ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ដោយសារតែ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការ​​ណ៍ នៃ​ការប្រកួត​កីឡា​អាស៊ី​ (Asian Games) ដែល​គ្រោង​នឹងធ្វើ នៅ​ឆ្នាំ​២០២២ នេះ នឹង​លើក​ទៅធ្វើ​នៅ​ឆ្នាំ​២០២៣ វិញ ។ ព្រឹត្តិការណ៍​នេះ នឹងធ្វើ​នៅ​ទីក្រុង Hangzhou​។ បើតាម​ការអះអាង​ពី ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ កញ្ញា ដល់​ថ្ងៃទី​៨ តុលា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​តាមពិតទៅ​ព្រឹត្តិការណ៍​នេះ ដំបូង​ឡើយ គ្រោង​នឹងធ្វើ​ឡើង នៅក្នុង​ខែកញ្ញា ឆ្នាំនេះ ប៉ុន្តែ​កាលពី​ខែឧសភា កន្លងទៅនេះ អ្នករៀបចំ​កម្មវិធី បានសម្រេច​ពន្យារពេល ដោយសារ​ចិន បាន​ព្យាយាម​ក្នុងការ​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ យ៉ាង​ធំ នៅក្នុង​តំបន់​ជាច្រើន នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​។​

OCA បាន​លើកឡើងថា កាលបរិច្ឆេទ​ថ្មី​នេះ ត្រូវបាន​ជ្រើសរើស កុំ​ឲ្យ​មានការ​ប៉ះពាល់ ទៅនឹង​ព្រឹត្តិការណ៍​កីឡា​ធំៗ​ដទៃទៀត​។ ព្រឹត្តិការណ៍ Asian Games ជាទូទៅ បាន​ទាក់ទាញ​អត្ត​ព​លិ​ក ជាង ១០.០០០ នាក់ មកពី​ទូទាំង​ទ្វីបអាស៊ី ចូលរួម ៕/V​