ដោយ​: បូកគោ​/ កំពត​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​គម្រោង​គ្រប់គ្រង​សំណល់​រាវ និង​រឹង​លក្ខណ​:​ស្តង់ដារ​សម្រាប់​ខេត្តកំពត​តាមរយ​:​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ជាមួយនឹង​ការស្ថាបនា​ទីលាន​កប់​សំរាម​ឲ្យ​ហើយ​រួចរាល់​នា​ចុងខែ​សីហា​ឆ្នាំ​២០២២​ខាងមុខ​។​រដ្ឋបាល​ខេត្តកំពត​នឹង​ទទួល​គ្រប់គ្រង​បន្ត​ពី​ក្រសួង​សាធារណការ​ដោយ​ជំរុញ​ពលរដ្ឋ​ឲ្យ​ប្រើ​ស្លឹក​រុក្ខជាតិ​វេច​ខ្ចប់​អាហារ​ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​។​

កាល​ពិ​ដើម​សប្តាហ៍​នេះ​តំណាង​ក្រសួង​សាធារណការ​បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្តកំពត​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ជំហាន​ទី​២​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ខាងលើ លោក​វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន មានប្រសាសន៍ថា កំពត​ជា​ក្រុង​ដ៏​សំខាន់​មួយ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​របៀង​អាស៊ាន​លេខ​១២៣​ត​ភ្ជាប់​ពី​ក្រុង​បាងកក​ប្រទេស​មក​កម្ពុជា​និង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។​ម្ល៉ោះហើយ​រាជរដ្ឋាភិបាល​បានគិត​គូរ​អំពី​បញ្ហា​បរិស្ថាន អនាម័យ និង​សោភ័ណភាព​ដើម្បី​ទាក់ទាញ​វិនិយោគិន​នានា​។​

លោក​អនុរដ្ឋលេខាធិការ​និយាយ​បន្តថា បច្ចុប្បន្ន​ដំណើរការ​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​លូ ស្ថានីយ​បូម និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​សម្រេចបាន​៦៩​ភាគរយ​ខណ​:​ដែល​ទីលាន​ចាក់សំរាម​ស្តង់ដារ​សម្រេចបាន​៩៥​ភាគរយ​ហើយ​។ ក្រសួង​នឹង​ប្រគល់​ការងារ​គ្រប់គ្រង និង​ថែទាំ​ជូន​រដ្ឋបាល​ខេត្តកំពត​នៅ​ចុងខែ​សីហា ឆ្នាំ​២០២២​ខាងមុខ​។

ឆ្លើយតប​នឹង​គម្រោង​នេះ លោក​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​បញ្ជាក់ថា​បញ្ហា​គ្រប់គ្រង​កាកសំណល់ ពិសេស​ការ​ទុកដាក់​សំរាម​ជា​រឿង​ចាំបាច់​ព្រោះ​កំពត​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ពោរពេញ​ដោយ​សក្តានុពល​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ផ្នែក​ខាងលើ​មាន​ភ្នំ ផ្នែក​កណ្តាល​មាន​ព្រែក និង​ផ្នែក​ខាងក្រោម​មាន​ផ្ទៃសមុទ្រ​ដែល​អំណោយផល​ល្អ​សម្រាប់​កិច្ចអភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​។

​លោក​អភិបាលខេត្ត​បន្តថា ទោះបី​មាន​ទីលាន​កប់​សំរាម​ស្តង់ដារ​ក្តី រដ្ឋបាលខេត្ត​នឹង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ អាជីវករ​សេវាករ​ទេសចរណ៍​ទាំងអស់​ឲ្យ​វេច​ខ្ចប់​ម្ហូបអាហារ​ដោយ​ប្រើ​ស្លឹកចេក​ឬ​ស្លឹក​ឈូក​ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​។​

ក្នុង​កិច្ចប្រជុំ​ដដែល​នេះ លោក​វង្ស ពិសិដ្ឋ បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​គម្រោង​អភិវឌ្ឍន៍​ខេត្ត​សម្រាប់​ជំហាន​បន្ទាប់ មាន​ឈ្មោះថា​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​។ កញ្ចប់​គម្រោង​នេះ​នឹង​ផ្តល់ជូន​ក្រុង​ចំនួន​បី​ដែល​កម្ពុជា​ទទួលបាន រួមមាន​៖ ក្រុង​ប៉ោយប៉ែត ក្រុង​បាវិត និង​ក្រុង​កំពត ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៦០​លាន​ដុល្លារ​អាម៉េរិក​៕​សរន​-PC