​លេន​ស្កា​អំពី​របៀប​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ព្យាយាម​ជួយ​​ប្រជាជន​អ៊ុ​យក្រែន ដែល​កំពុង​រង​ទុក្ខវេទនា​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ពី​សង្គ្រាម​។​

​លោកស្រី​ជី​ល បៃ​ដិនបាន​និយាយថា “​វា​ពិតជា​ល្អ​ណាស់​ដែល​បាន​ជួប​អ្នក​ម្តងទៀត ចាប់​តាំងពី​ខ្ញុំ​បាន​ជួប​អ្នក​លើក​ចុងក្រោយ​”​។ លោកស្រី​បាន​រំលឹក​អំពី​ការជួបគ្នា​នៅ​ថ្ងៃទី ៨ ខែ​ឧសភា​ដែល​ធ្វើឡើង​នៅ​​ពេល​ជំទាវ​ទី​មួយ​អាម៉េរិក​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ខាងកើត ហើយ​បាន​ជិះឡាន​ពី​ស្លូ​វ៉ាគី​ទៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែន​ដើម្បី​ជួប​ជាមួយ​លោកស្រី​ហ្សេ​លេន​ស្កា​ដែល​នៅ​ពេល​នោះ​មិន​បាន​បញ្ចេញ​មុខជា​សាធារណៈ​​ទេ​ចាប់តាំងពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែន​នៅ​ចុងខែ​កុម្ភៈ​។​

​លោក​ស្រីបៃ​ដិនបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រូ​ម៉ា​នី​និង​ស្លូ​វ៉ាគី​នៅ​ខែ​ឧសភា ដើម្បី​បង្ហាញ​ការគាំទ្រ​សាធារណៈ​ដល់​ប្រជាជន​អ៊ុ​យក្រែន ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​​ប្រទេស​ទាំងនោះ​បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​៕

លោកស្រី​ហ្សេ​លេន​ស្កា (​កណ្តាល​) ត្រូវបាន​ស្វាគមន៍​ដោយ​លោកបៃ​ដិ​ន​និង​ភរិយា​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែកក្កដា ឆ្នាំ​២០២២