ដោយៈ សរិទ្ធ / ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានបញ្ជូនខ្លួនក្រុមឧក្រិដ្ឋជន ១១នាក់ មានខ្មែរ វៀតណាម និង ថៃ ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ជាង ៤៤ គីឡូក្រាម ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។ រហូតដល់ព្រឹកថ្ងៃទី២០ ខែកក្កដា នេះ តុលាការ កំពុងសាកសួរនៅឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣-១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួម ពីកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំ សម្របសម្រួលពី ព្រះរាជ្ញារងនៃអយ្យការ អមសាលាដំបូង រាជធានី ខេត្ត ទាំងពីរ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន ៥ គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ ។
គោលដៅទី១ សមត្ថកិច្ច បានបង្ក្រាប នៅចំណុចសួនច្បារមាត់ទន្លេមុខវាំង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀន ប្រមាណ ១ គីឡូក្រាម។ គោលដៅទី២ នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ ៦០២ ជាន់ទី៦ ផ្លូវលេខ ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀន ប្រមាណជាង ៣ គីឡូក្រាម។ គោលដៅទី៣ បានបន្តពន្លាតដែនដី ទៅខេត្តបន្ទាយមានជ័យ នៅចំណុចមុខសណ្ឋាគារ ហាក់ហួត ២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងចាប់យកសារធាតុញៀន ២០ កញ្ចប់ធំ ទម្ងន់ប្រមាណ ២០ គីឡូក្រាម។ គោលដៅទី៤ នៅចំណុចផ្ទះលេខ ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន ៣ កញ្ចប់ធំ ទម្ងន់ប្រមាណ ៣ គីឡូក្រាម និងគោលដៅទី៥ នៅចំណុចខ្ទមចម្ការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ និងដកហូតថ្នាំញៀន ២០ កញ្ចប់ធំ ទម្ងន់ប្រមាណ ២០ គីឡូក្រាម។
ជនសង្ស័យ ១១ នាក់ខាងលើៈ ទី១-ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ, ទី២-ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ, ទី៣-ឈ្មោះ ហេង សគុណ ភេទប្រុស អាយុ ៤៣ឆ្នាំ, ទី៤-ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ ៤១ឆ្នាំ, ទី៥-ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ, ទី៦-ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី៧-ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ, ទី៨-ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ទាំង៨នាក់នេះ ជាជនជាតិខ្មែរ, ទី៩-ឈ្មោះ WEERAPHAT HUN GRATHANAPONG SORN ភេទប្រុស អាយុ ៣៨ឆ្នាំ, ទី១០-ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ទាំងពីរនាក់នេះ ជាជនជាតិថៃ និងទី ១១-ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិវៀតណាម ។
ចំណែកវត្ថុតាងដែលរឹបអូសទាំង ៥ គោលដៅ រួមមានៈ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១គីឡូ និង ៩៥២ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូ និង ៨៥៨ ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១០៦ក្រាម, សរុប ៤៤ គីឡូ និង ៩១៦ ក្រាម, រថយន្ត ២គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី ១ដើម, គ្រាប់បែក ១គ្រាប់, ជញ្ជីងថ្លឹង ៣ គ្រឿង និងទូរស័ព្ទដៃ ៧ គ្រឿង ៕/V