ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី សង្ឃឹមថានឹង​ប្រជែង​បាន មេដាយមាស ប្រភេទ​វិញ្ញាសា ហែល​ពាក់​ជើង​ទា នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។​

​ក្រោយ​ដណ្ដើមបាន មេដាយ​សំរឹទ្ធិ ១​គ្រឿង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម ឆ្នាំ​២០២២ លោក​អគ្គលេខាធិការ បានដាក់​ក្ដី​សង្ឃឹមថា តាមរយៈ​ការខិតខំ​បញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហ្វឹកហាត់​ក្រៅ​ស្រុក និង​ក្នុងស្រុក​។​

​លោក​បាន​បន្តថាៈ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក្នុងនាម​ជា​ ​ម្ចាស់ផ្ទះ កម្ពុជា​រៀបចំ​វិញ្ញាសា ចំនួន​៤ ដាក់​ឲ្យ​ប្រកួត​គឺ​វិញ្ញាសា​ហែល​ទឹក វិញ្ញាសា​ហែល​ជើង​​ទា (Fin Swimming) វិញ្ញាសា​លោតទឹក និង វិញ្ញាសា​បាល់​ទឹក (Water Polo) ។ នៅក្នុង​វិញ្ញាសា​នីមួយៗ មាន​ច្រើន​វិញ្ញាសា​បន្ថែមទៀត ។​

​កម្ពុជា បាន​រង់ចាំ ក្នុងការ​ប្រជែង​មេដាយ​ស៊ី​ហ្គេម ត​ជំនាន់​គឺ អស់​រយៈពេល​ជាង ៤០ ឆ្នាំ​ ​ទើប​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នេះ​ទេ ដែល​កម្ពុជា ប្រជែង​បាន​មេដាយសំរិទ្ធ មួយគ្រឿង​នោះ ដែល​នោះ​ជា​មេដាយសំរិទ្ធ បានមកពី​ការប្រកួត​កីឡាហែលទឹក​ពាក់​ជើង​ទា នេះ​តែម្ដង​។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​ប្រភេទ​កីឡា​ហែល​ពាក់​ជើង​ទា (Fin Swimming) នេះ កម្ពុជា​បានដាក់​ក្ដី​សង្ឃឹមថា នឹង​ប្រជែង​យក​មេដាយមាស ឲ្យ​ទាល់ តែ​បាន​។ កាល​ស៊ី​ហ្គេម ទី​៣១ កម្ពុជា មិន​ត្រឹមតែ​ហ្វឹកហាត់ មិនបាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ខ្វះខាត នូវ​សម្ភារៈ​ហ្វឹកហាត់​ទៀតផង ។​

​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជា មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់ ចំពោះ សម្ភារៈ​វិញ ក៏មាន​អាច​សមល្មម សម្រាប់​ការហ្វឹកហាត់ បែបនេះហើយ ទើប​កម្ពុជា ដាក់​ក្ដីសង្ឃឹម លើ​វិញ្ញាសា​ហែល​ពាក់​ជើង​ទា​នេះ​៕/V​