ដោយៈ បាយ័ន / សៀមរាបៈ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​ជា​ប្រធាន អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ កាល​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលា​ខេត្តសៀមរាប ក្នុង​ប្រយោជន៍​ដើម្បី​រួមគ្នា​រិះរក​យន្ដការ ដោះស្រាយ ពី​ការខ្វះចន្លោះ ក្នុងការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ក្នុងភូមិ​សាស្ត្រ​ខេត្ត ដែល​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ជន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ និង​ដាក់តាំង​លក់ ផលិតផល​ថ្នាំជក់ ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ជក់បារី ដូចជា​ការទិញ​កញ្ចប់​បារី ពី​អ្នក​ជក់​វិញ​ជាដើម ដោយ​ពុំបាន​គោរព តាមច្បាប់​ជា​ធរមាន​។

​កិច្ចប្រជុំ​នេះ ក៏​ជាការ​ជូនដំណឹង​ដល់ អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ខេត្តសៀមរាប នូវ​ទង្វើ​ល្មើស​ទៅនឹង​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង គតិយុត្ត​ពាក់ព័ន្ធ និង​ស្វែងរក​យន្តការ ប្រកបដោយ​ប្រសិទ្ធភាព និង​ឆ្លើយតប​ទៅ​បទល្មើស ទាំងនេះ ។​

​លោក ពិន ប្រាកដ បាន​និយាយថាៈ ក្នុង​មួយៗ​ឆ្នាំ នៅលើ​ពិភពលោក មាន​អ្នករងគ្រោះ​ស្លាប់ ដោយសារ​ថ្នាំជក់ ប្រមាណ ១៥.០០០​នាក់ រៀងរាល់ឆ្នាំ ដោយសារតែ​ការប្រើប្រាស់​ថ្នាំជក់​។ បន្ថែម​ពីលើ​នេះ ការប្រើប្រាស់​ថ្នាំជក់ បានធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាច្រើន និង​បាត់បង់​ចំណូល ក្នុង​គ្រួសារ​ទៀតផង ។ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួន ទាក់ទង​នឹង​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នេះ​ផងដែរ​។

​លោក​បាន​បន្តទៀតថាៈ ក្នុងស្ថានភាព​ជាក់ស្ដែង យើង​ពិនិត្យឃើញថា ការអនុវត្ត​មាន​ភាព ខ្វះចន្លោះ និង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដូចជា​មាន​ជន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ និង​ដាក់តាំង លក់​ផលិតផល​ថ្នាំជក់ ដោយ​ពុំបាន​គោរព តាមច្បាប់​ជា​ធរមាន ហើយ​ទោះជា​នៅក្នុង​បរិបទ កូ​វីដ​-១៩ ដែល​យើង​ជួបប្រទះ​កន្លងមក ឃើញថា គឺមាន​ការប្រើប្រាស់ ផ្សព្វផ្សាយ ផលិត និង​ជក់ ដែល​អាច​បង្ក​ឱកាស​ជាច្រើន ដល់​ការឆ្លង​កូ​វីដ​-១៩ ដោយ​អ្នក​ជក់ ដោះ​ម៉ាស់​ចេញ ដើម្បី​ជក់បារី ប៉ុន្តែ​ក្រុមហ៊ុន​ថ្នាំជក់ មិនបាន​កាត់បន្ថយ​ការលក់​បារី​ឡើយ ។ ផ្ទុយទៅវិញ បច្ចុប្បន្ន ក្រុមហ៊ុន​ថ្នាំជក់ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ លក់​ថ្មីៗ សំបូរបែប ដើម្បី​ទាក់ទាញ ឲ្យ​មាន​អ្នក​ជក់បារី ដូចជា​ការទិញ​កញ្ចប់​បារី ពី​អ្នក​ជក់​វិញ​ជាដើម ។ ជាងនេះទៅទៀត យើង​ឃើញថា ក្រុមហ៊ុន​បារី​មួយចំនួន បាន​បង្កើន​សកម្មភាព លើកតម្កើង មុខមាត់​របស់ខ្លួន តាមរយៈ​កម្មវិធី​សម្បុ​រសធម៌ ជួយ​សង្គម​ក្នុងពេល​មាន​វិបត្តិ ។​

​លោក ពិន ប្រាកដ បាន​បន្ថែមថាៈ ក្រៅពី​បញ្ហា​ដែល​បានលើកឡើង ខាងលើនេះ លោក សុំ​ឲ្យ​សមាជិក សមាជិកា នៃ​អង្គប្រជុំ​ទាំងអស់ ចាប់អារម្មណ៍​ទៅលើ​បញ្ហា​បារី​អេឡិចត្រូនិក និង​ផលិតផល អេ​ច​ឈ៍ ធី ភី ដែលជា​ផលិតផល​ថ្នាំជក់​ប្រភេទ​ថ្មី ដ៏​មាន​គ្រោះថ្នាក់ ហើយ កម្ពុជា​យើង បាន​ហាមឃាត់ ហើយ​មួយរយៈ​ក្រោយ​មកនេះ វា​ត្រូវបាន​ចែកចាយ និង​ប្រើ ប្រាស់ ក្នុងចំណោម​យុវជន គួរ​ឲ្យ​បារម្ភ មិន​ថា​នៅតាម​ទីសាធារណៈ ឬ​ដោយ​លួចលាក់​។​

​ទន្ទឹមនឹងនេះ លោក ពិន ប្រាកដ បាន​ជំរុញ​ឲ្យ​សមាជិក​អង្គប្រជុំ​ទាំងអស់ ចូលរួម​ពិភាក្សា ឲ្យ​បាន​ផុសផុល ថា​តើ​យើង​គួរ​មាន​វិធានការ​យ៉ាងណាខ្លះ ដើម្បី​ដោះស្រាយ ប្រកបដោយ ប្រសិទ្ធភាព​។ ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត សង្ឃឹមថា ការខិតខំ​ប្រឹងប្រែងរ​បស់​យើង នឹង​ទទួលបាន​ផ្លែផ្កា ជាទី​ពេញចិត្ត​! គឺ​សង្គមជាតិ​មួយ ដែលមាន​បរិស្ថាន​ល្អ មាន​សុខ​ភាពល្អ សម្រាប់​យើង និង​កូនចៅ គ្រប់ៗ​គ្នា​៕/V​