​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​បណ្ឌិត សេក សុជាតិ នាយក​ប្រតិបត្តិការ អង្គការ​ផ្លាស់ប្តូរ​ថ្ន​ត់​គំនិត និង​ជា​អ្នកវិភាគ បាន​ត្បក​ឲ្យ​ទណ្ឌិត​រត់ចោលស្រុក ដែល​បាន​ប្រតិកម្ម ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០ ថាៈ សមត្ថភាព​ថ្នាក់ដឹកនាំ នៅក្នុង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ឬក៏​គណបក្សប្រឆាំង គឺ​បង្ហាញ​អំពី​ទន់ខ្សោយ ឬក៏​ទន់ជ្រាយ មិនមាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការ​ប្រជែង​អំណាច ជាមួយនឹង​គណបក្សកាន់អំណាច ហើយ​បង្ហាញ​អំពី ភាពអវិជ្ជមាន​មួយចំនួន នៃ​មន្ត្រី​របស់​គណបក្សប្រឆាំង ហើយ​មិនគួរណា ធ្វើការ​ប្រកួតប្រជែង ឬក៏​ធ្វើការ​សម្តែង​មតិ​ពី​ចម្ងាយ ដើម្បី​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​អី​ទេ​។​

​លោក​បណ្ឌិត សេក សុជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែកក្កដា​ថាៈ ការលើកឡើង​របស់លោក សម រង្ស៊ី ទាក់ទង​ការធ្វើ​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០ នេះ គឺជា​រឿង​ត្រឹមត្រូវ​ហើយ ពីព្រោះ​គាត់​មើលឃើញថា វា​មាន​ភាពមិនប្រក្រតី​ខ្លះ គឺជា​រឿង​ចៀស​មិន​ផុត​ទេ ក៏ប៉ុន្តែ​អ្វីដែល យើង​សង្កត់ធ្ងន់ និង​អ្វីដែល​យើង​មើលឃើញ វែងឆ្ងាយ មានន័យថា សមត្ថភាព​ថ្នាក់ដឹកនាំ នៅក្នុង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ឬក៏​គណបក្សប្រឆាំង គឺ​បង្ហាញ​អំពី​ទន់ខ្សោយ ឬក៏​ទន់ជ្រាយ មិនមាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការ​ប្រជែង​អំណាច ជាមួយនឹង​គណបក្សកាន់អំណាច​។ ដូច្នេះ​បានត្រឹមតែ ប្រើ​វោហារ​ស័ព្ទ​នយោបាយ ដើម្បី​កែប្រែ​ស្ថានការណ៍ ហើយ​សម្តែង​ក្តី​ព្រួយបារម្ភ ជា​សាធារណៈ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់ឆ្នោត ឲ្យ​មើលឃើញថា គាត់​ជា​ជនរងគ្រោះ​ជាដើម​។​

​ប៉ុន្តែ​បើសិនជា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ច្រើនលើកច្រើនសារ​បែបនេះ គឺជា​ឱកាស​វិញ​ទេ នៅពេលដែល​មេដឹកនាំ​បក្ស​នៅក្រៅ​រដ្ឋាភិបាល ឬក៏​គណបក្សប្រឆាំង គួរតែ​ប្រើប្រាស់​នូវ សមត្ថភាព នៅក្នុង​ការតស៊ូ​មតិ​ឲ្យ​បាន​ខ្លាំងក្លា និង​លើក​អំពី​អំណះអំណាង​ឲ្យ​ចំៗ ធ្វើការ​តស៊ូ​មតិ​ជា​សាធារណៈ ហើយ​មិនមែន​ធ្វើ​ត្រឹមតែ​វោហា​ស័ព្ទ​នយោបាយ បន្តិចបន្តួច អាច​យកជ័យ​ជំនះ ឬ​ទទួល​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​នោះទេ​។​

​លោក​បណ្ឌិត សេក សុជាតិ បាន​បន្តថាៈ ក្នុងករណីនេះ លោក​មើលឃើញ​អំពី ភាព​អសកម្ម ហើយនឹង​អសកម្ម​ភាព នៃ​មន្ត្រី​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ក៏ដូចជា គណបក្សប្រឆាំង ដែល​គ្មាន​សមត្ថភាព នៅក្នុង​ការតស៊ូ​មតិ ជាមួយនឹង​គណបក្សកាន់អំណាច ដែល​គ្រប់គ្រង រដ្ឋាភិបាល គ្រប់គ្រង​ទាំង​រដ្ឋសភា ហើយ​ធ្វើ​វិសោធនកម្ម ទៅតាម​អ្វីដែល​ជាការ​ចង់បាន នេះ​ជា​ចំណុច ដែល​យើង​មើលឃើញ​។ ការណ៍​ទាំងអស់នេះ វា​បានបង្ហាញ​អំពី​ភាពអវិជ្ជមាន មួយចំនួន នៃ​មន្ត្រី​របស់​គណបក្សប្រឆាំង គួរតែ​ផ្លាស់ប្តូរ ហើយ​គួរតែ​កែប្រែ ហើយ​គួរតែ​រៀបចំខ្លួន ហើយ​ធ្វើ​ការតស៊ូ​មតិ ដោយ​ចំពោះមុខ ចំពោះ​ស្ថានការណ៍ ដោយ​លើក​នៅ​ហេតុផល​អំ​ណេះ​អំ​ណា​ង ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ ហើយ​មិនគួរណា ធ្វើការ​ប្រកួតប្រជែង ឬក៏​ធ្វើការ​សម្តែង​មតិ ពី​ចម្ងាយ ដើម្បី​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​អី​ទេ​។ ដូច្នេះ​លោក​គិតថា វា​គួរតែ​ជា​ឱកាស នៅក្នុង​ការកែប្រែ​ឥរិយាបទ របៀបរបប​នៃ​ការធ្វើ នយោបាយ​របស់​ពួកគាត់ ដើម្បី​កុំ​ឲ្យ​រូបភាព​នៅ​ដដែលៗ ហើយ​លទ្ធផល ក៏​មិនមាន​ការផ្លាស់ប្តូរ ។ មានតែ​មនុស្ស ដែលមាន​ជំងឺសរសៃប្រសាទ​ទេ ឬក៏​មនុស្ស​មិន​គ្រប់ទឹក​ទេ ដែល​គិតថា ធ្វើ​ដដែលៗ ហើយ​អាច​ទទួលបាន​លទ្ធផល​ថ្មី​នោះ ដូច្នេះ​វា​ទៅ​មិន​រួច​ទេ​។​

​សូមជម្រាបថា អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន កម្ពុជា កាលពី​ថ្ងៃទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ បាន​គាំទ្រ​ទាំងស្រុង​សំណើ​វិសោធនកម្ម លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ គឺ​៖ (​ទី​១)-​ការធានា​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិ ដែលមាន​បេសកកម្ម​ចម្បង ក្នុងការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ មានដំណើរ​ការប្រព្រឹត្ត​ទៅ ដោយ​រលូន និង​ប្រកបដោយ​និរន្តរភាព នៅ​គ្រប់​កាលៈទេសៈ និង (​ទី​២)- ការធានា​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព នយោបាយ​របស់​ប្រទេសជាតិ នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ជា​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ ប្រទេសជាតិ លើ​គ្រប់​វិស័យ និង​សេចក្តីសុខសាន្ត របស់​ប្រជាជន​កម្ពុជា​។​

​ដោយឡែក គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា​មួយចំនួន ទៅ​រដ្ឋសភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី​កិច្ចប្រជុំ ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត​ទាំងស្រុង​៕/V​