សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​កងទ័ព​កម្ពុជា​-​ថៃ រួមគ្នា​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កាន់តែ​ធំ​

1047
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានផ្តល់​អនុសាសន៍​ឲ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ឲ្យ​បានល្អ​នៅតាម​ព្រំដែន ដើម្បី​ចូលរួម​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​កំណើន​កាន់តែ​ធំ និង ធានាបាន​នូវ​ស្ថិរភាព ។ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ៦.០០០ លាន​ដុល្លារ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​បែបនេះ​ទៅកាន់ លោកនាយ​ឧត្ដម​ន​សេនីយ៍ តាន​ឆៃ​យ៉ាន ស្រ៊ី​សូវ​ណ្ណ Tarnchaiyan SrisuWan អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ភូមិន្ទ​ថៃ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​នា​ល្ងាច​ថ្ងៃទី ២២ ខែ មិថុនា​នេះ​នៅ​វិមាន​សន្តិភាព​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖ លោក​ឧ​ត្ត​ម​សេនីយ៍ តាន​ឆៃ​យ៉ាន បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​កម្ពុជា​នាពេលនេះ​គឺ​ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោកនាយ​ឧ​ត្ត​ម​សេនីយ ប៉ុល សារឿន និង ជាពិសេស​ការធ្វើ​គារវកិច្ច​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងពេលដែល​រូបលោក​ត្រូវបាន​ជ្រើសតាំង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពល​ភូមិន្ទ​ថៃ​។ លោក​បាន​បន្តថា​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក​ក៏បាន​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន អំពី​លទ្ធផល នៃ​ជំនួប​របស់លោក​ជាមួយ​សម្តេច​ទៀ បាញ់​និង លោកនាយ​ឧ​ត្ត​ម​សេនិយ៍ ប៉ុល សារឿន ។

លោក តាន​ឆៃ​យ៉ាន បន្តថា​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ ដើម្បី​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផង និង ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​សម្រាប់​ភាគី​កងទ័ព នៃ​ប្រទេស​ទាំងពីរ​ផង​។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការរីករាយ និង​មោទនភាព​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រ សាសន៍​បន្តថា​នៅពេលនេះ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរបាន​ឈានដល់​ជាង​៦​ពាន់​លាន​ដុល្លារ តាមរយៈ​នេះ​គ​ម្បី​ណា​ភាគី​ទាំងពីរ​ពិសេស​កងទ័ព នៃ​ប្រទេស​ទាំងពីរ​រួមគ្នា​យកចិត្តទុកដាក់​គាំទ្រ​ធ្វើយ៉ាងណា​ឲ្យ កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​រយះពេល​វែង ។

​សម្តេច​តេ​ជោ​មានប្រសាសន៍​ដែរ​ថា​កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ពីរ​គឺ​ទី​១.​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍន៍ និង ទី​២.​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ក្លាយទៅជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ និង មួយវិញទៀត​គឺ​ជំរុញ​ការតភ្ជាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ប្រជាជន​និង​ប្រជាជន ដើម្បី​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថេរភាព ជាប្រចាំ​សម្រាប់​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម